BREAKING NEWS
Search

ក្រសួង​ការងារ​ បើក​វគ្គ​បណ្ដុះបណ្ដាល ​ស្តីពី​ការ​អភិវឌ្ឍ​ខ្លួន​ និង​ភាពជា​អ្នកដឹកនាំ​ដល់​មន្ត្រីរាជការ​

​ភ្នំពេញ ​៖​ លេខាធិការដ្ឋាន​គណៈកម្មកា​រ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា​(​គ​.​ក​.​ប​) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សហការ​ជាមួយ ក្រុមហ៊ុន Aplus consulting បាន​វគ្គ​បណ្តុះបណ្តាល ​ស្តីពី​ការ​អភិវឌ្ឍ​ខ្លួន និង​ភាពជា​អ្នកដឹកនាំ​ដល់​មន្ត្រី​របស់ខ្លួន​ឲ្យ​បាន​យល់ដឹង​និង​មាន​សមត្ថភាព​ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​វិវាទ​ផ្សេងៗ​ ពិសេស​វិស័យ​កាត់ដេរ​និង​ផលិត​ស្បែកជើង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។​

​លោក​ទេស រុក្ខា​ផល អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​គ្រប់​មុខសញ្ញា​(​គ​.​ក​.​ប​)​ បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី​ការអភិវឌ្ឍ​ខ្លួន ​និង​ភាពជា​អ្នកដឹកនាំ​ឲ្យ​ដឹងថា ​វគ្គ​សិក្សា​នេះ​ ពិតជា​បាន​ផ្តល់​ចំណេះដឹង​ដល់​សិក្ខាកាម​ជា​មន្ត្រីរាជការ​បាន​យល់ដឹង ផ្លាស់ប្ដូរ​ឥរិយាបថ មាន​សមត្ថភាព និង​ត្រៀមខ្លួន​ជាមុន ដើម្បី​ចូលរួមចំណែក​អនុវត្ត​ឲ្យ​ទទួល​បាន​ជោគជ័យ​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ ម្យ៉ាងវិញទៀត វគ្គ​នេះ​ក៏បាន​ជួយ​បង្កើន​ភាពជា​អ្នកដឹកនាំ ជាពិសេស​ជំនាញការ​អភិវឌ្ឍ​ខ្លួន និង​ភាពជា​អ្នកដឹកនាំ​ដល់​មន្ត្រីរាជការ​របស់​យើង​ផងដែរ​។​

​លោក​បាន​បន្តថា ​«​មន្ត្រីរាជការ​ទាំងអស់​ដែលជា​អ្នកផ្តល់​សេវាសាធារណៈ មានឱកាស​បង្កើន​នូវ​ការ​ទំនាក់ទំនង មិត្តភាព សមត្ថភាព និង​ការទទួលខុសត្រូវ ហើយ​វា​ក៏បាន​ឆ្លុះបញ្ចាំង​ឲ្យ​យើង​ឃើញ​អំពី​ចំណុច​ខ្វះខាត ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​សមាជិក​ក្នុង​ក្រុម អង្គភាព សហគ្រាស និង​គ្រឹះស្ថាន ដែល​ពាក់ព័ន្ធ​ដូចជា វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង​ជាដើម​»​។

​លោក​អគ្គលេខាធិការ បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហ​ប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​របស់​ក្រុមហ៊ុន Aplus consulting ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​អគ្គលេខាធិការដ្ឋាន​គណៈ​កម្ម​ការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា ព្រមទាំង​អគ្គភាព​ពាក់ព័ន្ធ ដែល​បាន​លើកទឹកចិត្ត និង​គាំទ្រ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​បន្ត បើក​វគ្គ​បណ្តុះ​បណ្តាល រួមទាំង​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​ដែលជា​ការវិនិយោគ​រយៈ​ពេល​វែង សំដៅ​បង្កើន​សមត្ថភាព ប្រសិទ្ធភាព និង​ផលិតភាព​ការងារ​ជូន​ក្រសួង ក៏ដូចជា​ការរួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

​លោកគ្រូ អួ​ង បូ​រិ​ន​ ដែលជា​គ្រូបង្រៀន​នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី​ការអភិវឌ្ឍ​ខ្លួន និង​ភាពជា​អ្នក​ដឹកនាំ​បានបង្ហាញ​លទ្ធផល ​នៃ​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​០៣​ថ្ងៃ នេះ​ឲ្យ​ដឹងថា​ រយៈពេល​៣​ថ្ងៃ​កន្លង​មក​នេះ ​មន្ត្រីរាជការ​ទាំងអស់​ពិត​ជា​ទទួល​បាន​បទពិសោធន៍ និង​ជំនាញៗ​ថ្មី ក្នុងនោះ​រួមមាន ​៖​ការ​អភិវឌ្ឍ​ខ្លួនឯង និង​ការរៀនសូត្រ ការ​ប្រឈម និង​ដំណោះស្រាយ​ក្នុង​ក្រុមការងារ ឥរិយាបថ​ធ្វើការ​ដែល​គ្មាន​វិជ្ជាជីវៈ ឥរិយាបថ​ធ្វើការ ដែល​មាន​វិជ្ជាជីវៈ លក្ខណៈ​ប្រណិត​របស់​បុគ្គលិក​ឆ្នើម ភាពជា​អ្នកដឹកនាំ​ផ្ទាល់ខ្លួន​និង​ការដឹកនាំ​អ្នកដឹកនាំ ឬ​មេ​។​

​សូមបញ្ជាក់ថា អគ្គលេខាធិការដ្ឋាន គ​.​ក​.​ប បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ជូន​ដល់​មន្ត្រីរាជការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចំនួន ១២​វគ្គ រួចមកហើយ ដែលមាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន ៨០០​នាក់ ក្នុងនោះ​ផងដែរ អគ្គលេខាធិការដ្ឋាន​(​គ​.​ក​.​ប​) បាន​សហការ​ជាមួយ​ក្រុមហ៊ុន Aplus Consulting Co., Ltd បាន​ចំនួន ៥​វគ្គ ដែលមាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន ២២៤​នាក់ ហើយ​លើក​នេះ​ជាវ​គ្គ​ទី​៦ ដែលមាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន ១០២​នាក់៕

ដោយ ៖ ​សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114