BREAKING NEWS
Search

សម្ដេច​ប្រធានរដ្ឋសភា ​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ សហការ​ចូលរួម​ធ្វើ​ជំរឿន​ឲ្យ​បាន​ទាំងអស់​គ្នា​

ត្បូងឃ្មុំ ​៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ សហការ​ចូលរួម​ធ្វើ​ជំរឿន​ឲ្យ​បាន​ទាំងអស់គ្នា​។​

ក្នុង​ពិធី​សម្ពោធ​ឆ្លង​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា នៅ​វត្ត​ឧ​ត្ត​ម្មុនី ហៅ​វត្ត​តានី ស្ថិតនៅ​ភូមិ​តានី ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​ប្រធាន​រដ្ឋសភា​បាន​បញ្ជាក់ថា​ យុទ្ធនាការ​ធ្វើ​ជំរឿន​នេះ ចាប់ពី​ថ្ងៃទី ៣​ដល់ ១៣ ខែ​មីនា ឆ្នាំ​២០១៩​។ ការ​ជំរឿន​នេះ ​គឺជា​ការចុះ​ស្រង់​ទិន្នន័យ​ស្ថិតិ​ប្រជាពលរដ្ឋ សម្រាប់​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រទេសជាតិ សំដៅ​កាត់បន្ថយ​ភាព​ក្រីក្រ និង​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព ព្រម​ទាំង​លើកស្ទួយ​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​។

ទាក់ទង​ព្រះពុទ្ធសាសនា ​សម្តេច​ប្រធានរដ្ឋសភា ​បាន​លើកឡើង​ថា ព្រះពុទ្ធសាសនា មាន​តួនាទី​យ៉ាង​សំខាន់​ក្នុងសង្គម​កម្ពុជា​។ វត្ត​អារាម​ បានផ្តល់​ជាទី​តាំង​សាលារៀន ជា​កន្លែង​ផ្តល់​សេវា​សុខា​ភិបាល មណ្ឌល​សង្គ្រោះ​ក្មេង​កំព្រា មនុស្ស​អនាថា​គ្មាន​ទីពឹង និង​ជា​កន្លែង​ជួយ​អប់រំ​កែប្រែ​ដល់​អ្នក​ញៀន​គ្រឿងញៀន​ជាដើម​។

នៅក្នុង​ពិធី​ដែល​មានការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​រាប់រយ​នាក់​នោះ សម្ដេច​ប្រធាន បាន​គូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំណត់​ថា ព្រះពុទ្ធ​សាសនា ជា​សាសនា​របស់​រដ្ឋ ហើយ​ប្រជាជន​ខ្មែរ​ភាគច្រើន​បាន​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​។ ដោយ​មើលឃើញ​នូវ​តួនាទី​ដ៏​សំខាន់ របស់​ព្រះពុទ្ធសាសនា និង​ព្រះសង្ឃ​នៅក្នុង​សង្គមជាតិ ទើប​រដ្ឋសភា រាជរដ្ឋាភិបាល យកចិត្តទុកដាក់​ក្នុងការ​ពង្រឹង​ពង្រីក​វិស័យ​នេះ ឲ្យ​បាន​រឹងមាំ​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​ ចាប់ពី​ឆ្នាំ​១៩៧៩​មក​។ រាជរដ្ឋាភិបាល ក្នុង​អាណត្តិ​ទី​៦ បាន​ប្ដេជ្ញា​យ៉ាង​មុតមាំ​ក្នុងការ​ពង្រឹង ពង្រីក​ នូវ​សាមគ្គី​ប្រជាជាតិ ដោយ​មិន​បែងចែក​អំពី​និន្នាការ​នយោបាយ អតីតកាល ភេទ ជំនឿ សាសនា ដើមកំណើត​ជាតិ និង​ឋានៈ​ក្នុង​សង្គម​ឡើយ សំដៅ​ធានា​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព និង​វឌ្ឍនភាព​ជូន​សង្គមជាតិ តែ​ប្រឆាំង​ដាច់ខាត​ចំពោះ​ឧបាយកល និង​សកម្មភាព​ឧទ្ទាម​របស់​មជ្ឈដ្ឋាន​ណាក៏ដោយ ទោះជា​បុគ្គល ជា​ក្រុម ឬ​ជា​អង្គការ​នយោបាយ ដែល​ព្យាយាម​បំផ្លាញ​ឯកភាព​ជាតិ បង្ក​អស្ថិរភាព​ក្នុង​សង្គម បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ណា​មួយ ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​។
សម្ដេច​ប្រធានរដ្ឋសភា ក៏បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បន្ត​ខិតខំ​យកចិត្ត​ទុក​ដាក់​អនុវត្ត​គោល​នយោបាយ​ភូមិ/ឃុំ​មាន​សុវត្ថិភាព ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ បម្រើ​សេវា សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​។ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជៀសឲ្យ​​ឆ្ងាយ​ពី​គ្រឿងញៀន និង​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114