BREAKING NEWS
Search

មេដឹកនាំ​ហុងកុង​គ្រោង​រៀបចំ​កិច្ចពិភាក្សា​ក្នុង​គោលបំណង​បន្ធូរបន្ថយ​ភាព​តានតឹង

មេដឹកនាំ​ហុងកុង​លោកស្រី Carrie Lam បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា លោកស្រី​និង​ក្រុម​របស់លោក​ស្រី​នឹង​ចាប់ផ្តើម​បើក​កិច្ចពិភាក្សា​ជាមួយ​សហគមន៍​នៅ​សប្តាហ៍​ក្រោយ​ខណៈ​លោកស្រី​រំលឹក​ឡើងវិញ​ថា អំពើហិង្សា​ដែល​បាន​អង្រួន​ទីក្រុង​នេះ​ជាង​៣​ខែ​មកហើយ​គឺ​ត្រូវតែ​បញ្ចប់​។​

លោកស្រី Lam ដែល​កំពុង​រង​សម្ពាធ​ពី​ទីក្រុង​ប៉េកាំង​ឲ្យ​លុបបំបាត់​កំហឹង​ជា​សាធារណៈ​ដែល​បង្ក​ឲ្យ​មានការ​តវ៉ា​បាន​និយាយថា កិច្ចសន្ទនា​នឹង​បើកចំហ​តាម​ដែល​អាចធ្វើ​ទៅបាន​ហើយ​សាធារណជន​អាច​ចុះឈ្មោះ​ចូលរួមបាន​។​

លោកស្រី Lam បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​មួយ​ថា “​សង្គម​ហុងកុង​ពិតជា​ពោរពេញ​ទៅដោយ​បញ្ហា​សេដ្ឋកិច្ច សង្គម​និង​នយោបាយ​យ៉ាងច្រើន​។ ខ្ញុំ​សង្ឃឹមថា ការសន្ទនា​ទាំងនេះ​អាច​ផ្តល់​ជា​វេទិកា​មួយ​សម្រាប់​ពួកយើង​ដើម្បី​ពិភាក្សា​”​។​

លោកស្រី​លើកឡើងថា បញ្ហា​រួមមាន​ការខ្វះខាត​ផ្ទះសម្បែង​និង​ដីធ្លី​នៅក្នុង​ទីក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ដែលមាន​ប្រជាជន​ច្រើន​បំផុត​លើ​ពិភពលោក​មួយ​នេះ​។ មនុស្ស​វ័យក្មេង​មានការ​ខកចិត្ត​ជាពិសេស​ដោយសារតែ​ការចំណាយ​ខ្ពស់​ក្នុងការ​ស្វែងរក​កន្លែង​រស់នៅ​ផ្ទាល់ខ្លួន​។​

លោកស្រី​បន្តថា “​ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​សង្កត់ធ្ងន់​នៅទីនេះ​ថា វេទិកា​សន្ទនា​នេះ​មិនមែន​មានន័យថា​យើង​មិនចាំបាច់​ចាត់វិធានការ​ម៉ឺងម៉ាត់​នោះទេ​។ ការបង្ក្រាប​អំពើហិង្សា​នៅ​ចំពោះមុខ​យើង​នៅតែ​ជា​អាទិភាព​”​។​

អតីត​អាណានិគម​អង់គ្លេស​មួយ​នេះ​ត្រូវ​រងគ្រោះ​ដោយ​ការតវ៉ា​ដែល​ពេលខ្លះ​មាន​ហិង្សា​រយៈពេល​ជិត​បួន​ខែ​មកហើយ​។​

មូលហេតុ​នៃ​ភាពចលាចល​គឺ​សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​មនុស្ស​ត្រូវបាន​បញ្ជូន​ពី​ហុងកុង​ទៅ​ចិនដីគោក​ដើម្បី​ជំនុំជម្រះ​។​

ប៉ុន្តែ​ការទាមទារ​របស់​ក្រុមបាតុករ​បាន​ពង្រីក​ទៅជា​សិទ្ធិ​បោះឆ្នោត​ជា​សកល​និង​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​ចូលទៅក្នុង​បណ្តឹង​របស់​ពួកគេ​អំពី​ការប្រើ​កម្លាំង​ហួសហេតុ​របស់​ប៉ូលិស​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114