BREAKING NEWS
Search

វិធី​ជួយ​កាត់​បន្ថយ​បញ្ហា​ស្រ្តេស

ស្ត្រេសគឺជាជំងឺសម័យទំនើប ដែលមានគ្រោះថ្នាក់ខ្លាំងនៃសតវត្សរ៍ទី ២១នេះ។ វាជាកត្តាចម្បងដែលនាំឱ្យមានបញ្ហាសុខភាពមួយចំនួនផ្សេងទៀតផងដែរ។ រោគសញ្ញាទូទៅមួយចំនួននៃស្ត្រេសរ៉ាំរ៉ៃគឺ៖
·       គេងមិនលក់
·       ឈឺឆ្នឹងខ្នង
·       ចុករោយស្មា
·       ឈឺតាមសន្លាក់
·       តានតឹងអារម្មណ៍
·       ឆាប់ខឹង
·       ពិបាកគ្រប់គ្រងអារម្មណ៍

ភាគច្រើនរោគសញ្ញាទាំងនេះ ប៉ះពាល់ដល់យើងពីខាងក្នុង ផ្លូវចិត្ត ហើយឈានដល់រាងកាយរបស់យើងទាំងមូល។ ស្ត្រេសអាចជាប់នៅក្នុងខ្លួនរបស់យើង ប្រសិនបើយើងមិនរកវិធីដើម្បីដោះស្រាយវា និងយកវាចេញទេនោះ។ យើងមិនត្រូវអនុញ្ញាតឲ្យស្ត្រេសគ្រប់គ្រងជីវិតរបស់យើងបានទេ យើងចាំបាច់ត្រូវបញ្ចេញវា មុនពេលវាបង្កគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ។

គ្រោះថ្នាក់នៃស្រ្តេស
ស្ត្រេសគឺជាឃាតករលេខ១នៅក្នុងសង្គមសព្វថ្ងៃ។ វាចូលរួមចំណែកដោយផ្ទាល់ និងជាកត្តាចម្បងក្នុង បុព្វហេតុនៃការស្លាប់នៅលើពិភពលោករួមមាន៖ ជំងឺមហារីក, ជំងឺបេះដូង, ជំងឺសួត, ជំងឺក្រិនថ្លើម, និងការធ្វើអត្តឃាត។ ប្រសិនបើយើងអនុញ្ញាតឱ្យស្រ្តេសដឹកនាំជីវិតរបស់យើង យើងអាចសម្រេចចិត្ត
អ្វីមិនបានត្រឹមត្រូវ ដែលប៉ះពាល់ដល់សុខភាពរបស់យើង។ នោះហើយជាមូលហេតុដែលចាំបាច់ក្នុងការបញ្ចេញស្រ្តេសដែលជាប់នៅក្នុងខ្លួនរបស់យើង និងបន្ថយហានិភ័យនៃជំងឺដែលបានរៀបរាប់ខាងលើនេះ។

ប្រភេទនៃស្រ្តេស
យោងតាមវិទ្យាសាស្រ្តបានពន្យល់ថាមានស្ត្រេស២ ប្រភេទគឺ ស្រ្តេសធម្មតានិងស្រ្តេសរ៉ាំរ៉ៃ។
ភាពតានតឹងប្រចាំថ្ងៃអំពីបញ្ហាជីវិតរបស់យើងជា ស្រ្តេសធម្មតា។ វានឹងមិនមានផលវិបាកយូរអង្វែងទេ ដរាបណាយើងមិនឲ្យវាក្លាយទៅជាស្ត្រេសរ៉ាំរ៉ៃ។
ភាពតានតឹងអូសបន្លាយយូរអង្វែងដែលធ្វើឱ្យមនុស្សបាត់បង់ការគ្រប់គ្រងជា​ស្រ្តេសរ៉ាំរ៉ៃ។ ។ វាបង្កឱ្យរាងកាយរបស់យើងបញ្ចេញអរម៉ូនដែលប៉ះពាល់ដល់ខួរក្បាល និងធ្វើឲ្យរាងកាយប្រឈមនឹងស្ថានភាពគ្រោះថ្នាក់ជានិច្ច។

ឥទ្ធិពលរបស់ស្រ្តេសលើរាងកាយ
ស្ត្រេសជះឥទ្ធិពលអវិជ្ជមានដល់រាងកាយទាំងមូលរបស់យើង និងស្ទើរតែគ្រប់ប្រព័ន្ធនៃសរីរាង្គទាំងអស់។
ទី១ វាជះឥទ្ធិពលដល់ប្រព័ន្ធសាច់ដុំរបស់យើង ដែលធ្វើឱ្យស្មារបស់យើងចុករោយ តឹងណែន និងមានអារម្មណ៍ឈឺខ្នងជារឿយៗ។ ក្រៅពីនេះ វានាំឱ្យមានការឈឺក្បាល ប្រកាំង និងការថប់បារម្ភ។

