BREAKING NEWS
Search

លោកជំទាវ ម៉ែន សំអន​៖ ភាព​ជោគជ័យ​របស់​ម​ន្ត្រី​អធិការកិច្ច គឺជា​កាយវិការ​មួយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ត្រួតពិនិត្យ ការ​គ្រប់​រដ្ឋ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​

​ភ្នំពេញ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែង​ថា ភាព​ជោគជ័យ​របស់​ម​ន្ត្រី​អធិការកិច្ច គឺជា​កាយវិការ​មួយ​ដ៏​មាន​សារៈសំខាន់ សម្រាប់​ត្រួតពិនិត្យ ការ​គ្រប់​រដ្ឋ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យ​ភាព តាមរយៈ​ការ​ធ្វើ​អធិការកិច្ច​លើ​គ្រប់​វិស័យ សំដៅ​បង្ការ ទប់ស្កាត់ កែលំអ និង​មាន​វិធានការ ដើម្បី​ប្រឆាំង​អំពើពុករលួយ ការរំលោភ​ដោយ​អំណាច និង​បាតុភាព​អសកម្ម​នានា តាមរយៈ​ជំនាញ​ផ្នែក​ច្បាប់​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ខណៈ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ស្តីពី​វឌ្ឍនៈភាព​របស់​ក្រសួង​ដែល​បាន​អនុវត្ត​រយៈពេល ៦​ខែ​កន្លងមក និង​លើក​ទិសដៅ​អនុវត្ត​បន្ត ដែល​ពិធី​ត្រូវបាន​រៀបចំ​នៅ​ទីស្តីការក្រសួង នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២០។​

​ក្នុង​ពិធី​នោះ​ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​លោកស្រី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​ដ្ឋាន​រដ្ឋបាល ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​ដ្ឋា​ន​អធិការកិច្ច ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​ដ្ឋា​ន​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​លោកនាយក​ខុទ្ទកាល័យ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន កោត​សសើរ​ដល់​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការ​ ដែល​កន្លងមក​បាន​ចូលរួម​យ៉ាងសកម្ម​ ក្នុង​ភារកិច្ច​ការងារ​ជំនាញ​រៀងខ្លួន​រួម​នឹង​ការទប់ស្កាត់​ ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​តាម​គោលការណ៍​ណែ​នាំ​របស់​ក្រសួងសុខាភិបាល​ផង​ដែរ​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​អបអរសាទរ ចំពោះ​សិក្ខាកាម​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​ជំនាញ​ជា​បន្តបន្ទាប់​ដោយ​ជោគជ័យ។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​យ៉ាង​ច្បាស់​ថា ភាព​ជោគជ័យ​របស់​ម​ន្ត្រី​អធិការកិច្ច គឺជា​កាយវិការ​មួយ​ដ៏​មាន​សារៈសំខាន់ សម្រាប់​ត្រួតពិនិត្យ ការ​គ្រប់​រដ្ឋ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យ​ភាព តាមរយៈ​ការ​ធ្វើ​អធិការកិច្ច​លើ​គ្រប់​វិស័យ សំដៅ​បង្ការ ទប់ស្កាត់ កែលំអ និង​មាន​វិធានការ ដើម្បី​ប្រឆាំង​អំពើពុករលួយ ការរំលោភ​ដោយ​អំណាច និង​បាតុភាព​អសកម្ម​នានា តាមរយៈ​ជំនាញ​ផ្នែក​ច្បាប់​។ ប៉ុន្តែ​មិនមែន​ការ​វែក​រក​កំហុស ដើម្បី​រិះគន់​រាជរដ្ឋាភិបាល​នោះ​ទេ គឺ​មន្ត្រី​មាន​តួនាទី​ធ្វើជា​សេនាធិការ​ដើម្បី ចូលរួម​បំពេញ​បន្ថែម សម្រាប់​ឈាន​ទៅ​សម្រេច​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែល​មាន​អភិបាលកិច្ច​ល្អជា​ស្នូល​តែម្ដង​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ក្រើនរំលឹក​ដល់​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​របស់​ក្រសួង​ទំនាក់ទំនង ក៍​ដូច​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ត្រូវ​គោរព​និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល និង ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​បង្ការ និង​ការពារ​នូវ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ពិសេស​រលក​ទី​២ ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការ​រាតត្បាត​យ៉ាង​ខ្លាំង​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​៕
អត្ថបទ៖ វិមាន​