BREAKING NEWS
Search

អង់គ្លេស​ផ្ញើ​សារ​ថ្លែងអំណរគុណ​កម្ពុជា ក្នុងការ​ស្វែងរក​សាក​សព​ជនជាតិ​អង់គ្លេស ដែល​បាត់​ខ្លួន​នៅ​កោះរ៉ុង

ភ្នំពេញ ​៖ រដ្ឋាភិបាល​អង់គ្លេស តាម​រដ្ឋមន្ត្រី​ទទួលបន្ទុក​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​ផ្ញើ​សារ​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង ក្នុងការ​ស្វែងរក​សាក​សព​នារី​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ Amelia Bambridge ដែល​បាន​បាត់​ខ្លួន​នៅ​កោះរ៉ុង កន្លងទៅ នេះ​បើ​យោងតាម​លិខិត ដែល​ការិយាល័យ​យើង​ទទួលបាន​ពី​ក្រសួងការបរទេស ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

យោងតាម​លិខិត​របស់​លោកស្រី Heather Wheeler MP រដ្ឋមន្ត្រី​ទទួលបន្ទុក​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​ចក្រភព​អង់គ្លេស ដែល​ផ្ញើ​ទៅ​លោកស្រី សឿង រដ្ឋ​ចា​វី ឯកអគ្គរាជទូត​នៃ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​ទីក្រុង​ឡុង​ដ៍ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​បន្ទាប់ពី​កិច្ចប្រជុំ​ពិភាក្សា​របស់​ពួកយើង កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​របស់លោក​ស្រី ដែល​បាន​ប្រើ​គ្រប់​មធ្យោបាយ​ក្នុងការ​ស្វែងរក​សាកស​ព ជនជាតិ​អង់គ្លេស​ឈ្មោះ Amelia Bambridge”​។ លិខិត​ដដែល​បន្តថា “​ខ្ញុំ​បាន​តាមដាន​ករណី​នោះ​យ៉ាង​យកចិត្តទុកដាក់ និង​សូម​សម្តែង​ការដឹងគុណ​ដល់​ក្រុមការងារ​រុករក និង​សង្គ្រោះបន្ទាន់ ដែល​បាន​បំពេញភារកិច្ច​អស់ពី​លទ្ធភាព​។ ខ្ញុំ​ពិតជា​យល់​នូវ​ការលំបាក​របស់​អ្នកពាក់ព័ន្ធ​ទាំងអស់​កាលពី​សប្តាហ៍​ក​ន្ល​ង​ទៅ បើទោះបី​ទទួលលទ្ធផល​សោកនាដកម្ម​ក្តី ខ្ញុំ​សូម​ទទួលស្គាល់ និង​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​”​។

សូម​រំលឹក​ថា នារី​ជនជាតិ​អង់គ្លេស​ឈ្មោះ Amelia មាន​វ័យ​២២​ឆ្នាំ ដែល​បាន​បាត់​នៅ​កោះរ៉ុង ខេត្ត​ព្រះសីហនុ ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ​សព​របស់​នាង អណ្ដែត​ទៅដល់​ខេត្តកោះកុង ជាប់​ព្រំ​ដែនទឹក​ប្រទេស​ថៃ ដែលមាន​ចម្ងាយ​ជាង​១០០​គីឡូម៉ែត្រ​ពី​កោះរ៉ុង​។ បន្ទាប់ពី​ការធ្វើ​កោសល្យ​វិច័​យ​យ៉ាង​យកចិត្តទុកដាក់ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​រកឃើញថា នារី​រងគ្រោះ​ពិតជា​ស្លាប់ ដោយសារ​លង់ទឹក​ប្រាក​ដ​មែន មិនមែនជា​ករណី​អ្វី​ផ្សេង​នោះទេ​។

មុនពេល​បាត់​ខ្លួន Amelia បាន​ចេញពី​ក្រុងព្រះសីហនុ ឆ្ពោះទៅ​គោលដៅ​ក្រុង​កោះរ៉ុង នៅ​ម៉ោង​៥​ល្ងាច ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩ និង​ទៅដល់​កោះរ៉ុង​នៅ​ម៉ោង​៦​ល្ងាច​។ នាង​បាន​ចូល​ស្នាក់នៅ​ផ្ទះសំណាក់ Ness Beach នៅ​ម៉ោង​៨ និង​១៥​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ក្នុង​គោលបំណង​ទេសចរណ៍​។ គេ​បាន​ប្រទះឃើញ​នារី​រូបនោះ​លើកចុងក្រោយ នៅ​ម៉ោង​៣ និង​៣០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ពិធីជប់លៀង​មួយ​នៅ​ឆ្នេរ​កោះរ៉ុង (Police Beach)៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114