BREAKING NEWS
Search

កម្សត់​ណាស់! ជុំ លី​ណូ ទម្លាយ​សាច់រឿង​Cover​ បទ ទំនួញ​អក​ឈ្មោល ផ្ទុះ​ការ​គាំទ្រ​កក្រើក​ពេញ​បណ្ដាញ​សង្គម

ភ្នំពេញ​ ៖​ ថ្វីត្បិតតែ​បច្ចុប្បន្ន ​អតីត​តារា​ចម្រៀង​របស់​ផលិតកម្ម​សាន់​ដេ ​លោក ជុំ លី​ណូ បាន​ដក​ខ្លួន​មក​ប្រើ​សិទ្ធិ​ផ្ទាល់ខ្លួន​ជា​អ្នកចម្រៀង​ឯករាជ​មិន​ជា​ប់​កុងត្រា​(​កិច្ចសន្យា​)​ជាមួយ​ផលិតកម្ម​ណាមួយ​ក៏ពិតមែន​ តែ​ជាការ​កត់សម្គាល់​ សន្ទុះ​ នៃ​ការគាំទ្រ​ និង​ប្រជាប្រិយភាព​របស់​តារា​ប្រុស​រូប​នេះ​ នៅតែ​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ស្រទាប់​មហាជន​​​គ្រប់​មជ្ឈដ្ឋាន​។​

គេ​ចាំ​បាន​ថា​ តារាចម្រៀង​ចូលចិត្ត​លេង​ស្តាយ​បែប​ក្រមិចក្រមើម​ លោក ជុំ លី​ណូ បន្ទាប់ពី​ដកខ្លួន​ចេញពី​ទ្រនំ​សាន់​ដេ ​ភ្លាមៗ​នោះ​ លោក​ក៏បាន​បណ្ដែត​ខ្លួន​ចូល​ផលិតកម្ម​ថ្មី​មាន​ ឈ្មោះថា​ដាយ​មិន​។​

ប៉ុន្តែ​ក្រោយពេល​ចូលខ្លួន​នៅក្នុង​ផលិតកម្ម​នេះ​ បាន​មួយរយៈ​ពេល​ខ្លី​ លោក​ក៏បាន​សម្រេចចិត្ត​ផ្តាច់​កុងត្រា​ឈប់​ច្រៀង​នៅក្នុង​ផលិតកម្ម​មួយ​នេះ ​ខណៈដែល​បច្ចុប្បន្ន​ លោក ជុំ លី​ណូ បាន​ប្រើ​សិទ្ធិ​ជា​តារាចម្រៀង​ឯករាជ​តាមរយៈ​ការធ្វើ​បទ​ចម្រៀង​ខ្លួនឯង​។​

ជាក់ស្តែង​កន្លងមក​ តា​រា​ចម្រៀង​មាន​ប្រជាប្រិយភាព​ លោក ជុំ លី​ណូ បាន​បញ្ចេញ​ស្នាដៃ​ នៃ​បទ​ចម្រៀង​របស់ខ្លួន​ជា​បន្តបន្ទាប់ ​ដើម្បី​ប្រជែង​យក​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​នៅលើ​ទីផ្សារ​ចម្រៀង​បច្ចុប្បន្ន​។ ​មិនតែប៉ុណ្ណោះ​ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ​លោក ជុំ លី​ណូ ក៏​ទើបតែ​ទម្លាយ​នូវ​សាច់រឿង​ដ៏​កម្សត់ នៃ​ចម្រៀង​Cover ​មរតក​ដើម​ គឺ​បទ ទំនួញ​អក​ឈ្មោល នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​យូ​ធូប​។​

ជាមួយគ្នា ​នៃ​ការបញ្ចេញ​ផ្សព្វផ្សាយ​សាច់រឿង​យ៉ាង​កម្សត់ ​បង្កប់​អត្ថន័យ​ខ្លោចផ្សា ​ព្រោះតែ​នារី​ជា​ប្រពន្ធ​សម្រេចចិត្ត​ចាកចេញពី​ប្តី​ និង​កូនស្រី​ទៅរក​ប្រុស​ថ្មី​របស់ លោក ជុំ លី​ណូ នេះដែរ ​ភ្លាមៗ​នោះ​គេ​សង្កេត​ឃើញ​មានការ​គាំទ្រ​ និង​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​។​ ម្យ៉ាងទៀត​ក៏មាន​ការបន្ត​សែរ​ចែក​រំលែក​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​យូ​ធូប​ផងដែរ​។​

តាមរយៈ​សាច់រឿង​ដ៏​កម្សត់ នៃ​ចម្រៀង​Cover​ មរតក​ដើម​ គឺ​បទ ទំនួញ​អក​ឈ្មោល ពី​សំណាក់​លោក ជុំ លី​ណូ នេះដែរ​ មិន​ត្រឹមតែ​មានការ​គាំទ្រ​ខ្លាំង​នោះទេ ​ក៏មាន​ទស្សនិកជន​ជាច្រើន​បាន​ចូល​Comment លើក​សរសើរ​ថា ​សំឡេង​របស់ លោក ជុំ លី​ណូ នៅតែ​ពីរោះ ​ទោះបីជា​យក​បទ​ មរតក​ដើម​មក​Cover ​យ៉ាង​នេះ​ក្តី​។​ ចំណែក​ឯ​ខ្លះទៀត​ បានលើកឡើង​ដែរ​ថា​សំឡេង លី​ណូ​ ច្រៀង​បទ​ពី​ដើម​ពីរោះ​ណាស់ ចេញ​បទ​ពី​ដើម​ឲ្យ​ច្រើនៗ​មក​។​

សូម​បញ្ជាក់​ថា​ តារា​ចម្រៀង​ដែល​កន្លងមក​ដណ្តើម​បាន​ទីផ្សារ​គាំទ្រ​ច្រើន​ពី​សំណាក់​មហាជន​តាម​រយៈ​បទ​ចម្រៀង​នៅ​ក្នុង​ផលិតកម្ម​សាន់​ដេ​ លោក ជុំ លី​ណូ ទោះបីជា​បច្ចុប្បន្ន​លោក​ប្រែ​ក្លាយខ្លួន​ជា​តារា​ចម្រៀង​ឯករាជ​ក៏ពិតមែន ​ប៉ុន្តែ​តារា​ប្រុស​រូបនេះ​នៅតែ​ឆក់​បាន​បេះដូង​គាំទ្រ​ពី​មហាជន​គ្រប់​ស្រទាប់​វ័យ​។ ​មិនតែប៉ុណ្ណោះ​ លោក ជុំ លី​ណូ ក៏​នៅតែ​រក្សា​បាន​ប្រជាប្រិយភាព ​និង​ការ​លើក​សរសើរ​ពី​អត្តចរិត​ផងដែរ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114