BREAKING NEWS
Search

អនុវត្ត​ដីកាចាប់ខ្លួន​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន ​រក​ឃើញ​​​ថ្នាំញៀន​បន្ថែម​ទៀត

បាត់ដំបង​ ៖ ​ជន​សង្ស័យ​ម្នាក់​ ដែល​ជា​មុខសញ្ញា​ ជួញដូរ​ថ្នាំញៀន​នា​ពេល​កន្លងមក ត្រូវ​បាន​តុលាការ​សម្រេច​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ យក​មក​កាន់​សាលាដំបូង​ខេត្ត​ បន្ទាប់ពី​ជនសង្ស័យ​រូប​នេះ​ បានធ្វើ​សកម្មភាព​នៅ​ក្នុង​ភូមិសាស្ត្រ​ដែល​គេ​រស់នៅ​ ហើយក៏​បាន​គេច​ខ្លួន​ចេញពី​មូលដ្ឋាន​អស់​រយៈពេល​ជិត​៣​ខែ​រួចមក។

នៅ​ថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ វេលា​ម៉ោង​១១​ ថ្ងៃត្រង់​ កម្លាំង​ផ្នែក​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ ស្រុក​បវេល​ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ ​និង​កម្លាំង​ប៉ុស្តិ៍​ ចុះទៅ​កាន់​ចំណុច​ភូមិ​ស្ទឹង​ដាច់ ឃុំ​បវេល​ ស្រុក​ប​វេ​ល ខេត្ត​បាត់ដំបង​ ដើម្បី​អនុវត្ត​ដីកា ​ បង្គាប់​ឲ្យ​នាំ​ខ្លួន​លេខ​៦៣៦ ត​ព្រ ​ ចុះ​ថ្ងៃ​ទី​៣ ខែ​តុលា​ ឆ្នាំ​២០១៩​ ដោយ​លោក រ័ត្ន ស៊ី​ថា ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង។

នៅក្នុង​ដីកា​នេះ​ដែរ គឺ​លោក​ចៅក្រម​ បាន​ចោទប្រកាន់​ទៅលើ​បុគ្គល​ម្នាក់​ឈ្មោះ​សៅ ផេង ហៅ ម៉េង​ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ ខាងលើ ពីបទ​ ជួញដូរ​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន​ កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១៩ ដោយ​បាន​ប្រព្រឹត្ត​នៅ​ចំណុច ឃុំ​ប​វេ​ល​ ស្រុក​ប​វេ​ល។

លោក​វរសេនីយ៍ទោ សុខ និមល នាយការិយាល័យ​ស្ដីទី នៃ​ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​លើក​ឡើង​ថា នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ​ដែរ កម្លាំង​អធិការដ្ឋាន​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ ព្រមទាំង​បាន​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១​កូន​ថង់ ​មាន​ទម្ងន់​០,២៣ ក្រាម​ ផង​ដែរ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​​កម្លាំង​ការិយាល័យ​ជំនាញ ចាត់​បញ្ជូន​ទៅកាន់​សាលាដំបូង​ហើយ ក្នុង​ការ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114