BREAKING NEWS
Search

ប្រទេស​អូទ្រីស​ ទទួលបាន​អធិការបតី​ស្រី្ត​ជា​លើកដំបូង

ប្រធានាធិបតី​អូទ្រីស​លោក Alexander Van der Bellen បានតែងតាំង​ប្រធាន​តុលាការ​យុត្តិធម៌​របស់​ប្រទេស​នេះ​ជា​អធិការបតី​ស្ត្រី​ដំបូង​គេ​របស់​ប្រទេស​អូទ្រីស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ដឹកនាំ​រដ្ឋាភិបាលបណ្ដោះអាសន្ន​មួយ​រហូតដល់​ការបោះឆ្នោត​នៅ​ចុងឆ្នាំ​នេះ​។​

​ឥឡូវនេះ លោកស្រី Brigitte Bierlein នឹងត្រូវ​បានប្រគល់​ភារកិច្ច​ឲ្យ​បង្កើត​គណៈរដ្ឋមន្ត្រី​មួយ​បន្ទាប់ពី​រដ្ឋាភិបាល​មុន​បាន​ដួលរលំ​ដោយសារ​រឿងអាស្រូវ​អំពើពុករលួយ​មួយ​ដែល​គេ​ហៅថា “Ibiza-gate”​។​

​លោកស្រី Bierlein បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​ទូរទស្សន៍​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា “​ខ្ញុំ​នឹង​ព្យាយាម​ស្វែងរក​ទំនុកចិត្ត​របស់​ប្រជាជន​អូទ្រីស​”​។ លោកស្រី​និយាយថា លោកស្រី​នឹង​ចរចា​ជាមួយ​គណបក្សនយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

​លោកស្រី​និយាយថា លោក Clemens Jablons ដែលជា​អតីត​ប្រធាន​តុលាការ​រដ្ឋបាល​កំពូល​បាន​ត្រៀមខ្លួន​ឡើងកាន់តំណែង​ជា​អនុ​អធិការបតី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។​

​លោកស្រី​បន្ថែមទៀតថា លោកស្រី​នឹងដាក់​អ្នកការទូត Alexander Schallenberg សម្រាប់​តំណែង​រដ្ឋមន្ត្រីការបរទេស​។​

​លោកស្រី Bierlein អាយុ​៦៩​ឆ្នាំ​គឺជា​ប្រធាន​តុលាការ​ធម្មនុញ្ញ​ចាប់តាំងពី​ឆ្នាំមុន​មកហើយ​ធ្លាប់​កាន់តំណែង​សំខាន់ៗ​ជាច្រើន​ផ្សេងទៀត​ដូចជា​ចៅក្រម​និង​រដ្ឋអាជ្ញា​ជាដើម​។​

​ការតែងតាំង​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក Sebastian Kurz បាន​ក្លាយជា​អធិការបតី​ដំបូង​គេ​នៅក្នុង​ប្រវត្តិសាស្ត្រ​អូទ្រីស​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ដោយ​ការបោះឆ្នោត​សម្តែង​ភាព​គ្មាន​ទំនុកចិត្ត​របស់​សមាជិក​សភា​កាលពី​ថ្ងៃ​ចន្ទ​។​

​សមាជិកសភា​បានដាក់​ញត្តិ​នៅពេល​ពួកគេ​និយាយថា លោក Kurz ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​រឿងអាស្រូវ​ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​៕ AFP

​ដោយ ៖ វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114