BREAKING NEWS
Search

សម្តេច​តេ​ជោ​សន្យា​ថា នឹង​ចរចា​ជាមួយ​មេដឹកនាំ​ចិន ដើម្បី​កៀរគរ​កម្ចីសម្បទាន​ក្នុង​ការ​ត​បណ្ដាញ​អគ្គិសនី​ឲ្យ​គ្រប​ដណ្តប់​ទូទាំង​ប្រទេស

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍ថា​ ក្នុង​ជំនួប​ចរចា​ជាមួយ​មេដឹកនាំ​ចិន​ទាំងអស់ និង​ផ្តោត​ទៅ​លើ​ការ​កៀរគរ​ជំនួយ​ជា​កម្ចីសម្បទាន​ដើម្បី​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។ ដោយ​សម្តេច​អះអាង​ថា ​រាជរដ្ឋាភិបាល​មាន​ចក្ខុវិស័យ​នៃ​ការ​បញ្ចុះតម្លៃ​អគ្គិសនី​បន្ត​ទៀត ​នៅ​ឆ្នាំ​២០២១​ដើម្បី​ឲ្យ​តម្លៃ​អគ្គិសនី​កាន់តែ​ចុះថោក​ថែមទៀត​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​ប្រាប់​ដល់​និស្សិត​កម្ពុជា​ចំនួន ៤៦៨ នាក់​ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស​ចិន ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះ​សំ​ណា​ល​ កាលពី​ល្ងាច​ថ្ងៃទី ២០ ខែមករា។ នេះ​បើ​យោង​ប្រភពពី​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា “​ដំណើរ​ទស្សនកិច្ច​រប​ស់​ស​ម្តេច​មកកាន់​ប្រទេស​ចិន​នៅ​ពេល​នេះ​ សម្តេច​នឹង​ជួប​ចរចា​ជាមួយ​ភាគី​ចិន​ទាំងអស់​ក្នុង​ការ​កៀរគរ​រក​កម្ចីសម្បទាន​ក្នុង​ការ​ត​បណ្តាញ​ចែកចាយ​អគ្គិសនី​ឲ្យ​បាន​គ្រប់​ដ​ណ្តា​ប់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​តម្លៃ​អគ្គិសនី​កាន់តែ​ចុះថោក​នៅ​បណ្តា​ឆ្នាំ​ខាងមុខៗ​សំដៅ​បែងចែក​ផ្លែផ្កា​នៃ​កំណើនសេដ្ឋកិច្ច​និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​”​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បន្ត​ថា ​រាជរដ្ឋាភិបាល​មាន​ចក្ខុវិស័យ​ក្នុង​ការ​បញ្ចុះតម្លៃ​អគ្គិសនី​បន្ត​ទៀត​ នៅ​ឆ្នាំ​២០២១​ ដើម្បី​ឲ្យ​តម្លៃ​អគ្គិសនី​កាន់តែ​ចុះថោក​ថែមទៀត។

​គួរ​រំលឹក​ជូន​ថា​ នៅក្នុង​ពិធី​សម្ពោធ​វា​រី​អគ្គិសនី​សេ​សាន្ត​ក្រោម​២ ក្នុង​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី ១៧ ខែ ធ្នូ​ឆ្នាំ ២០១៨ ប្រមុខ​រាជរដ្ឋាភិបាល​ធ្លាប់​បាន​ថ្លែង​ឲ្យ​ដឹង​ថា ទស្សនកិច្ច​របស់​សម្តេច​ទៅកាន់​ប្រទេស​ចិន ការចរចា​នឹង​ផ្តោត​ទៅ​លើ​ការ​ស្នើសុំ​ឥណទាន​យ៉ាង​គំហុក​មួយ​ដើម្បី​ត​បណ្តាញ​អគ្គិសនី​។ សម្តេច​បាន​លើក​ឡើង​ថា ​ក្រៅពី​ការ​កសាង​ផ្លូវថ្នល់ ការកសាង​ប្រឡាយទឹក យើង​ត្រូវការ​នូវ​ទុន​ដើម្បី​កសាង​នូវ​បណ្តាញ​ចែកចាយ​អគ្គិសនី​។ មិត្ត​ចិន​បាន​មក​វិនិយោគ​វា​រី​អគ្គិសនី​ចំនួន ៧ រួច​មក​ហើយ នៅក្នុង​ខេត្តកំពង់ស្ពឺ​មាន ២ (​គិរី​រម្យ ១ និង​គិរី​រម្យ ៣)​។ នៅ​កំពត​១ វា​រី​អគ្គិសនី​កំចាយ​។ នៅ​កោះកុង​មាន ៣ មាន​អា​តៃ​, ឫស្សី​ជ្រុំ និង​តា​តៃ និង នៅ​ស្ទឹងត្រែង សេសា​ន្ត​។

