រដ្ឋបាល​ខេត្ត​ព្រះសីហនុ រៀបចំ​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជូន​កុមារ​កំព្រា ១២០​នាក់ ក្នុង​ខេត្ត​ព្រះសីហនុ

ព្រះសីហនុ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​មន្ទីរ​និង​ស្ថាប័ន​ជំនាញ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ បាន​រៀបចំ​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជូន​ដល់​កុមារ​កំព្រា​ក្នុង​ខេត្ត​ព្រះសីហនុ។

ពិធី​ជួបជុំ​នេះ ​បាន​ធ្វើឡើង នៅ​មណ្ឌល​កុមារ​កំព្រា​ក្រុងព្រះសីហនុ ស្ថិតនៅ​សង្កាត់ លេខ​៣ ក្រុង ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី លោកស្រី ហៀក ហ៊ី​មុ​ល្លី អភិបាលរង​ខេត្ត​ព្រះសីហនុ មន្ត្រីរាជការ​ក្នុង​ខេត្ត​ព្រះសីហនុ និង​អាជ្ញាធរ​ក្រុង ស្រុក។ លោក សម សភា ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធជន​និង​យុវនីតិសម្បទា​មានប្រសាសន៍ថា ការរៀបចំ​សំណេះសំណាល និង​អាហារ​សាមគ្គី​សម្រាប់​កុមារ​កំព្រា​នៅ​ខេត្ត​ព្រះសីហនុ មកពី​៧ មណ្ឌល ចំនួន ១១១​នាក់។

​ក្នុង​នោះ​មណ្ឌល នៃ​បុរី​កុមារ​កំព្រា​របស់​រដ្ឋ​ចំនួន ២១​នាក់ យុវជន ១១​នាក់​, មណ្ឌល​ស្នាក់នៅ​បណ្ដោះអាសន្ន​អង្គការ​ម្លប់​តាប៉ាង​ចំនួន ១៧​នាក់​, មណ្ឌល​ផ្ទះ​នៃ​គ្រួសារ​ចំនួន ២០​នាក់​, មណ្ឌល​កុមារ​កំព្រា​ក្រុងព្រះសីហនុ AOG ចំនួន ២៩​នាក់​, មណ្ឌល​ទឹក​គ្រោះ​ចំនួន ១០​នាក់​, មណ្ឌល​ក្តី​សង្ឃឹម​ថ្មី​ចំនួន ៣​នាក់ និង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​របប​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ជូន​ដល់​យុវជន ជា​អតីត​កុមារ​កំព្រា​រស់​នៅ​ក្នុង​មណ្ឌល​បុរី​កុមារ​ខេត្ត​ព្រះសីហនុ ចំនួន ១១​នាក់ ដែល​ត្រូវ​ធ្វើ​សមាហរណកម្ម​ទៅ​រស់នៅ​ជា​គ្រួសារ និង​សង្គម។ លោក​បន្ត​ថា មន្ទីរ​ជា​អ្នក​ផ្ដល់​ព្រឹក្សា​សម្រាប់​មណ្ឌល​នីមួយៗ​ក្នុង​ការ​មើល​ថែទាំ អប់រំ​កុមារ ស្របតាម​បទដ្ឋាន​បច្ចេកទេស​របស់​ក្រសួង ។

​លោកស្រី ហៀក ហ៊ី​មុ​ល្លី​ អភិបាលរង​ខេត្ត​ព្រះសីហនុ មានប្រសាសន៍​សំណេះ សំ​ណា​ល​ជាមួយ​ក្មួយ​ៗ​កុមារ​កំព្រា​ដោយ គូសបញ្ជាក់​ថា ដោយសារ​ការ​ផ្ដួចផ្ដើម​របស់​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ យក​ថ្ងៃ​ទី​១៤ ជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​សម្រាប់​កុមារ​កំព្រា​ខេត្ត​ព្រះសីហនុ ដើម្បី​បង្កើន​នូវ​ភាព​កក់​ក្ដៅ​រវាង​ថ្នាក់ដឹកនាំ ចំពោះ​ក្មួយ​ៗ​កុមារ​កំព្រា​មកពី ៧​មណ្ឌល​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្លើយតប​ទៅ​នឹង​ភាព​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ចំពោះ​កុមារ​កំព្រា​ទាំងអស់ ។ ព្រមទាំង​ធ្វើការ​ផ្ដាំ​ផ្ញើ​ឲ្យ​ក្មួយ​ត្រូវ​ខិតខំ​រៀន​សូត្រ​ប្រតិបត្តិ​ខ្លួន​ឲ្យ​ក្លាយ​ខ្លួន​ជា​កុមារ​ល្អ ៣​យ៉ាង គឺ​សិស្ស​ល្អ កូន​ល្អ និង​មិត្ត​ល្អ ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ក្នុង​ការ​ចូលរួម​ចំណែក​កសាង​សង្គម​គ្រួសារ និង​សង្គមជាតិ ត្រូវ​ចេះ​សាមគ្គីភាព​ផ្ទៃក្នុង ជួយ​គ្នា​ទៅវិញទៅមក ពិសេស​ត្រូវ​ថែទាំ​សុខភាព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ១១​ចំណុច ដើម្បី​ទប់ស្កាត់​បង្ការ​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី។

នៅ​ចុង​ពិធី​នេះ​ដែរ គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក៏​បាន​អញ្ជើញ​មក​សំណេះសំណាល​ជាមួយ​កុមារ និង​ប្រធាន​មណ្ឌល​តាម​ការ​គ្រោងទុក ដើម្បី យក​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ ជា​ថ្ងៃបុណ្យ នៃ​ក្តី​ស្រឡាញ់​សម្រាប់​កុមារ​កំព្រា​ក្នុង​ខេត្ត​ព្រះសីហនុ ព្រមទាំង​បាន​ណែ​នាំ​ឲ្យ​ប្រធាន​មណ្ឌល​នីមួយៗ​ត្រូវ យកចិត្តទុកដាក់​ប្រមូល​កុមារ​កំព្រា​របស់​យើង យក​មក​អប់រំ ថែទាំ​កុមារ​ឲ្យ​បាន​ល្អ ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​គ្រប់​ប្រភេទ ក្លាយ​ខ្លួន​ជា​កូន​ល្អ សិស្ស​ល្អ និង​ពលរដ្ឋ​ល្អ​នៅ​ថ្ងៃ​ខាងមុខ ។​ ក្នុង​ឱកាស​នោះ ក៏បាន​ឧបត្ថម្ភ​ថវិកា ជូន​ដល់​កុមារ​កំព្រា ក្នុង​ម្នាក់ ២​ម៉ឺន​រៀល ដោយឡែក​កុមារ ១១​នាក់ ដែល​ត្រូវ​ធ្វើ​សមាហរណកម្ម​ទៅ​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ និង​សង្គម ក្នុង​ម្នាក់​ទទួល​បាន​អង្ករ ២៥​គីឡូក្រាម ប៊ីចេង ១​កញ្ចប់ មី ១​កេស និង​ថវិកា ១.០៨០.០០០​រៀល ៕

អត្ថបទ៖ ស៊ុយ ចាន់​ធា​