ទី២ ប៉ះពាល់ដល់ប្រព័ន្ធដង្ហើម។ នៅពេលនរណាម្នាក់មានអារម្មណ៍ស្រ្តេសខ្លាំងពេក ការដកដង្ហើមរបស់គេបង្កើនល្បឿនជាងមុន ជម្រុញឈាមនិងអុកស៊ីសែនកាន់តែច្រើនទៅសាច់ដុំ ដែលធ្វើឲ្យពួកគេដកដង្ហើមញាប់ខ្លាំង។
ទី៣ ប៉ះពាល់ដល់បេះដូង និងប្រព័ន្ធឈាមរត់របស់យើង។ បើសិនវាជាស្ត្រេសរ៉ាំរ៉ៃ វាអាចបណ្តាលឲ្យរលាកសរសៃឈាម ជំងឺលើសឈាម គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។

ទី៤ វាមានឥទ្ធិពលអវិជ្ជមានទៅលើប្រព័ន្ធក្រពះពោះវៀនផងដែរ។ នៅពេលដែលយើងមានភាពតានតឹងខ្លាំង វាប៉ះពាល់ដល់ចំណង់អាហាររបស់យើង។ វាអាចបណ្តាលឱ្យយើងបាត់បង់ចំណង់អាហារ ឬអាចទទួលទានច្រើនពេកខុសធម្មតា ដែលនេះអាចបណ្តាលឱ្យមានការច្រាលអាស៊ីតនិងធ្វើឱ្យប្រព័ន្ធក្រពះពោះវៀនទាំងមូលរបស់យើងរលាក ហើយចាប់ផ្តើមហើមពោះ ក្អួតចង្អោរ និងរមួលក្រពើ។

ហើយចុងក្រោយ ស្រ្តេសអាចជះឥទ្ធិពលអវិជ្ជមានដល់ការបន្តពូជ។ វាអាចកាត់បន្ថយចំណង់ផ្លូវភេទ កាត់បន្ថយចំនួនមេជីវិតឈ្មោលចំពោះបុរស និងរារាំងសមត្ថភាពមានផ្ទៃពោះចំពោះស្ត្រី។

បណ្ដេញស្រ្តេសចេញពីរាងកាយរបស់អ្នក

រឿងដំបូងដែលអ្នកត្រូវធ្វើប្រសិនបើអ្នកចង់កាត់បន្ថយកម្រិតស្ត្រេសរបស់អ្នក គឺត្រូវយល់ដឹងអំពីវានិងផលប៉ះពាល់របស់វាមកលើរាងកាយរបស់អ្នក។ អ្នកមិនអាចបញ្ចេញវាបានទេ ប្រសិនបើអ្នកមិនយល់ច្បាស់ពីទំហំដែលវាអាចបង្កអន្តរាយដល់រាងកាយរបស់អ្នក។ អ្នកត្រូវតែទទួលស្គាល់វា ហើយចាត់វិធានការចាំបាច់ដើម្បីការពារខ្លួនអ្នក។

ការបញ្ចេញស្រ្តេសចេញពីរាងកាយរបស់យើងអាចមានដំណើរការខុសៗគ្នា អាស្រ័យលើមនុស្សនិងស្ថានភាពរបស់ពួកគេ។

រកកន្លែងស្ងប់ស្ងាត់ដើម្បីធ្វើសមាធិ៖  ចាប់ផ្តើមបិទភ្នែកដកដង្ហើមវែងៗ ដកដង្ហើមចូលតាមច្រមុះហើយដកដង្ហើមចេញតាមមាត់។ ដកដង្ហើមវែងៗបាន៣ដង នោះអ្នកនឹងសម្គាល់ឃើញថា ចង្វាក់បេះដូងរបស់អ្នកកាន់តែស្ងប់។

ហាត់ប្រាណ៖ ប្រសិនបើអ្នកមានពេលច្រើនអ្នកអាចចាប់ផ្ដើមដោយយកយូហ្គា(Yoga)ជាការហាត់ប្រាណ ឬប្រដាល់សេរី ដើម្បីបញ្ចេញភាពតានតឹង។ អ្នកក៏អាចយកការម៉ាស្សាជាការបញ្ចេញភាពតានតឹងបានផងដែរ ព្រោះវាជួយសម្រួលដល់ការចុករោយនៃសាច់ដុំ ស្មា និងឆ្នឹងខ្នង។

ចែករំលែកជាមួយអ្នកស្និទ្ធស្នាល៖ សើច និងញញឹមឲ្យច្រើន វានឹងធ្វើឲ្យអ្នកមានអារម្មណ៍រីករាយនឹងពេលវេលាដែលមាននៅលើផែនដីនេះ។ ចំណាយពេលជាមួយមិត្តភក្តិនិងក្រុមគ្រួសាររបស់អ្នក នៅពេលណាដែលអ្នកមានពេលទំនេរ។ ជជែកជាមួយពួកគេអំពីបញ្ហារបស់អ្នក ដើម្បីឲ្យបានធូរស្រាលនូវបន្ទុកដែលអ្នកកំពុងមាន នោះអ្នកនឹងអាចទទួលបានអារម្មណ៍ស្រស់ថ្លាជាងមុន។