BREAKING NEWS
Search

MCL 2019 ៖​ យុវជន​បាទី ប៉ះ​ណាហ្គា​វើ​ល ហើយ​អគ្គីសនី​កម្ពុជា ជួប​ភ្នំពេញ​ក្រោ​ន និង​ទ័ព ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង

ក្រុមបាល់ទាត់​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ​របស់​សាលា​បាល់ទាត់​ជាតិ​បាទី ត្រូវ​ប៉ះ​ក្រុម​ណាហ្គា​វើ​ល ហើយ​ក្រុម​អគ្គីសនី​កម្ពុជា ជួប​ក្រុម​ភ្នំពេញ​ក្រោ​ន ហើយ​ក្រុម​ក្រសួងការពារជាតិ (​ទ័ព​) ត្រូវ​ជួប​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ក្នុង​សប្ដាហ៍​ទី​១១ ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩​។

*​យុវជន​បាទី​ប៉ះ​ណាហ្គា​វើ​ល​
ក្រុមបាល់ទាត់​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​ត្រូវ​ប៉ះ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល នៅ​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ លើ​ទីលាន​កីឡដ្ឋាន​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី​ក្នុង​ខេត្តតាកែវ ហើយ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC ផងដែរ​។ ក្រុម​ទាំង​២​មិន​ធ្លាប់​មាន​ប្រវត្តិ​ប៉ះ​គ្នា​ពី​មុន​មក​នោះទេ​។

ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី កំពុងតែ​ដឹកនាំ​ដោយ​លោក Koji Gyotoku ជា​គ្រូបង្វឹក​ជនជាតិ​ជប៉ុន ខណៈ​ក្រុម​នេះ​ហាក់​ចាប់ផ្តើម​មិនសូវ​បានល្អ​នោះទេ​ ក្នុង​ប្រកួត​១០​លើក​កន្លងមក​ដោយ​ឈ្នះ​បាន​១​លើក និង​ចាញ់​៩​លើក​មាន​៣​ពិន្ទុ​ឈរ​លេខ​រៀង​ទី​១៣​ក្នុងចំណោម​សមាជិក​ទាំង​១៤​ក្រុម​។ ចំណែក​ក្រុម​ណាហ្គា​វើ​ល វិញ​កំពុងតែ​ត្រូវការ​ពិន្ទុ​ប្រដេញ​នៅ​តំបន់​កំពូល​តារាង​ក្រោយ​ទើប​ខកចិត្ត​ក្នុង​ពានរង្វាន់​កម្រិត​ទ្វីបអាស៊ី AFC Cup 2019 ដោយ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូ​ល​។ លោក មាស ចាន់ណា រំពឹងថា​កូនក្រុម​នឹង​បន្តធ្វើ​បានល្អ​ដូច​កាលពី​ឆ្នាំ​ចាស់​។

*​អគ្គីសនី​កម្ពុជា ជួប​ភ្នំពេញ​ក្រោ​ន​
ក្រុមបាល់ទាត់​អគ្គីសនី​កម្ពុជា ប៉ះ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា ហើយ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ផងដែរ​។ ក្រុម​ទាំង​២​ធ្លាប់​មាន​ប្រវត្តិ​ប៉ះ​គ្នា​៦​លើក​មក​ហើយ ខណៈ​ក្រុម​ភ្នំពេញ​ក្រោ​ន ធ្លាប់​ឈ្នះ​បាន​៥​លើក​និង​ធ្លាប់​ស្មើគ្នា​១​លើក​។

