BREAKING NEWS
Search

ជប៉ុន​ សន្យា​បន្ត​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា

​ភ្នំពេញ ​៖ លោក Hidehisa HORINOUCHI ឯកអគ្គរាជទូត​ជប៉ុន​ចប់​អាណត្តិ​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​សន្យា​ថា​ នឹង​នៅតែ​បន្ត​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​បន្ថែម​ទៀត​។​

​ជាមួយគ្នា​នេះ​ដែរ លោក​ទូត​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ បានកត់សម្គាល់​ពី​ការ​រីកចម្រើន​ នៃ​វិស័យ​នេះ​យ៉ាង​ល្អ​ប្រសើរ តាមរយៈ​ការ​បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​នៅក្នុង​ជំនួប​ជម្រាបលា លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ នៅ​ទីស្ដីការក្រសួង​ការងារ កាលពី​រសៀល​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៩​ នៅ​ទីស្ដីការ​ក្រសួង​លោក​HORINO UCHI បាន​រំលឹកថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចុះ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជប៉ុន លើ​ការ​បញ្ជូន​កម្មសិក្សាការី​-​ពលករ​ជំនាញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ចំនួន​២រួមមាន ​៖ ទី​១.អនុស្សរណៈ ​នៃ​កិច្ចសហ​ប្រតិបត្តិការ (MOC) ស្ដីពី​កម្មវិធី​បណ្ដុះបណ្ដាល​កម្មសិក្សា​ការី​ជំនាញ​បច្ចេកទេស បាន​ចុះ​នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០១៧ និង​ទី​២. អនុស្សរណៈ​ នៃ​កិច្ចសហ​ប្រតិបត្តិការ (MOC) ស្ដីពី​ក្របខណ្ឌ​សម្រាប់​ភាពជា​ដៃគូ​ព័ត៌មាន សម្រាប់​ប្រតិបត្តិការ​សមស្រប​ នៃ​ប្រព័ន្ធ​ទទួលយក​ធនធានមនុស្ស​បរទេស ដោយមាន​ឋានៈ ​នៃ​ការ​ស្នាក់នៅ​នៃ​ពលករ​ជំនាញ បាន​ចុះ​នៅ​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

​នាឱកាស​នោះដែរ​ លោក​បណ្ឌិត អ៊ិត សំហេង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​របស់​ លោក HORINOUCHI ដែល​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​កម្ពុជា ក្នុង​នោះ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏មាន​ការ​រីកចម្រើន​ជា​លំដាប់​ផង​ដែរ ក្រោម​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ប្រទេស​ជប៉ុន​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន ដែល​បានទទួល និង​បណ្ដុះបណ្ដាល​កម្មសិក្សាការី​កម្ពុជា ឲ្យ​ទទួល​បាន​ប្រាក់បៀវត្សរ៍​ខ្ពស់ និង​ចំណេះ​ជំនាញ​យ៉ាង​ល្អ​ប្រសើរ ដែល​បាន​រួម​ចំណែក​ជួយ​ជំរុញ​ជីវភាព​របស់​ពួកគេ​ឲ្យ​មាន​ភាព​រីកចម្រើន​បាន​មួយ​កម្រិត​។ ចំពោះ​កិច្ច​ប្រតិបត្តិការ​ក្នុង​ប្រទេស ជប៉ុន​បាន​បញ្ជូន​គ្រូ​ជំនាញ​មក​បណ្ដុះបណ្ដាល​ដល់​សិក្ខាកាម​កម្ពុជា​។ ម្យ៉ាង​ទៀត ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​ ដែល​បាននិងកំពុង​វិនិយោគ​នៅ​កម្ពុជា ក៏មាន​ការយកចិត្តទុកដាក់​ចំពោះ​កម្មករនិយោជិត​ផងដែរ ដូចជា​បញ្ហា​អនាម័យ និង​សុវត្ថិភាព​ការងារ ពិសេស​ជប៉ុន​ក៏បាន​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA)​ជាដើម​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា កម្ពុជា​ នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ស្ថានទូត​ជប៉ុន រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ជានិច្ច ដើម្បី​ធ្វើឲ្យ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ល្អប្រសើរ និង​មាន​ភាព​យូរអង្វែង​។​

​លោក​បណ្ឌិត អ៊ិត សំហេង និង​ លោក HORINOUCHI បាន​ឯកភាពគ្នា​ថា​ នឹង​អនុវត្ត​កិច្ចព្រមព្រៀង លើ​ការបញ្ជូន​កម្មសិក្សាការី​ផ្នែក​ថែទាំ​មនុស្ស​ចាស់​ទៅ​ប្រទេស​ជប៉ុន​ឲ្យ​បាន​ត្រឹមត្រូវ ដែល​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំក្រោយ ក្រោយពេល​បណ្ដុះបណ្ដាល​បំពាក់បំប៉ន​នៅក្នុង​ប្រទេស​កម្ពុជា​រួចរាល់​។​

​លោក​បណ្ឌិត អ៊ិត សំហេង បាន​បង្ហាញ​ពី​ការ​នឹករលឹក​ចំពោះ​លោក HORINOUCHI នូវ​គំរូ​ការងារ​ល្អៗ​ដែល​បាន​កើតឡើង​ក្នុង​អាណត្តិ​បេសកកម្ម​របស់​លោក និង ​បាន​ចូលរួម​អបអរសាទរ​ចំពោះ​លោក HORINOUCHI ដែល​នឹង​ត្រូវ​ទទួល​បេសកកម្ម​ថ្មី​ជា​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​ហុល្លង់​៕​

ដោយ ៖ សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114