BREAKING NEWS
Search

លោក​ថោង ខុន ជួបពិភាក្សា​ជាមួយ​តំណាង​អាជ្ញាធរ​ជាតិ​អប្សរា ស្ដីពី​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ទេស​ចរណ៍​នៅ​ខេត្ត​សៀមរាប​

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​តំណាង​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ដឹកនាំ​ដោយ ​លោក សុខ សង្វារ អគ្គនាយករង និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​វប្បធម៌ និង ​វិចិត្រ​សិល្បៈ ថ្នាក់ដឹកនាំ មន្ត្រី​ក្រសួងទេសចរណ៍ និង​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

ប្រភពពី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា គោលបំណង​ នៃ​ជំនួប​ពិភាក្សា​នេះ​ គឺ​ដើម្បី​ស្នើសុំ​ការ​ពិនិត្យ គាំទ្រ និង​អនុសាសន៍​ណែនាំ​ពី​លោ​កម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ទៅលើ​ឯកសារ​សំខាន់ៗ​ស្ដីពី​ការវិភាគ​ស្ថានភាព​ទេសចរណ៍ លទ្ធផល​កិច្ចពិភាក្សា និង​ការវាយតម្លៃ​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៅ​សៀមរាប​អង្គរ ការ​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​ទិសដៅ​អនុវត្ត​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

បន្ទាប់ពី​ការធ្វើ​បទ​បង្ហាញ ​ស្ដីពី​ការងារ​ខាងលើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​ការពិភាក្សា​ផ្តល់​យោបល់​យ៉ាង​ផុលផុស​រួចមក លោក ថោង ខុន បាន​ផ្តល់នូវ​អនុសាសន៍​ណែនាំ​មួយចំនួន​មាន​ ១- គាំទ្រ​ចំពោះ​ឯកសារ​សិក្សា​ដែល​អាជ្ញាធរ​អប្សរា​បានធ្វើ​បទ​បង្ហាញ ប៉ុន្តែ​ស្នើ​ឲ្យ​ក្រុមការងារ​ជំនាញ​របស់​អាជ្ញាធរ​អប្សរា ជួបពិភាក្សា​បន្ថែម​ជាមួយ​ក្រុមការងារ​ជំនាញ​ នៃ​លេខាធិការដ្ឋាន​របស់​គណៈ​កម្ម​ការ​អន្តរក្រសួង​រៀបចំ​ប្លង់​មេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​សៀមរាប (​ដែល​មាន​ លោក ណេ​ប សាមុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ ជា​ប្រធាន​) ដើម្បី​ពិនិត្យ​បំពេញ​បន្ថែម​ធាតុ​ចូល​ថ្មីៗ ឲ្យ​បាន​សមស្រប ជាក់ស្ដែង និង​ស៊ីសង្វាក់​គ្នា មុននឹង​បញ្ជូន​ឯកសារ​ប្លង់​មេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​សៀមរាប​នេះ​ទៅ ICC-Angkor ដើម្បី​ពិនិត្យ​មាន​យោបល់ មុននឹង​ដាក់​ជូន​រាជរដ្ឋាភិបាល អនុម័ត នៅ​ក្នង​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២០ ខាងមុខ​។ ២-​ស្នើ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​យកចិត្តទុកដាក់​លើ​ការងារ​សំខាន់ៗ​មួយចំនួន​ដូចជាៈ​- ការជួសជុល និង​ស្ថាបនា​ផ្លូវ​នៅ​តំបន់​អង្គរ និង​តំបន់​ជុំវិញ​អង្គរ​- ការ​គ្រប់​គ្រង​លំហូរ​ទេសចរ​អន្តរជាតិ និង​ទេសចរ​ក្នុងស្រុក តាម​ប្រាសាទ​នានា (​ដោយ​រៀបចំ​ឲ្យ​មាន​ជា Pavis) និង​រៀបចំ​សហការ​ឲ្យ​មាន​មាន​មគ្គុទ្ទេសក៍​និយាយ​ភាសា​ខ្មែរ​បន្ថែមទៀត​ផងដែរ​- ការបើក​វគ្គ​វិក្រឹត្យការ​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​តំបន់​សៀមរាប​អង្គរ​- ការគ្រប់គ្រង​អ្នកលក់ដូរ​នៅតាម​ប្រាសាទ និង​ការគ្រប់គ្រង​អនាម័យ សំរាម និង​បរិស្ថាន​ស្អាត​- ការ​តម្លើង​ប្រព័ន្ធ Internet, Wifi នៅ​តំបន់​ប្រាសាទ​ឲ្យ​បាន​ឆាប់រហ័ស​- ការរៀបចំ​ឲ្យ​មាន​មធ្យោបាយ​ដឹកជញ្ជូន​បៃតង​(GreenTransport) ដូចជា​កង់ ម៉ូតូ រថយន្ត​ប្រើ​អគ្គិសនី ជាដើម​- ការសិក្សា​រៀបចំ​ឲ្យ​មាន​ជា​ព្រឹត្តិការណ៍ កម្មវិធី ឬ​ការសំដែង​សិល្បៈ​នានា​នៅពេល​រាត្រី​នៅ​តំបន់​អង្គរ​៤- ស្នើ​ឲ្យ​រដ្ឋបាល​ខេត្តសៀមរាប​ជំរុញ​ការស្ថាបនា និង​ជួស​ជុល​ផ្លូវ​នៅ​ក្រុង​សៀមរាប ការរៀបចំ​គ្រប់គ្រង អភិវឌ្ឍន៍ ដងស្ទឹង​សៀមរាប​ឲ្យ​បាន​រហ័ស ការដាក់​ភ្លើង​បំភ្លឺ ការគ្រប់គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍​ អនាម័យ សំរាម និង​បរិស្ថាន​។​ល​។​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114