BREAKING NEWS
Search

មឿង សុខហ៊ុច ឡើង​ដណ្ដើម​ខ្សែក្រវាត់ ខណៈ ព្រំ សំណាង និង ឃីម បូរ៉ា ជួប​កីឡាករ​ថៃ និង​ អ៊ីរ៉ង់

កីឡាករ​ជើងខ្លាំង​ទម្ងន់​មធ្យម មឿង សុខហ៊ុច អ្នកប្រដាល់​របស់​ក្លិប​ពុទ្ធ​សេរីវង្ស​ពោ​សែន​ជ័យ​កីឡា ឡើងដណ្តើម​ខ្សែក្រវាត់​ជាមួយ​ ណាត់ តាផុន ខណៈ ព្រំ សំណាង អ្នកប្រដាល់ ​នៃ​ក្លិប​កង​ពល​តូចទ័ព​ពិសេស​ឆ័ត្រ​យោង៩១១ ឡើង​តតាំង និង កីឡាករ​ថៃ​ឈ្មោះ កង រីឯ​កីឡាករ ឃីម បូរ៉ា អ្នក​ប្រដាល់​មកពី​ក្លិប​រស្មី​ភូមិគៀប ខេត្ត​បន្ទាយមានជ័យ ជួប​កីឡាករ​អ៊ីរ៉ង់ ​MAHDI នៅ​លើ​សង្វៀន​ស៊ីអិន​ស៊ី នា​ថ្ងៃ​សៅរ៍​ ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩នេះ។

កីឡាករ មឿង សុខហ៊ុច ដែល​ត្រូវ​ជួប​ជាមួយ​កីឡាករ​ជនជាតិ​ថៃ ណាត់ តាផុន ក្នុងប្រភេទ​ទម្ងន់​៦៣.៥​គីឡូក្រាម ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ជើង​ឯក​ប៉ះ​គ្នា ដែល​មាន​ទឹក​ប្រាក់​១៦​លានរៀល។

កីឡាករ​ទាំងពីរ​ដែល​បានឈានមកដល់វគ្គនេះ គឺ កីឡាករ​កម្ពុជា មឿង សុខហ៊ុច បានយក​ឈ្នះ​លើ​កីឡាករ​ថៃ រីឯ​កីឡាករ​ថៃ ណាត់ តាផុន បានយកឈ្នះលើ​កីឡាករ​កម្ពុជា។

តាម​ការ​លើក​ឡើង​ពី​អ្នក​វិភាគ​ប្រដាល់​បាន​អះអាង​ថា ការ​ជួប​គ្នា​រវាង មឿង សុខហ៊ុច និង​ ណាត់​តាផុន នេះ ភាគរយ​សន្លប់​មិនមាន​ទេ ហើយ​ការ​ចាញ់​ឈ្នះ គឺឈ្នះដោយពិន្ទុ បើ​កីឡាករ​ណា​ឈ្នះ ក៏​ឈ្នះ​ទាំង​វេទនា​ខ្លួនដែរ។ ការ​សម្រក​គីឡូ​មក​វាយ​គីឡូ​៦៣.៥​គីឡូក្រាម​នេះ មឿង​ សុខហ៊ុច នៅ​ធ្វើបាន​ល្អ ដោយ​រូបគេ​មាន​កាយសម្បទា​រឹងមាំ ព្រមទាំង​មាន​ស្នៀត​កែង និង ជង្គង់ ដែល​ធ្វើ​ឲ្យ​គូ​ប្រកួត​របស់​ខ្លួន ពិបាក​ទប់ទល់ និង​​ជា​ស្នៀត​សម្រាប់​ផ្ដួល​គូប្រកួត​ដ៏​អស្ចារ្យ​ទៀត​ផង។ ប៉ុន្តែ​យ៉ាង​ណា មឿង សុខហ៊ុច ក៏មាន​ចំណុច​ខ្សោយ​ខ្លះ​ដែរ គឺ​ត្រង់វាយ​ចេញ​ហើយមិន​សូវ​ការពារ​វិញនោះ​ទេ​ដែល​ធ្វើ​ឲ្យដៃគូ​ប្រកួតឆាប់ដឹងពីចំណុច​ខ្សោយ​ទាំង​នេះ។ ចាំមើល​ មឿង សុខហ៊ុច ជា​អ្នកឈ្នះ​ ឬ​ណាត់ តាផុន?។

