សម្ដេចតេជោ អំពាវនាវឲ្យពលរដ្ឋមានការប្រុង​ប្រយ័ត្ន​ខ្ពស់ ពីការឆ្លងមេរោគកូវីដ-១៩
BREAKING NEWS
Search

សម្ដេចតេជោ អំពាវនាវឲ្យពលរដ្ឋមានការប្រុង​ប្រយ័ត្ន​ខ្ពស់ ពីការឆ្លងមេរោគកូវីដ-១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២០នេះ បានអំពាវនាវដល់​ប្រជា​ពល​រដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ចៀសវាង​ការឆ្លង​មេរោគកូវីដ-១៩ ។

សម្ដេចបានមានប្រសាសន៍ទៀតថា កម្ពុជាទោះបីមិនសូវទំនើបដូចគេ ក៏ប៉ុន្តែយើងបានខិតខំពង្រឹងការ​ត្រួត​ពិនិត្យសុខភាពប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរចេញចូលក្នុងប្រទេសគ្រប់ច្រកទាំងអស់ ទាំងតាមដែនគោក និងតាមព្រលានយន្តហោះ ដែលគ្រប់ៗគ្នាត្រូវតែទទួលបានការពិនិត្យសុខភាព (Health Screening) ដោយ​អនុវត្តខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្ដេច បានមានប្រសាសន៍រំលឹកថា ចាប់តាំងពីថ្ងៃទី ២០ ខែ ឧសភា កន្លងទៅនេះ កម្ពុជា​បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ថ្មីចំនួន ៧នាក់ ហើយនៅថ្ងៃទី ២៦ ខែ មិថុនា កន្លងមកនេះ គឺបានរកឃើញអ្នកឆ្លងកូវីដថ្មី ៩នាក់ថែមទៀត ដែល​ពួកគាត់ទើបបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។ ដូច្នេះសរុបមកកម្ពុជា​មានចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ ទាំងអស់សរុបចំនួន ១៣៩នាក់ ហើយព្យា​បាល​ជា​សះស្បើយ​បាន ១២៩នាក់ នឹងកំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យសូវៀតចំនួន ១០នាក់។ ជំងឺកូវីដ-១៩ នៅតែជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុតដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយ។

ថ្ងៃនេះតួលេខពីអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា នៅក្នុងប្រទេសចំនួន ២១៦ គឺមាន​អ្នកឆ្លងមេរោគកូវីដ១៩ បានកើនឡើងរហូតដល់ 9,473,214 នាក់ និងមានអ្នកស្លាប់ 484,249 នាក់។

ដើម្បីសុខភាពល្អ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ សូមបងប្អូនរស់នៅមានអនាម័យល្អ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ ហើយត្រូវតែពាក់​ម៉ាស​ជាប្រចាំ។ កុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩អោយសោះ។

ចំពោះទីកន្លែងដែលមានចំនួនមនុស្សប្រមូលផ្តុំច្រើនដូចជាទីផ្សារ ផ្សារទំនើប ហាងទំនិញលក់ដូរតាមផ្លូវតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋនិងឯកជន គឺត្រូវតែ​មានជែល ទឹកអាល់កុល និង​ម៉ាសដើម្បីឲ្យពលរដ្ឋនិងអតិថិជនប្រើប្រាស់កុំឲ្យឆ្លងរោគពីម្នាក់ទៅម្នាក់ និង​ត្រូវការពារប្រសើរជាងព្យាបាល៕