BREAKING NEWS
Search

តុលាការ​កំពូល ​សម្រេច​មិន​អោយ​គង់ រ៉ៃ​យ៉ា នៅ​ក្រៅ​ឃុំ

ភ្នំពេញ​ ៖ ​ចៅក្រម​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​នេះ ​បាន​ចេញ​សេចក្ដី​សម្រេច​មិន​អោយ​ឈ្មោះ​គង់ រ៉ៃ​យ៉ា នៅ​ក្រៅ​ឃុំ​ទេ ដោយ​បន្ត​ឃុំខ្លួន​រហូតដល់​តុលាការ​ថ្នាក់ក្រោម​កាត់ទោស​ក្នុង​អង្គសេចក្ដី។

ការ​សម្រេច​នេះ​ បាន​ធ្វើឡើង​ បន្ទាប់ពី​ជនជាប់ចោទ​ប្ដឹង​ឡើង​តុលាការ​កំពូល​ជំទាស់​នឹង​សេចក្ដីសម្រេច​របស់​សាលាឧទ្ធរណ៍​ ដែល​មិន​អនុញ្ញាត​អោយ​គង់ រ៉ៃ​យ៉ា​ នៅក្រៅ​ឃុំ​ដែរ។

គង់ រ៉ៃ​យ៉ា ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​បញ្ជូន​មក​តុលាការ​កំពូល​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែ​វិច្ឆិកា​នេះ​ដើម្បី​បើកសវនាការ​មុន​អង្គសេចក្ដី​ពី​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​គាត់។ ក្នុង​នោះ ​ក្រោយពី​តុលាការ​ បាន​ស្ដាប់​ពី​សំណើ​​របស់​ជនជាប់ចោទ ​និង​សេចក្ដីសន្និដ្ឋាន​របស់​មេធាវី​ ជនជាប់ចោទ​រួចមក ចៅក្រម​តុលាការ ​បាន​ចេញ​សេចក្ដី​សម្រេច​ថ្មី​ មិន​អនុញ្ញាត​អោយ​ជន​ ត្រូវ​ចោទ​ នៅ​ក្រៅ​ឃុំ​ទេ ដោយសារ​សំណុំរឿង​​ចោទ​ប្រកាន់​ជា​បទឧក្រិដ្ឋ ហើយ​តុលាការ​ថ្នាក់ក្រោម​ បាន​បិទ​ការ​ស៊ើបសួរ ​និង​បញ្ជូន​សំណុំរឿង​ទៅ​ធ្វើ​ការ​ជំនុំជម្រះ ​នាពេល​ឆាប់ៗ​នេះ។

កាលពី​ថ្ងៃទី​១១​ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ លោក រៀល សុ​ភិន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់​យុវជន គង់ រ៉ៃ​យ៉ា ពី​បទ​ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤​ និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ករណី​ប្រកាស​លក់​អាវយឺត​មាន​រូបលោក​បណ្ឌិត កែម ឡី ដែល​មាន​ខ្លឹមសារ​ថា «បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ​ក៏​គង់តែ​រងគ្រោះ​ដែរ គ្រាន់តែ​មិនទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ»។

គង់ រ៉ា​យ៉ា ត្រូវបាន​ចាប់ខ្លួន​កាលពី​ព្រលប់​ថ្ងៃ​ទី​៩​ ខែ​កក្កដា​ ជាមួយនឹង​មនុស្ស​ប្រុស ស្រី​៣​នាក់​ផ្សេងទៀត បន្ទាប់ពី​ពួកគេ​បាន​បោះ​​ពុម្ព​រូបលោក​បណ្ឌិត កែម ឡី ដោយ​​ភ្ជាប់​នឹង​ពាក្យស្លោក​ដែលមាន​លក្ខណ​អុចអាល ញុះញង់ ហើយ​អាវ​ទាំងនោះ​ពួកគេ​ប្រកាស​លក់​នៅ​ថ្ងៃទី ១០​ ខែកក្កដា ជា​ថ្ងៃ​គម្រប់​ខួប​បុណ្យសព​លោក​បណ្ឌិត​កែម ឡី។​

ក្រោយមក​មនុស្ស​ប្រុស ស្រី​៣​នាក់ ក្នុងនោះ​មាន​ទាំង​ប្រពន្ធ​របស់​គង់ រ៉ៃ​យ៉ៃ ផង ​ត្រូវបាន​ដោះលែង​អោយមាន​សេរីភាព​វិញ។ ចំណែក​គង់ រ៉ៃ​យ៉ា ត្រូវបាន​បញ្ជូនមក​តុលា​ការ សម្រេច​តាមច្បាប់។​

សូមបញ្ជាក់ថា កន្លងមក យុវជន គង់ រ៉ៃ​យ៉ា ធ្លាប់​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​រយៈពេល​១​ឆ្នាំ​៦​ខែម្តង​រួចមកហើយ ពីបទ​ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ពាក់ព័ន្ធ​ការប្រកាស​ធ្វើ​បដិវត្ត​ពណ៌​តាម​បណ្តាញ​សង្គម Facebook។​

ដូច្នេះ​លើក​នេះ​ បើ​តុលាការ​រក​ឃើញ​ថា​ ជន​ត្រូវ​ចោទ​មាន​កំហុស​លើក​ទី​២​នោះ​ នឹង​ត្រូវ​ផ្ដន្ទាទោស​គុណ​ទ្វេ​​ដង​ ដោយ​ភ្ជាប់​នឹង​ករណី​មិន​រាងចាល​នូវ​ការប្រព្រឹត្ត​បទល្មើស៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114