BREAKING NEWS
Search

អត់ពាក់ម៉ាស​ ត្រូវឃាត់មិនឱ្យឡើងឡានក្រុងក៏ព្រួតគ្នាវាយអ្នកឃាត់ដល់ដាច់សសៃឈាមខួរក្បាល

ប៉ូលីសនៅភាគនិរតីនៃក្រុង​ Bayonneប្រទេស​បារាំង បាននិយាយថា អ្នកបើកបរឡានក្រុងម្នាក់បានដាច់សសៃឈាម​ខួរក្បាលបន្ទាប់ពីត្រូវបានគេវាយធ្វើបាបកាលពីល្ងាចថ្ងៃអាទិត្យព្រោះតែខិតខំ​ព្យាយាមការពារអ្នកដំណើរ។

អ្នកបើកបរឡានក្រុងដែលរងគ្រោះ បានព្យាយាមឃាត់បុរសម្នាក់មិនឱ្យឡើងជិះឡានក្រុងដោយសារគាត់មិនមានពាក់ម៉ាស់បាំងមុខ។ បុរសដដែលក៏បានស្នើដល់អ្នកដំណើរ ៤ នាក់ផ្សេងទៀត ដែលមិនបានពាក់ម៉ាស់ឱ្យចុះពីលើឡានក្រុងដូចគ្នា។

ហេតុផលនោះហើយ​ដែលធ្វើឱ្យអ្នកបើករថយន្ដក្រុងមានអាយុជាង ៥០ ឆ្នាំនោះត្រូវបានគេដាល់ម្តងហើយម្តងទៀតដោយរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ។

សេវាកម្មអយ្យការបាននិយាយថាបុរសម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យហើយមនុស្ស ៤ ផ្សេងនាក់ទៀតត្រូវបាននាំខ្លួនទៅកាន់មន្ទីរឃុំឃាំងកាលពីថ្ងៃច័ន្ទ។

ប្រទេសបារាំងរួមជាមួយបណ្តាប្រទេសជាច្រើនទៀតនៅអឺរ៉ុប បានកំណត់ការពាក់ម៉ាសមុខជាកាតព្វកិច្ច ក្នុងការ​ឡើងជិះលើមធ្យបាយ​ដឹកជញ្ជូនសាធារណៈនានា។

អភិបាលក្រុង Bayonne Jean-Rene Etchegaray បាននិយាយទៅកាន់បុគ្គលិកក្រុមហ៊ុនឡានក្រុងថា“ យើងបានឃើញនូវអំពើហឹង្សានិងសាហាវព្រៃផ្សៃនេះ តែដាច់ខាត ជនល្មើសត្រូវតែទៅកាន់តុលាការផ្តន្ទាទោសធ្ងន់ធ្ងរ »។

បន្ទាប់ពីឧប្បត្តិហេតុនោះ មិត្តរួមការងាររបស់អ្នកបើកបរជាច្រើនបានឈប់ធ្វើការ ដោយចេញតវ៉ារំខានដល់សេវាកម្មរថយន្តក្រុងក្នុងតំបន់ទាំងមូល។

ប្រែសម្រួល សុភា

ប្រភព AFP

ចុចអាន ទ្រាំនឹង​ការឆ្លងមិនបាន អ៊ីស្រាអែលចាប់ដាក់កម្រិតសង្គមឡើងវិញ