ព័ត៍មានទាន់​ហេតុការណ៏
Search

១០​ចំណុច​ ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ អុំទូក ​

ភ្នំពេញ ៖ ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ ​អុំទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ, គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​បាន​ធ្វើ​ការ​ណែនាំ​ចំនួន​១០​ចំណុច​សម្រាប់​អនុវត្ត ​ក្នុង​ពេល​បើកបរ។

ភ្ជាប់​ជា​មួយនឹង​បុណ្យ​ឯករាជ្យ​ជាតិ និង​ពិធី​ពិសា​អំបុក​ខ្មែរ-​ថៃ​ ជាតិ សាសនា ព្រះមហាក្សត្រ ចាប់ពី​ថ្ងៃ​សៅរ៍ ១៣​កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព​.​ស .២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​០៩ រហូតដល់ ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន​ជា​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់ មេត្តា​ចូលរួម​ចំណែក​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ថែរក្សា ការពារ​ការបាត់បង់​អាយុជីវិត និង​កាយសម្បទា​មនុស្ស​ជាទី​ស្រឡាញ់ ឬ​រង​របួស ពិការ បាត់បង់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​ឯកជន ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​សូម​យកចិត្តទុកដាក់​លើកកម្ពស់​ការប្រុងប្រយ័ត្ន​ក្នុងពេល​ធ្វើដំណើរ​តាម​ផ្លូវថ្នល់ ចំនួន​១០​ចំណុច ៖
១-​ត្រូវ​ពាក់មួក​សុវត្ថិភាព​ដែលមាន​គុណភាព​ឲ្យ​បាន​ត្រឹមត្រូវ​ជានិច្ច ក្នុង​ពេល​ធ្វើដំណើរ​តាម​ទោចក្រ​យាន​យន្ត​។​
២-​មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ ព្រោះ​អាច​បាត់បង់​ស្មារតី​គ្រប់គ្រង​យានយន្ត​ពេល​ជួប​ឧបសគ្គ ជាយថាហេតុ​។​
៣-​មិនត្រូវ​បើកបរ ក្រោយ​ការ​ពិសា​គ្រឿង​ស្រវឹង​។
៤-​ត្រូវគោរព​សិទ្ធិ​អាទិភាព ដោយ​ត្រូវ​ទុកឲ្យ​អ្នកបើកបរ​ផ្លូវធំ ហើយ​ត្រង់​ទៅមុន គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជានិច្ច​។
៥-​ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ច​ក្នុងពេល​ធ្វើដំណើរ​តាម​រថយន្ត​។
៦-​មិនត្រូវ​បត់ ឬ វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន និង មិនត្រូវ​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​បន្ត​សំឡេង​ក្នុង​ពេល​បើកបរ។
៧-​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ឲ្យ​បាន​ម៉ត់ចត់ ពិសេស​ពិនិត្យ​កង់ ចង្កូត ហ្វ្រាំង ភ្លើង​បំភ្លឺ…​។​ល​។
៨-​មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​សំពីងសំពោង​លើស​ចំនួន​ផ្ទុក ឬ​លើស​ទម្ងន់​កំណត់​ក្នុង​ច្បាប់ និង​សូម​មេត្តា​កុំ​ដំឡើង​ថ្លៃ​ដឹកជញ្ជូន។​
៩-​មិនត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ងងុយ ​ជាដាច់ខាត​។
១០-​ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ប្រកបដោយ​សីលធម៌ យោគយល់​អធ្យាស្រ័យ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114