ក្រុម​អគ្គីសនី​កម្ពុជា របស់លោក ប្រាក់ វុទ្ធី គឺ​មិន​ប្រើប្រាស់​កីឡាករ​បរទេស​នោះ​ទេ ទោះបីជា​ក្រុម​ខ្លួន​ចាប់ផ្តើម​ការប្រកួត​មិនសូវ​កាក់កប​ក៏ដោយ​ក្នុង​រដូវ​កាល​នេះ​។ ក្រុម​អគ្គីសនី​កម្ពុជា បាន​ប្រកួត​ឈ្នះ​៣​លើក​ហើយ​ស្មើគ្នា​១​លើក​និង​ចាញ់​៦​លើក​មាន​១០​ពិន្ទុ​ក្នុង​ដៃ​។ ចំពោះ​ក្រុម​ភ្នំពេញ​ក្រោ​ន វិញ​កំពុងតែ​ដឹកនាំ​ដោយ​លោក ស៊ុំ វណ្ណា ដែល​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​។ គ្រូបង្វឹក​រូបនេះ​ត្រូវការ​កេរ្តិ៍ឈ្មោះ​បន្ថែម​ដើម្បី​រក្សា​កៅអី​នៅ​ភ្នំពេញ​ក្រោ​ន​។ ទន្ទឹមនឹង​គ្នា​នេះដែរ​ក្រុម​ភ្នំពេញ​ក្រោ​ន កំពុងតែ​ជួប​វិបត្តិ​កីឡាករ​ព្រោះ​មាន​កីឡាករ​ខ្លះ​ចាកចេញ​ហើយ​កីឡាករ​ខ្លះទៀត​រងរបួស​។

*​ក្រសួងការពារជាតិ ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង​
ក្រុម​ក្រសួងការពារជាតិ ត្រូវ​ប៉ះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) ហើយ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ផងដែរ​។ ជំនួប​ចុងក្រោយ​របស់​ក្រុម​ទាំង​២​ឃើញថា​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ធ្លាប់បាន​យកឈ្នះ​លើ​ក្រុម​ទ័ព ១​ទល់​០ លើ​ទីលាន​ជាមួយគ្នានេះដែរ​។

ក្រុម​ក្រសួងការពារជាតិ ត្រូវការ​ជ័យជម្នះ​បន្ថែម​ដើម្បី​សន្សំ​ពិន្ទុ​ប្រជែង​កៅអី​កំពូល​តារាង ខណៈ​លោក ភា សុ​ភ័​ត្រា ដែល​ជា​គ្រូបង្វឹក​ទើប​បញ្ចប់​បេសកម្ម​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុងនាម​ជា​គ្រូ​ជំនួយ​។ ប្រកួត​ចុងក្រោយ​ក្រុម​នេះ​បាន​ចាញ់​ក្រុម​ភ្នំពេញ​ក្រោ​ន ៣​ទល់​១​។ ចំពោះ​ក្រុម​កំ​ពូ​ល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង វិញ​ដឹកនាំ​ដោយ​លោក Conor Nestor​។ ក្រុម​នេះ​ជា​បេក្ខភាព​មិនអាច​មើលរំលង​ក្នុងការ​ប្រជែង​យក​ជើងឯក ស្របពេល​ប្រកួត​ចុងក្រោយ​ថ្មីៗ​នេះ​បាន​យកឈ្នះ​លើ​ក្រុម​វិសាខា រហូតដល់​៥​ទល់​៣​។

ចំណែក​គូប្រកួត​៤​គូ​ទៀត​ប្រចាំ​លី​គ​កំពូល​កម្ពុជា នឹងធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី​១៦ ខែមិថុនា ឆ្នាំ២០១៩ ដោយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ប៉ះ​គីរីវង់​សុខ​សែន​ជ័យ នៅ​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ហើយ​វិសាខា ប៉ះ​ក្រុម​អាស៊ី​អឺរ៉ុប នៅ​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​វិសាខា ហើយ​ក្រុម​ខេត្តកំពង់ចាម ប៉ះ​សូល​ទី​ឡូ​អង្គរ នៅ​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​មេមត់ និង​ក្រុម​បឹងកេត ប៉ះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា​។

សូមបញ្ជាក់​ថា ​តាម​គម្រោង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​ចាប់ផ្ដើម​ដំណើរការ​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពានរង្វាន់​មួយចំនួនទៀត​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114