បើ​យោង​តាម​អាជ្ញា​អគ្គិសនី​កម្ពុជា​ប​ច្ចុ​ប្បន្ន​ បណ្តាញ​អគ្គិសនី​ជាតិ​បាន​គ្រប់គ្រង​រហូត​ទៅដល់ ៩៦%​ប៉ុន្តែ​នៅសល់ ១២ ចំណុច​ដែល​នៅ​ប្រើប្រាស់​អគ្គិសនី​ដែល​ឯកជន​ផលិត​តម្លៃ​ក្នុង​ចន្លោះ​ជាង ២-៣ ពាន់​រៀល​/​គីឡូវ៉ាត់ម៉ោង​។ បើ​គិត​ជា​ភាគរយ​នៃ​ភូមិ​ដែល​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​មាន​ទៅដល់​ក្នុងចំណោម ១២.៣០៥ ភូមិ​ត្រូវជា ៨៦,៨៥% នៃ​ភូមិ​ទាំងអស់​មាន​អគ្គិសនី​ប្រើប្រាស់​ហើយ​។

ក្នុង​ឆ្នាំ​២០១៩ នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បញ្ចុះតម្លៃ​ភ្លើង​ដោយ​បែង​ចែកជា ៦ ប្រភេទ នៃ​អ្នកប្រើប្រាស់​។​ ប្រភេទ​ទី​១. អ្នកប្រើប្រាស់​ធំៗ​គ្រប់​ប្រភេទ​ដែល​ទិញ​ពី​អនុ​ស្ថានីយ​ក្នុង​ហ្នឹង​ទិញ​តាម​ទ្វារ​ចរន្ត​តង់ស្យុង​ខ្ពស់​ដែល​ពេល​បច្ចុប្បន្ន​នេះ​កំពុង​មានតម្លៃ ០,១២៤០$/​គីឡូវ៉ាត់ម៉ោង​(៥០៣៛) និង​ចុះទៅ ០,១១៧០$/​គីឡូវ៉ាត់ម៉ោង​(៤៧០៛)​នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ ២០២០​រក្សា​តម្លៃ​នេះ​ដដែល​។​ អ្នកទិញ​តាម​ទ្វារ​ចរន្ត​តង់ស្យុង​មធ្យម​អនុ​ស្ថានីយ​ក្នុង​ភ្នំពេញ​ដែល​ពេលនេះ​កំពុង​អនុវត្ត​តម្លៃ ០,១៤៧៥$/​គីឡូវ៉ាត់ម៉ោង​(៥៩៨៛) និង​ចុះ​ទៅដល់​០,១៣៥០$/​គីឡូវ៉ាត់ម៉ោង​(៥៤៧៛)​។ ​នៅ​ឆ្នាំ២០១៩​និង​នៅ​ឆ្នាំ​២០២០​គឺ ០,១៣៣០$/​គីឡូវ៉ាត់ម៉ោង​(៥៣៩៛)​។​អ្នកទិញ​តាម​ទ្វារ​ចរន្ត​តង់ស្យុង​មធ្យម​នៃ​អនុ​ស្ថានីយ​តាម​ខេត្ត​ដែល​ពេលនេះ​កំពុង​អនុវត្ត​ថ្លៃ​០,១២៦០$/​គីឡូវ៉ាត់ម៉ោង​(៥១១៛)​ឆ្នាំ​២០១៩​នឹង​ចុះ​ដល់​០,១២២០$/​គីឡូវ៉ាត់ម៉ោង​(៤៩៥៛) ហើយ​នៅ​ឆ្នាំ ២០២០ តម្លៃ​នៅ​រក្សា​ដដែល​។

តម្លៃប្រើប្រាស់​អគ្គិសនី​ប្រភេទ​ទី ២ ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម​។ អ្នកប្រើប្រាស់​ប្រភេទ​ឧស្សាហកម្ម​ដែល​ទិញ​តាម​ខ្សែ​បញ្ជូន​រង​និង​តាម​ខ្សែ​តង់ស្យុង​មធ្យម​នៃ​តំបន់​ចែកចាយ​ពេលនេះ​កំពុង​អនុវត្ត ០,១៦៥០$/​គីឡូវ៉ាត់ម៉ោង​(៦៧៦៛)​នៅ​ទីក្រុង​ភ្នំពេញ និង​០,១៦៤០$/ គីឡូវ៉ាត់ម៉ោង​(៦៧២៛) នៅតាម​ខេត្ត​នឹង​ចុះទៅ​០,១៤៧០$/​គីឡូវ៉ាត់ម៉ោង​(៥៩៥៛)​នៅ​ឆ្នាំ​២០១៩​និង​ទៅដល់​០,១៤៦០$/​គីឡូវ៉ាត់ម៉ោង​(៥៩២៛)​នៅ​ឆ្នាំ​២០២០​។

