​​សំណង់​អគារ​​​​ចាស់​​​​ៗ​បែប​បារាំង​​ ក្នុង​ខេត្ត​បាត់​ដំបង​មាន​ប៉ុន្មាន​?​

សំណង់​អគារ​ចាស់​​ៗ​បន្សល់​ទុក​​កាល​​ពី​សម័យ​អាណានិគមនិយម​បារាំង​ ក្នុង​ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​មាន​​ប្រមាណ​ ៨០០​​ ។ អគារ​ទាំង​៨០០​នោះ​ ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​​ ជា​​អគារ​ពាណិជ្ជកម្ម​ អគារ​រដ្ឋបាលខេត្ត​​​ និង​​​កន្លែង​ស្នាក់​នៅ​។ នេះ​បើ​យោង​តាម​លោក​​ ងួន​ រតនៈ អភិបាល​ខេត្ត​បាត់ដំបង​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​​ពី​ថ្ងៃទី​១៣ ខែ​ឧសភា ម្សិលមិញ​នេះ។​

សំណង់​អគារ​ចាស់​ទាំងអស់ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ជា​ខ្លាំង​ពិសេស​​ ​អ្នក​ទេសចរ​ចូល​និវត្ត​​មក​ពី​តំបន់​អឺរ៉ុប។

​​​លោក​បាន​បន្ថែម​ថា​ កន្លង​មក​ការ​គ្រប់​គ្រង​សំណង់​មាន​ត្រឹម​អនុក្រឹត្យ​​ ខណៈ​​ខាង​ក្រសួង​​​វប្បធម៌​មាន​​​ច្បាប់​​ការ​ពារ​បេតិកភណ្ឌ​​​។ ​​​​ផ្នែក​ពាក់ព័ន្ធ​នៅ​ខ្វះ​​ខាត​​ឯក​សារ​គតិយុត្តិ​មួយចំនួន​​​ ដើម្បី​ការពារ​សំណង់​បេតិកភណ្ឌ​។​ ដូច្នេះ​​​អ្វី​ដែល​លំបាក​អគារ​ទាំង​៨០០​នេះ​ ត្រូវ​​​អភិរក្ស​ទាំង​អស់​ ឬ​មាន​​​​ការ​​បែង​ចែក​ចំណាត់​ថ្នាក់​​​ A​ ​ B ​និង​​C​ ដោយ​ចំណាត់​ថ្នាក់​ A ត្រូវ​អភិរក្ស​ ១០០%​ ចំណាត់​ថ្នាក់​ B គួរ​រក្សា​ខាង​ក្រៅ​​កែ​ខាង​ក្នុង​បាន​​ និង​ចំណាត់​ថ្នាក់ C ​​អាច​វាយ​ចោល​ រួចសង់ដូច​ដើម​វិញ​។​ ដូច្នេះ​​​ផ្នែក​​ពាក់ព័ន្ធ​​ត្រូវ​សិក្សា​ច្រើន​ទៀត​​ ខណៈ​ចំណុច​នេះ​ រដ្ឋបាល​ខេត្ត​ធ្លាប់​បាន​ប្រជុំ​ជាមួយ​នឹង​អន្តរ​ក្រសួង​​នា​ពេល​​កន្លង​មក​ ​មាន​ក្រសួង​រៀបចំ​ដែន​ដី ​ ក្រសួង​វប្បធម៌ និង​​ក្រសួង​ទេសចរណ៍ ​ក្នុង​ទិស​ដៅ​​ ប្រែ​ក្លាយ​​ទីក្រុង​បាត់ដំបង​​នេះ​ជា​ទីក្រុង​បេតិកភណ្ឌ​​។

“ដូច្នេះ​យើង​ចេះ​តែ​ពន្យល់​ប្រជាពលរដ្ឋ​អំពី​តម្លៃ​​នៃ​​​ការ​អភិរក្ស​ កាល​​មុន​ពិបាក​ ពិបាក​យ៉ាង​ម៉េច​?​​ ​សំណង់​សុទ្ធ​តែ​​មាន​អាយុ​កាល​​ ១០០​ឆ្នាំ​ជាង​​ ទៅ​ជិត​​១០០​ឆ្នាំ​ ឧទាហរណ៍​ថា​ ដំបូល​​លេច​ធ្លាយ ​លេច​ទឹក​​ ហើយ​​សម្ភារ​ហ្នឹង​ធ្វើ​តាំង​ពី​សម័យ​បារាំង​ ឥឡូវ​ពុំ​មាន​សិប្ប​កម្ម​ណា​ធ្វើ​ជំនួស​វិញ​ទេ​ យើង​អត់​ទាន់​មាន​​គោល​នយោបាយ​ធ្វើ​អា​ហ្នឹង​ តម្រូវ​ឱ្យ​​ធ្វើ​គាត់​​លុះ​ត្រា​តែ​មាន​អី​ឱ្យ​គាត់​។ យើង​ចង់​ឱ្យ​គាត់​ចូល​រួម​​ តើ​យើង​មាន​អី​ឱ្យ​គាត់​?​​ចំណុច​ហ្នឹង​ធ្វើ​អត់​បាន​ទេ។ អញ្ចឹង​កន្លង​ទៅ​មាន​​ការ​លំបាក​​​។ ប៉ុន្តែ​ឥឡូវ​ឃើញ​មាន​​​ការ​ប្រែ​ប្រួល​​​ បន្ទាប់​ពី​មាន​​ការ​ផ្សព្វផ្សាយ​”។ 

ដោយ​​ធ្លាប់​​ឆ្លង​​​កាត់​​ការ​ដាក់​អាណានិគម​និយមបារាំង​ ​សំណង់​អគារ​ចាស់​​ៗ​ជា​ច្រើន​​ ខ្ទង់​រយឆ្នាំ​មាន​ច្រើន នៅ​រាជធានី​ភ្នំពេញ​​ ក្រចេះ ​កំពត និង​ខេត្ត​បាត់​ដំបង​ ដែល​ចាំ​បាច់​​ត្រូវ​​ធ្វើ​​ការ​អភិរក្ស​ ព្រោះ​​បាន​ផ្ដល់​ប្រយោជន៍​ផ្នែក​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ទេសចរណ៍ ​ទាំង​សម្រាប់​ម្ចាស់​សំណង់ ​និង​សម្រាប់​ប្រទេស​ជាតិ​៕

អត្ថបទ៖ នីតា

ចុចអាន៖ ក្រុម​ការងារ​​បច្ចេកទេស​ចាប់​ផ្ដើម​​​​សិក្សា​លើ​គម្រោង​ស្តា​ឡើងវិញ​​ប្រលាន​​យន្តហោះ​ខេត្ត​បាត់​ដំបង​​