BREAKING NEWS
Search

សម្ដេច​ប្រធានរដ្ឋសភា ផ្ដល់​អនុសាសន៍​មួយ​ចំនួន​ដល់​សមាជិក សភា​ស្ត្រី​APPF ដើម្បី​លើកកម្ពស់​សមភាព​យ៉េន​ឌ័​រ​

សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ និង​ជា​ប្រធាន​វេទិកា​សភា​អាស៊ី​-​ប៉ាស៊ីហ្វិក បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក​កិច្ចប្រជុំ​សមាជិកសភា​ស្ត្រី​APPF កាលពី​រសៀល​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​សៀម រាប​។​

នៅក្នុង​កិច្ចប្រជុំ​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើក​ឡើងពី​សារៈសំខាន់​របស់​ស្ត្រី​នៅ​ក្នុង​សង្គម ប៉ុន្តែ​សម្តេច​បាន​លើក​ឡើង​ថា ដោយសារ​ការរីកចម្រើន​ខ្លាំង​ខាង​បច្ចេកវិទ្យា សកម្មភាព​ជ្រុលនិយម ការប្រកាន់ ពូជសាសន៍​ជាដើម បាន​ក្លាយជា​ឧបសគ្គ​ដល់​ការងារ​ខិតខំ​ប្រឹង ប្រែង​លើក​កម្ពស់​ស្ត្រី ​និង​កុមារ​។

សម្តេច​បាន​លើកឡើងថា ស្ថិតក្នុង​ស្ថានការណ៍​សកល លោក​បែបនេះ ទាមទារ​ឲ្យ​APPF ត្រូវតែ​បន្ត​ផ្តោត​អារម្មណ៍ និង​បង្កើន​កិច្ចសហការ ប្រឹងប្រែង​របស់​យើង​ទ្វេដង​ច្រើនឡើង​ថែមទៀត ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សុខសន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់​សកលលោក និង​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ ដោយ​បង្កើតឲ្យ​មាន​យន្តការ​តាមដាន វាយ​តម្លៃ​ និង​រៀនសូត្រ​អំពី​សមភាព​យេនឌ័រ នៅក្នុង​វេទិកា​សភា​អាស៊ី​-​ប៉ាស៊ីហ្វិក សម្រាប់​តាមដាន​ពី​ការអនុវត្ត​សេចក្តីសម្រេច​ស្តីពី​ការផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី និង​សមភាព​យេនឌ័​រ និង​ផ្តល់​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការ​សហ​ប្រ ជា​ជាតិ ជាពិសេស​គោលដៅ​ទី​៥​។

សម្តេច​ក៏បានផ្តល់​អនុ​សាសន៍​មួយ​ចំនួន​ដល់​កិច្ចប្រជុំ​ដើម្បី​ពិចារណា ដែល​មាន​ដូចជា ទី​១-​គួរ​បង្កើត​ឲ្យ​មាន​ក្រុម​ការងារ​សម្រាប់​សិក្សា​អំពី​ផល​ប៉ះពាល់ នៃ​បដិវត្ត ឧស្សាហកម្ម ទី​៤ ជា​ពិសេស​ផល​ប៉ះពាល់​មកលើ​ស្ត្រី និង​ក្មេង​ស្រី និង​រៀបចំ​បង្កើត​យុទ្ធសាស្ត្រ​មួយ ដែល​ផ្តល់​លទ្ធភាព​ឲ្យ​ស្ត្រី អាច​ផ្លាស់ប្ដូរ​ស្ថានភាព​របស់ខ្លួន​ទៅតាម​បដិវត្តន៍ ឧស្សាហកម្ម និង​ទាញយក​អត្ថប្រយោជន៍​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ទាំងនោះ​។ ទី​២-​ត្រូវបង្កើត​ឲ្យ​មាន​គោល​នយោបាយ​អប់រំ​ប្រកប ដោយ​ចីរភាព និង​ទូលំ ទូលាយ និង​ត្រូវ​បែង ចែក​ថវិការដ្ឋ​ឲ្យ​បាន​ច្រើន​សម្រាប់​ជំរុញ​ការអប់រំ​ស្ត្រី​វ័យក្មេង នៅ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (​ស្ទែ​ម​)​។

