BREAKING NEWS
Search

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ផ្តល់​មូលនិធិ​សប្បុរសធម៌​៥​ម៉ឺន​ដុល្លារ​អាមេរិក​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា

ភ្នំពេញ ​៖ ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៩ ​បាន​ផ្តល់​មូលនិធិ​សប្បុរសធម៌​ជា​ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ​អាមេរិក​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដើម្បី​យក​ទៅ​ជួយ​សង្គ្រោះ​ដល់​កុមារ​កម្ពុជា​។

ពិធី​ប្រគល់​ថវិកា​នេះ​បាន​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​លោកស្រី ងួន សុខា នាយក​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា តំណាង​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​និង​លោក​ឧកញ៉ា វ៉ាន់ ស៊ូ​អៀ ង​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ។

ថវិកា​នេះ បាន​មក​ពី​ការរៀបចំ​កម្មវិធី​ជួបជុំ​ប្រចាំឆ្នាំ​លើក​ទី​២៣ របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩​កន្លងទៅ។

លោក​លោក​ឧកញ៉ា វ៉ាន់ ស៊ូ​អៀ ង​បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ ក្នុង​ការ​នាំមក​នូវ​វិភាគទាន​សប្បុរសធម៌ ដែល​ទទួល​បាន​ពី​ថ្នាក់ដឹកនាំ និង​បុគ្គលិក​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​រោងចក្រ​នានា ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ជួបជុំ​ប្រចាំឆ្នាំ​លើក​ទី​២៣​នេះ​។

លោក​ឧកញ៉ា វ៉ាន់ ស៊ូ​អៀង ​បាន​លើក​ឡើង​ថា ការចូលរួម​វិភាគទាន​នេះ គឺ​ដើម្បី​រួមចំណែក​តាមរយៈ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​មាន​បេសកកម្ម​ក្នុងការ​ស្វែងរក​មូលនិធិ សម្រាប់​ទ្រទ្រង់​ដល់​កិច្ច​ដំណើរការ​របស់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​ប្រាំ​ទីតាំង នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​ឧកញ៉ា​ប្រធាន GMAC បាន​សន្យា​នឹង​នាំមក​នូវ​ថវិកា​បរិច្ចាគ​បន្ថែម​ទៀត​និង​ពិនិត្យ​លទ្ធភាព​នៃ​កិច្ច​សហការ​នានា​នៅក្នុង​ពេល​អនាគត​ដើម្បី​រួមគ្នា​នាំ​ភាព​ញញឹម​ជូន​កុមារ ដែល​ជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា​។

ជា​ការ​ឆ្លើយតប​ទៅ​នឹង​ទឹកចិត្ត​សប្បុរសធម៌ នេះ លោកស្រី ងួន សុខា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​គណៈប្រតិភូ ដែល​បាន​ឆ្លៀតពេល​វេលា​ដ៏​មមាញឹក​មក​ផ្តល់​វិភាគទាន​នេះ និង​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​នៃ​បណ្តា​រោងចក្រ​កាត់ដេរ​ទាំងអស់ ដែល​បាន​ចូលរួម​កម្មវិធី​ជួបជុំ និង​បាន​បរិច្ចាគ​ថវិកា​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។

លោកស្រី​ក៏បាន​បន្ត​លើកទឹកចិត្ត​ដល់ GMAC ឲ្យ​ជួយ​បន្ត​ផ្សព្វផ្សាយ និង​បំផុស​ចលនា​បរិច្ចាគ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា និង​ស្នើ​ឲ្យ​បន្ត​កិច្ចសហការ និង​ការចូលរួម​នេះ ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ទៅតាម​គ្រប់​រូបភាព​ដែល​អាចធ្វើ​ទៅ​បាន ដើម្បី​រួមចំណែក​បន្ត​និរន្តរភាព​នៃ​កិច្ច​ដំណើរការ​របស់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា ក្នុង​ការ​ទទួល​ពិនិត្យ ពិគ្រោះ និង​ព្យាបាល​កុមារ​កម្ពុជា​ប្រកបដោយ​គុណភាព និង​ឥតគិតថ្លៃ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114