សុខ ពិសី គាំទ្រ​សម្ដី ខេមរៈ សិរីមន្ត អង្វរ​ឲ្យ​បញ្ឈប់​បរិភោគ​សាច់​ឆ្កែ​ ដែល​ជា​សត្វ​ស្មោះត្រង់​នឹង​ម្ចាស់

ភ្នំពេញ ​៖​ បន្ទាប់ពី​តារា​ចម្រៀង​ប្រុស​ដែល​ត្រូវជា​រៀមច្បង​សិល្បៈ​លោក ខេមរៈ សិរីមន្ត បាន​ប្រកាស​អំពាវនាវ​ស្នើ​ឲ្យ​មហាជន​បញ្ឈប់​ការទិញ​លក់ ​ឬ​បរិភោគ​សាច់​ឆ្កែ​ ដែល​ជា​សត្វ​ស្មោះត្រង់​ជាមួយ​ម្ចាស់​នោះ ​គេ​កត់​សម្គាល់​ឃើញ​មាន​ទស្សនិកជន​មួយ​ចំនួន​ធំ​ បាន​នាំ​គ្នា​គាំទ្រ​និង​យល់ឃើញ​ដូច​តារា​ប្រុស​រូប​នេះ។

​ការ​អំពាវនាវ​របស់​តារា​ចម្រៀង​លំដាប់​ប្រទេស​លោក ខេមរៈ សិរីមន្ត នេះ​គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ជនខិលខូច​ បាន​ធ្វើ​ការ​លួច​ទាក់​សត្វ​ឆ្កែ​របស់​លោក​ដែល​កំពុង​ចិញ្ចឹម​កូន​រហូត​ទៅដល់​៦​ក្បាល​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​តារា​រូប​នេះ​កើត​ក្តី​អាណិតអាសូរ​ចំពោះ​កូន​ឆ្កែ​ដែល​ត្រូវ​បាន​កំព្រា​មេ​របស់​វា​ព្រោះតែ​ការ​លួច​ទាក់​ពី​សំណាក់​ជន​អនាមិក​យក​ទៅ​លក់​ផង​នោះ​។

​ស្រប​ពេល​ដែល​មានការ​គាំទ្រ​ចំពោះ​សម្ដី​លើកឡើង​និង​អំពាវនាវ​របស់​លោក ខេមរៈ សិរីមន្ត នេះ​ដែរ​ភ្លាមៗ​ គេ​សង្កេតឃើញ​តារា​ស្រី​ល្បី​ប្រចាំ​ផលិតកម្ម​សាន់ដេ កញ្ញា សុខ ពិសី ក៏បាន​ចេញ​សារ​គាំទ្រ​ និង​អំពាវនាវ​ស្រដៀង​គ្នា​នឹង​តារា​រៀមច្បង​លោក ខេមរៈ សិរីមន្ត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការទិញ​លក់​ និង​បរិភោគ​សាច់​ឆ្កែ​ផង​ដែរ​។

​កញ្ញា សុខ ពិសី បាន​លើក​ឡើង​ថា ​សូម​អាណិត​មេត្តា​ផង បញ្ឈប់​ការ​ជួញដូរ​និង​បរិភោគ​សាច់​ឆ្កែ​ទៅ​ឲ្យ​នាង​ខ្ញុំ​សូម​អង្វរ។ បន្ថែម​ពីលើ​នេះ​តារា​ស្រី​កញ្ញា សុខ ពិសី ធ្លាប់​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​ដែរ​ថា​នាង​ពិតជា​មិន​ចង់​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នាំគ្នា​បរិភោគ​ឬ​លក់ដូរ​សាច់​ឆ្កែ​ដែល​ជា​សត្វ​ស្មោះត្រង់​ម្ចាស់ ​និង​អាច​ជួយ​ចាំ​ផ្ទុះ​នោះ​ទេ​។

​កញ្ញា សុខ ពិសី បាន​បន្ត​ថា​ សម្រាប់​សត្វ​ឆ្កែ​គឺ​ខ្លួន​នាង​ពិតជា​ស្រលាញ់​ ហើយ​អាណិត​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នាំគ្នា​ទទួលទាន​ ហើយ​ចាប់​សត្វ​ឆ្កែ​ដែល​ជា​សត្វ​ជួយ​យាម​ផ្ទះ​នេះ​លក់​ទៅ​ឲ្យ​កន្លែង​អាជីវកម្ម​សាច់​ឆ្កែ​នោះ​។ ​ម្យ៉ាង​នាង​ក៏​អំពាវនាវ​ផង​ដែរ​ចំពោះ​អ្នក​ដែល​ចូលចិត្ត​ដើរ​លួច​ និង​ទាក់​សត្វ​ឆ្កែ​នៅ​ពេល​យប់​ បើ​​​សិន​ជា​បញ្ឈប់​បាន​ មេត្តា​ឈប់​ទៅ​គឺ​នាង​អង្វរ​ដោយ​ទទូច​ចំពោះ​ករណី​នេះ​៕


អត្ថបទ៖ ចាន់​រ៉ា