ជនជាតិ​រុស្សី​២​នាក់​ វាយ​ប្លន់​ជនជាតិ​រុស្សី​ដូចគ្នា​ បណ្ដាល​ឲ្យ​រង​របួស​ពេញ​ខ្លួន ​និង​ជំរិត​ទារ​ប្រាក់​២ពាន់​ដុល្លារ

កំពង់ធំ ​៖ ​​តាម​សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច​ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចំណា​ក្រោម​​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​មករា​នេះ​ថា កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ​ឆ្នាំ​២០២០​ វេលា​ម៉ោង​២២​និង០០នាទី​យប់​ សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចំណា​ក្រោម ភូមិសាស្ត្រ ស្រុក​ស្ទោង បាន​ចេញ​ល្បាត តាម​ដង​ផ្លូវ​ជាតិ​លេខ​៦ ត្រង់​ចំណុច ភូមិ​ស្ពាន​គ្រង ឃុំ​ចំណា​ក្រោម ​ហើយ​បាន​ប្រទះឃើញ​ជនបរទេស​១​នាក់ មាន​ស្លាក ស្នាមរបួស​ជាច្រើន​កន្លែង តែ​មិន​មាន​ឈាម​(​របួស​ចាស់​)។ ពេល​នោះ ​សមត្ថកិច្ច​នគរបាល បាន​បញ្ជូន​ជនរងគ្រោះ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ស្រុក​ស្ទោង តែ​ពេទ្យ​ស្រុក​បាន​បញ្ជូន​ជនរងគ្រោះ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ធំ។

ឆ្លងតាម​ការ​សាកសួរ​យក​ព័ត៌មាន​ពី​ជនរងគ្រោះ ​ឈ្មោះ Anton ​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​រុស្សី​ស្នាក់នៅ​ភូមិ​កំពង់បាយ​ជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា មាន​ជនជាតិ​រុស្សី ២ នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​បបួល​ខ្លួន​ផឹកស៊ី​នៅ​ហាង​ជាប់មាត់​សមុទ្រ ហើយ​បាន​ចាប់​​ខ្លួន​ធ្វើ​ទារុណកម្ម និង​បង្ខាំង​ក្នុង​រថយន្ត​ចំនួន៣ថ្ងៃ ​រួច​​​យក​ប្រាក់​ចំនួន​២០០០$ និង​ទូរសព្ទ​ដៃ​ចំនួន​២ គ្រឿង។ ក្រោយ​មក ​ពួកវា​បាន​ដឹក​​ខ្លួន​មក​ទម្លាក់​ចោល​នៅ​ចំណុច​ខាងលើ​(​ដោយ​ស្មាន ថាខ្លួន​ស្លាប់​) ​​ហើយ​បន្ត​ដំណើរ​តាម​រថយន្ត​វែ​ន​តូច ឆ្ពោះ​ទៅកាន់​ខេត្តសៀមរាប។

ក្រោយ​​​ស្ដាប់​​​អំពី​ដំណើររឿង​ហេតុ​ និង​ឆ្លងតាម​ការពិនិត្យ​ស្លាកស្នាម​របួស​លើ​ដងខ្លួន​ជនរងគ្រោះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជនរងគ្រោះ​ បាន​រង​របួស​ពេញ​ខ្លួន ​ដោយសារ​អំពើ​ធ្វើ​ទារុណកម្ម​ក្នុង ករណី​ចាប់ជំរិត​ទារប្រាក់។

ករណីនេះ សមត្ថកិច្ច​នគរបាល​​ កំពុង​ចាត់ការ​តាម​នីតិវិធី​បន្ត រីឯ​ជនរងគ្រោះ​កំពុង​ត្រូវបាន​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ធំ។ បញ្ជាក់​ជនរងគ្រោះ​ពុំមាន​ឯកសារ​អ្វីមួយ​នៅជាប់​នឹង​ខ្លួន​ទេ។

លោក យ៉ង សំ អធិការ ស្រុក​ស្ទោង បាន​ឲ្យ​ដឹង​ថា រហូតមកដល់​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២០​នេះ ជនរងគ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​ខេត្ត​កំពត​វិញ​ហើយ ក្រោយពី​សម្រាក​ព្យាបាល​នៅ​ពេទ្យ​បង្អែក​ខេត្ត​រយៈពេល​២​ថ្ងៃ​រួចមក។ ចំណែក​ ជនសង្ស័យ​ត្រូវ​បាន​ស្នងការ​ខេត្ត​កំពង់ធំ ទំនាក់ទំនង​ សហការ​ជាមួយ​ស្នងការ​ខេត្ត​កំពត បន្ត​ស្រាវជ្រាវ​​ ​​​មក​ផ្ដន្ទាទោស​តាមច្បាប់៕
ប៊ុន រដ្ឋា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114