ដោយឡែក​ កីឡាករ ព្រំ សំណាង ជួប​ជា​មួយ​កីឡាករ​ថៃ​ ឈ្មោះ កង ក្នុង​ប្រភេទ​ទម្ងន់ធ្ងន់​គឺ៧៥​គីឡូក្រាម រវាង​អ្នក​ទាំងពីរ​មិនទាន់​មាន​ប្រភព​ណា​បញ្ជាក់​ថា ​ពួកគេ​ធ្លាប់ជួប​គ្នា​ទេ​កន្លង​មក ហើយ​មិន​ទាន់ដឹងថា កីឡាករ​ថៃ​ម្នាក់​នេះ​មាន​វិជ្ជាគុន​ខ្លាំង​ប៉ុនណា​នោះ​ដែរ តែ​កីឡាករ​ថៃភាគច្រើន​ ពួកគេ​ខ្លាំង​ខាង​ស្នៀត​ជើង​ទាត់ ជង្គង់ និង​ស្នៀត​កាច់​ផ្តួល​។

រីឯ​​កីឡាករ ព្រំ សំណាង វិញ គេជា​កីឡាករ​ដែល​មាន​ស្នៀត​ប្រយុទ្ធ​ល្អ គឺ​ពេល​វាយ​ សំណាង​គ្រាន់តែ​លើកជើង​ធាក់ ក៏គូប្រកួត​ពិបាក​ទប់ដែរ ពិសេស​ស្នៀត​ដាល់​ត្រង់ៗ និង​ស្នៀត​កែង​វាយ​ទៅ​លើ គូ​ប្រកួត​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់​បំផុត។ ការ​ប្រកួត​កន្លង​មក​ បើ​ទោះ​បី ព្រំ សំណាង ការ​ដាល់​របស់​គេ​មិន​អស្ចារ្យ​ក៏ពិតមែន ប៉ុន្តែ សំណាង មាន​កាយសម្បទា​ល្អ ខ្ពស់ ដៃ​ជើង​វែង ដែល​ជា​អំណោយ​ផល​ដល់​ការ​ប្រកួត​ណាស់។ ចាំ​មើល​រវាង ព្រំ សំណាង និង កីឡាករ​ថៃ​ ឈ្មោះ កង នរណា​ជាអ្នកឈ្នះ?។

ដោយឡែក កីឡាករ ឃីម បូរ៉ា ជួប​ជា​មួយ​កីឡាករ​អ៊ីរ៉ង់MAHDI ក្នុងប្រភេ​ទ​ទម្ងន់​៦០​គីឡូក្រាម ក្នុង​ការ​ជួប​គ្នា​នេះ ​គ្មាន​ប្រភព​ណា​លើក​ឡើង​ពី​ការ​ធ្លាប់​ជួប​គ្នា​រវាង​កីឡាករ​ទាំងពីរ​ទេ​ នា​ពេល​កន្លង​មក​នោះ ហើយ​ក៏​មិន​ដឹង​ថា​ កីឡាករ​អ៊ីរ៉ង់​ម្នាក់​នេះ​មាន​កម្រិត​វិជ្ជាគុន​ខ្លាំង​ប៉ុណ្ណា​នោះ​ដែរ។

តែ​បើ​កីឡាករ ឃីម បូរ៉ា វិញ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​មួយរូប ដែល​បច្ចុប្បន្ន​កំពុង​ទទួល បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​កុះករ ពី​អ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់​កម្ពុជា ជាមួយ​នឹងការ​ចេះ​ប្រើក្បាច់​គ្រប់​ស្នៀត ដើម្បី​ផ្ដួល​គូប្រកួត​របស់ខ្លួន។

បើទោះជាយ៉ាងនេះក្តី កីឡាករ​កម្ពុជា​រូបនេះ​ចិត្ត​ប្រដាល់​របស់​គេ​តូច រួមផ្សំ​ជាមួយ​កម្លាំង​ស៊ុហ្វ​មិន​សូវ​ខ្លាំង​ផង​នោះ ធ្វើឲ្យកីឡាករ​រូបនេះ​មិន​សូវ​ហ៊ាន​ប្តូរ​ជាមួយ​គូប្រកួត​ណាដែល​ដើរចូលវាយ​កំញើញ​ខ្លួន​នោះ​ឡើយ។ ទោះ​ជា​បែប​នេះ​ក្តី ឃីម បូរ៉ា គេវាយ​តាម​បច្ចេកទស​ដក​ថយ​មែន តែគេ​វាយ​សង​មួយៗ​វិញ​ចំ​គោលដៅ​បានល្អ ការ​ប្រកួត​រាល់​លើក បើគេដឹងពីចំណុចខ្សោយគូប្រកួតហើយ គេវាយ​មិន​ប្រស់​នោះ​ទេ។ ចាំមើលការជួបគ្នានេះ កីឡាករកម្ពុជា ឃីម បូរ៉ា ជាអ្នក​ឈ្នះ​ឬ ជួប​កីឡាករ​អ៊ីរ៉ង់​MAHDI?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114