​តម្លៃប្រើប្រាស់​អគ្គិសនី​ប្រភេទ​ទី ៣ ក្នុង​ពាណិជ្ជកម្ម​និង​រដ្ឋបាល​។​អ្នកប្រើប្រាស់​ប្រភេទ​ពាណិជ្ជកម្ម និង​រដ្ឋបាល​ដែល​ទិញ​តាម​ខ្សែ​បញ្ជូន​រង​និង​ខ្សែ​តង់ស្យុង​មធ្យម​ពេលនេះ​កំពុង​ប្រើ​០,១៦៥០$/​គីឡូវ៉ាត់ម៉ោង​(៦៧៦៛) នៅ​ទីក្រុង​ភ្នំពេញ​ថ្លៃ​ជាង​បន្តិច​នៅតាម​ខេត្ត ០,១៦៤០$/​គីឡូវ៉ាត់ម៉ោង​(៦៧២៛) នឹង​ចុះ​ទៅដល់ ០,១៥៩០$/​គីឡូវ៉ាត់ម៉ោង​(៦៤០៛) នៅ​ឆ្នាំ ២០១៩ នឹង​បន្ត​ចុះទៅ​ដល់ ០,១៥៨០$/​គីឡូវ៉ាត់ម៉ោង​(៦៤០៛) នៅ​ឆ្នាំ ២០២០​។

តម្លៃប្រើប្រាស់​អគ្គិសនី ប្រភេទ​ទី ៤ តាម​លំនៅឋាន​។ ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ប្រភេទ​លំនៅឋាន​។ លំនៅឋាន​ដែល​ប្រើ​ពី​១-១០​គីឡូវ៉ាត់​/​ខែ​ដែល​បច្ចុប្បន្ន​តម្លៃ ៤៨០៛​និង​ចុះ​ទៅដល់​៣៨០៛​នៅ​ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២០​។ លំនៅឋាន​ដែល​ប្រើ​ពី ១១-៥០ គីឡូវ៉ាត់​/​ខែ​ដែល​ពេលនេះ​ប្រើ ៦១០ រៀល ឆ្នាំ ២០១៩ និង​ឆ្នាំ​២០២០ គឺ​នឹង​ចុះទៅ​ដល់ ៤៨០៛/​គីឡូវ៉ាត់​។ អ្នកប្រើប្រាស់​ចាប់ ៥១-២០០ គីឡូវ៉ាត់​/​ខែ ដែល​ពេលនេះ​នៅ​ទីក្រុង​ភ្នំពេញ​ប្រើ ៧៧០៛ នៅតាម​ខេត្ត​ប្រើ ៧២០៛ គីឡូវ៉ាត់​/​ខែ នឹង​ចុះ​ទៅដល់​ឆ្នាំ ២០១៩ និង ២០២០ តម្លៃ ៦១០៛ ក្នុង​១​គីឡូវ៉ាត់​។

​តម្លៃប្រើប្រាស់​អគ្គិសនី ប្រភេទ​ទី ៥ ការបូមទឹក​ក្នុង​វិស័យ​កសិកម្ម​ពី​ម៉ោង ៩ យប់ ដល់​ម៉ោង ៧ ព្រឹក​គឺ​ត្រូវ​បង់ ៤៨០៛ ពេលនេះ​យើង​នៅ​បន្ដ​បង់ ៤៨០៛ បន្ដទៀត​។

តម្លៃប្រើប្រាស់​អគ្គិសនី​ប្រភេទ​ទី​៦​តាម​សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព​នៅ​ជនបទ​២០១៩ និង​២០២០ ប្រើ ៦១០៛ ក្នុង​១​គីឡូវ៉ាត់។

​គួរ​បញ្ជាក់​ដែរ​ថា ​នេះ​គឺជា​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ក្រៅប្រទេស​លើក​ទី ១ នៅ​ដើមឆ្នាំ ២០១៩ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មកកាន់​ប្រទេស ចិន​ឯកសារ​សំខាន់ៗ​ចំនួន ៨ គ្រោង​នឹង​ចុះហត្ថលេខា បន្ទាប់ពី​បញ្ចប់​ជំនួប​ពិភាក្សា​ទ្វេភាគី​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី ២២ ខែ មករា​ខាងមុខ។ ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នេះ​ទៀតសោត​គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​ការ ទាក់ទាញ​អ្នកវិនិយោគទុន ពី​ប្រទេស​ចិន​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​ជំរុញ​កំណើន​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114