ការអប់រំ​ជា​ឧបករណ៍​ស្នូល​ប្រកប​ដោយ​ថាមពល​ខ្លាំងក្លា ដែល​អាច​ផ្តល់​លទ្ធភាព និង​ផ្តល់​ភាព​អង់​អាច​ដល់​ស្ត្រី និង​ក្មេងស្រី​ទូទៅ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សក្ដានុពល​របស់​ខ្លួន​។ ទី​៣-​សូម​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ ជាពិសេស​ការអប់រំ​មូលដ្ឋាន​សម្រាប់​ក្មេងស្រី ដែល​រស់នៅ​តំបន់​ដាច់ ស្រយាល និង​ក្មេងស្រី​ងាយ​រងគ្រោះ នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​សកលលោក។ ទី​៤,រាល់​ប្រព័ន្ធ​គាំពារ​សង្គម​ទាំងអស់ គួរ​បង្កើន​មូលនិធិ និង​ការយកចិត្តទុកដាក់​សម្រាប់​ស្ត្រី និង​ក្មេង ស្រី និង​ជាពិសេស​ជន​ដែល​រងគ្រោះ​ដោយ​ប្រធាន​សក្ដិ​ផ្សេងៗ។

សូមជម្រាបថា កិច្ចប្រជុំ​សមាជិកសភា​ស្ត្រី​APPF ជា​កិច្ចប្រជុំ​មួយ​ក្នុងចំណោម​វិស័យ​នានា​ដែល​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ APPF លើក​ទី​២៧ ត្រូវ​លើក​មក​ជជែក​ពិភាក្សា​ដែលមាន​ដូចជា វិស័យ​នយោបាយ សេដ្ឋកិច្ច សន្តិសុខ ជាដើម​។ បន្ទាប់ពី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ប្រកាស​បើក​កិច្ចប្រជុំ​សមាជិក​សភា​ស្ត្រី APPF រួចហើយ កិច្ចប្រជុំ​នេះ បាន​បន្ត​ពិភាក្សា​ទៀត ក្រោម​ការដឹកនាំ​កិច្ចប្រជុំ ដោយ​លោក​ជំទាវ ឃួន សុ​ដា​រី អនុប្រធាន​ទី​២ ​នៃ​រដ្ឋសភា និង​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​សមាជិកសភា​ស្ត្រី APPF​។ កិច្ចប្រជុំ​សមាជិកសភា​ស្ត្រី APPF បាន​ធ្វើការ​ពិភាក្សា​លើ​ប្រធានបទ​ចំនួន​បី មាន​ប្រធានបទ​ទី​១ ការ​ពង្រឹង​ភាពជា​ដៃគូ​ នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​សមភាព​យេនឌ័រ និង​ការ​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ ប្រធានបទ​ទី​២ ការធានា​នូវ​សមភាព​រវាង​ស្ត្រី និង​បុរស ឲ្យ​ទទួលបាន​ការអប់រំ ការ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​បច្ចេកវិទ្យា​ព័ត៌មាន ដើម្បី​សន្តិភាព និង​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ប្រធាន​ទី​៣ គឺ លើកកម្ពស់ សមភាព​យេនឌ័រ និង​ការផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី​តាមរយៈ​ការបង្កើន​ការចូលរួម​របស់​ស្ត្រី​ក្នុង​ការធ្វើ​សេចក្ដីសម្រេច​នៅ​គ្រប់​កម្រិត​។

​កិច្ចប្រជុំ​ក្រោម​ការដឹកនាំ​របស់ លោក​ជំទាវ ឃួន សុ​ដា​រី បាន​ពិភាក្សា​លើ​ប្រធានបទ​ចំនួន​៣ ដោយ​បាន​ពិភាក្សា​មួយ​ម្តងៗ ដោយបាន​ផ្តល់ឱកាស​ប្រទេស​សមាជិក​ចូលរួម​បញ្ចេញមតិ​យ៉ាង​ផុលផុស​។

លោកជំទាវ ឃួន សុ​ដា​រី បាន​គូសបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​លើក​ទី​២៧​នេះ កិច្ចប្រជុំ​សមាជិកសភា​ស្ត្រី បានទទួល​សេចក្ដីព្រាង​សេចក្តីសម្រេច​ចំនួន​បី ពី​ប្រតិភូ​សភា​កម្ពុជា សេចក្ដីព្រាង​សេចក្តី​សម្រេច​ចំនួន​ពីរ ពី​សហព័ន្ធ​រុស្សី សេចក្ដីព្រាង​សេចក្តីសម្រេច​ចំនួន​មួយ ពី​ប្រទេស​ឈី​លី សេចក្ដីព្រាង​សេចក្តីសម្រេច​ចំនួន​មួយ ពី​ប្រទេស​អូស្ត្រាលី សេចក្ដីព្រាង​សេចក្តីសម្រេច​ចំនួន​មួយ និង​ពី​ប្រទេស​ម៉ាឡេស៊ី​ចំនួន​មួយ​។

សេចក្ដីព្រាង​សេចក្តី​សម្រេច​ទាំងនេះ នឹង​ត្រូវ​លើក​យក​ទៅ​ជជែក​បន្តទៀត​នៅក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ ដែល​កម្ពុជា​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​នាពេលនេះ និង​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត​៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114