BREAKING NEWS
Search

កម្ពុជា ចាត់ទុកវ៉ាក់សាំងកូវីដ-១៩ ជាទំនិញរួម​សម្រាប់​សកលលោក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោម​ប្រ​ធានបទ «ភាពស្អិតរមួត និងការឆ្លើយតប» នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះ បានអំពាវនាវ​ឲ្យចាត់​ទុក​វ៉ាក់សាំង​កូវីដ-១៩ ជាទំនិញសម្រាប់សកលលោក។

នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​ថា ការរាតត្បាតនៃជំងឺកូវីដ-១៩ បាននាំ​មកនូវបញ្ហាប្រឈមមួយចំនួន ដែលមិនធ្លាប់មានពីមុនមក ដូចជា បញ្ហា​សុវត្ថិភាព​សុខភាព​សាធារណៈ ការ​បង្អាក់​ការប្រមូលផ្ដុំ និង ដំណើរការនៃច្រវាក់​ផ្គត់ផ្គង់​សកល ក៏ដូចជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសង្គម និង ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលោក។

សម្ដេចតេជោ មានប្រសាសន៍ទៀតថា ក្នុង​បរិការណ៍​នេះ ការឆ្លើយតបរួម និងសាមគ្គីភាពជាសកល លើ​មូល​ដ្ឋាន​ពហុភាគីនិយម ជាពិសេសក្រោម​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ពិតជាមានភាព​ចាំបាច់មិន​អាច​ខ្វះ​បាន។

សម្ដេចនាយករដ្ឋមន្រ្តី បានប្រសាសន៍ដែរថា ​កាលៈទេសៈ​នេះ មិនមែនជាពេល​សម្រាប់​ចោទប្រកាន់គ្នា រើស​អើង ឬបែងចែក​សម្ព័ន្ធ​មិត្តគ្នា ដោយផ្អែកលើ​របៀបវារៈ​នយោបាយណាមួយនោះឡើយ ហើយ     កម្ពុជា គាំទ្រ​យ៉ាងពេញទំហឹងចំពោះ​អាណត្តិ​ធម្មនុញ្ញ​របស់អង្គការសុខភាពពិភពលោក(WHO) ដែលកំពុងដើរតួនាទី​ស្នូល​ក្នុងការដឹកនាំប្រយុទ្ឋប្រឆាំងជាសកល នឹងជំងឺរាតត្បាតនេះ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យចាត់ទុកវ៉ាក់សាំង ជាទំនិញសម្រាប់សកលលោក ដែលប្រជាជន​គ្រប់​រូបក្នុងសកលលោកអាចទទួលយកបាន។

មកដល់ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២០នេះ ជំងឺកូវីដ-១៩ បានចម្លងមនុស្សចំនួន៩,៥៨លាននាក់ នៅទូទាំង​សកលលោក បណ្ដាលឲ្យមានអ្នកស្លាប់ចំនួនជាង៤៩ម៉ឺននាក់ និងបានសះស្បើយ ជាង៤,៨លាននាក់ ក្នុង​នោះ សហរដ្ឋអាមេរិក មានអ្នកឆ្លង និងស្លាប់ដោយសារកូវីដ-១៩ ច្រើនជាងគេ៕


ចុចអាន៖ ពលរដ្ឋកម្ពុជាចំនួន១៥៨នាក់ នឹងចាកចេញពីប្រទេសម៉ាឡេស៊ី មកដល់ទីក្រុងភ្នំពេញនៅព្រឹក ថ្ងៃទី២៦ ខែមិថុនា