BREAKING NEWS
Search

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​តែង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ចង់ដឹង​ពី​សុខទុក្ខ​និង​ជីវភាព​ប្រចាំថ្ងៃ

ភ្នំ​ពេ​ញ ៖ ចាប់​តាំងពី​លោក​ចេង មុនី​រ៉ា មក​ទទួល​ដំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ក្នុងអំឡុងពេល​២​ឆ្នាំ​ គឺ​គេ​សង្កេតឃើញ​លោក​អភិបាល​តែង​ចុះសាកសួរ​សុខទុក្ខ​និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជា​រៀងរាល់​សប្តាហ៍​មិនដែល​ខកខាន​ឡើយ​។

តាម​ប្រភព​ពី​មន្ត្រី​សាលាខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​ជា​រៀងរាល់​ចុង​សប្តាហ៍ ​គឺ​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​លោក​តែងតែ​យក​ពេលទំនេរ​ចុះសាកសួរ​សុខទុក្ខ​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ដែល​ការចុះ​សាកសួរ​សុខទុក្ខ​នេះ​គឺ​លោក​ចង់ដឹង​ពី​សុខទុក្ខ​ពិសេស​ជីវភាព​ប្រចាំថ្ងៃ​តែម្តង​។

​មន្ត្រី​ដដែល​បាន​បន្តថា ​នៅពេលដែល​លោក​ចេង មុនី​រ៉ា ចុះ​ទៅដល់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លោក​សំដែង​នូវ​ការ​ពេញចិត្ត​ព្រោះ​អី​ពួកគាត់​កម្រ​បាន​ឃើញ​ថ្នាក់ដឹកនាំ​ចុះមក​សាកសួរ​សុខទុក្ខ​យ៉ាង​ដូច្នេះ​។

ជាក់ស្តែង​លោកស្រី​ជា ថា​រ៉េត ដែលជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរអណ្តូង​ទី​១​សង្កាត់​ព្រែកប្រា​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា ​កន្លងមក​លោកស្រី​កម្រ​ឃើញ​អាជ្ញាធរ​ចុះ​មក​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដល់​លំនៅឋាន​បែបនេះ​សោះ​។​ ហើយ​បើ​ចង់​ជួប​ត្រឹម​ថ្នាក់​ចៅសង្កាត់​គឺ​ទាល់តែ​ទៅ​សាលាសង្កាត់​ទើបបាន​ជួប​ហេងស៊យ​មិន​ឲ្យ​ជួប​ទៀត​។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ហាក់​មាន​គម្លាត​ឆ្ងាយ​ពីគ្នា​។​ប៉ុន្តែ​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​បច្ចុប្បន្ន​នេះ​ គឺ​លោក​មិនដែល​ប្រកាន់​វណ្ណៈ​ជា​អភិបាលខណ្ឌ​នោះ​ទេ​។ ​លោក​ជា​ថ្នាក់ដឹកនាំ​យ៉ាង​សាមញ្ញ​បំផុត​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្រឡាញ់​និង​ពេញចិត្ត​គ្រប់ៗ​គ្នា​។

លោកស្រី​ថា​រ៉េត បាន​បន្ត​ថា ​លោកស្រី​ចង់បាន​ថ្នាក់ដឹកនាំ​បែបនេះ​ខ្លាំង​ ព្រោះ​មិនចាំ​បាច់​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​ស្នើសុំ​អន្តរាគមន៍​អ្វីមួយ​ដល់​សាលាខណ្ឌ​នោះទេ​ គឺ​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ចុះ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​តែ​ម្តង​។ ​នេះ​ពិតជា​ថ្នាក់ដឹកនាំ​ដែល​ប្រជាពលរដ្ឋ​ចង់បាន​បំផុត​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114