BREAKING NEWS
Search

២០២០មកដល់ហើយ ចិន អាមេរិកឬឥណ្ឌានឹងមានសេដ្ឋកិច្ចខ្លាំងជាងគេ?

សហរដ្ឋអាមេរិកនិងចិន កំពុង​មាននិន្នាការគ្របដណ្តប់លើការសន្ទនានានា អំពីសេដ្ឋកិច្ចលើពិភពលោកប៉ុន្តែឥណ្ឌាក៏កំពុងចាប់ផ្តើមមាន​កំណើនសេដ្ឋកិច្ចមិនគួរឱ្យជឿរយៈពេលមួយទសវត្សរ៍មកហើយ។ សក្តានុពលគ្មានព្រំដែនកំណត់នៃពាណិជ្ជកម្មឌីជីថលនៅតែ​ខ្លាំង​សម្រាប់អនាគតឥណ្ឌា។ ប៉ុន្តែ ពិតទេ ដែលគេ​គិតថាឥណ្ឌាអាច​ដណ្តើម​បានសេដ្ឋកិច្ចលេចធ្លោនិងខ្លាំងបំផុតនៅលើពិភពលោកក្នុងឆ្នាំ​២០២០នេះ?

KPT plus សាកល្បង​វិភាគ និងពិចារណាជាមួយ​និស្សិតបញ្ញាវ័ន្ត​យើង ដែលកំពុងអាន។

ចាប់តាំងពីឆ្នាំ ១៨៧១ សហរដ្ឋអាមេរិកបានកាន់តំណែងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក។ នៅឆ្នាំ ២០១៨ អាមេរិចបានឆ្លងផុតកម្រិតថ្មីមួយជាមួយនឹងផលិតផលក្នុងស្រុកសរុបដែលមានជាង ២០,៥ ពាន់ពាន់លានដុល្លារ។

ងាកមកប្រទេសចិនដែលតំាង​ខ្លួនជាអ្នកលេងថ្មីនៅក្នុងវិស័យសេដ្ឋកិច្ចធំ ៗ ដោយបានត្រឹមតែឈរនៅលំដាប់លេខ ២ ក្នុងឆ្នាំ ២០១០។ សេដ្ឋកិច្ចរបស់ពួកគេដើរយឺតជាងសហរដ្ឋអាមេរិកដែលមាន GDP នៅឆ្នាំ ២០១៨ ចំនួន ១៣,៤ ពាន់ពាន់លានដុល្លារ។

ថយមកវិញ  យើងពិនិត្យបញ្ជីដែលឆ្លងកាត់ប្រទេសជប៉ុនអាឡឺម៉ង់ចក្រភពអង់គ្លេសនិងបារាំងក៏នឹងឃើញប្រទេសឥណ្ឌាស្ថិតក្នុងចំណាត់ថ្នាក់ទី ៧ ដែលមានផលិតផលក្នុងស្រុកសរុបចំនួន ២ សែនកោដិដុល្លារ។

គ្រាន់តែក្រឡេកមើលតួលេខទាំងនេះហាក់ដូចជាគួរឱ្យអស់សំណើចណាស់ក្នុងការសួរថាតើឥណ្ឌាអាចយកឈ្នះទាំងសហរដ្ឋអាមេរិកនិងចិនមហាអំណាចបួនទៀតដែលនៅចំពោះមុខបាន?

ប៉ុន្តែរឿងពិតនៅក្នុងលោកនេះ ត្រូវតែផ្អែកលើតួលេខនិងទិន្នន័យ។  ស្របពេលដែលសេដ្ឋកិច្ចរបស់សហរដ្ឋ​អាមេរិក​កើនឡើងត្រឹមតែ ២,៩ ភាគរយក្នុងឆ្នាំ ២០១៨ ប្រទេសចិនបានកើនឡើង ៦.៥ ភាគរយហើយឥណ្ឌា​បែរជាមាន ដល់៧,៤ ភាគរយ?

ឥឡូវ ប្រទេសឥណ្ឌាកំពុងនាំ​មុខគេក្នុងលោក ជាមួយ​អត្រាកំណើនសេដ្ឋកិច្ចនេះបានជាបន្តបន្ទាប់​ច្រើនឆ្នាំមកហើយ ក៏រំពឹងថានឹងបន្តមិនឈប់ឈរទេ តើទៅរួចដែរក្នុងការក្លាយជា​មហាអំណាចសេដ្ឋកិច្ចក្នុងឆ្នាំ​២០២៥?
សាវតា ពិតនៃ ប្រទេសឥណ្ឌាគឺ ក្រោយ ទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៤៧ ហើយ គេបានអនុវត្តសេដ្ឋកិច្ចបិទជិតមួយប្រភេទ ដែលផ្តោតលើការផ្គត់ផ្គង់តម្រូវការរបស់ប្រទេសខ្លួន ដោយមិនពឹងផ្អែកលើការនាំចូល។

បន្ទាប់ពីរាប់ទសវត្សនៃភាពក្រីក្ររីករាលដាល ប្រទេសឥណ្ឌាឆ្នាំ ១៩៩១ បានស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរនៃការសងប្រាក់កម្ចីបរទេស ចុងក្រោយ ពួកគេបានសុំកិច្ចងន្តរាគមពីមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលព្រមផ្តល់ប្រាក់កម្ចី ១,៨ ពាន់លានដុល្លារ ក្រោមលក្ខខណ្ឌឱ្យរដ្ឋនេះ សម្រុក​ធ្វើ​កំណែទម្រង់សេដ្ឋកិច្ចនិងបំបាត់ពុករលួយ។

សេរីភាវូបនីយកម្មសេដ្ឋកិច្ចឥណ្ឌាបានចាប់កំណើត  ទីផ្សាររបានបើកចំហសម្រាប់ការប្រកួតប្រជែងនៃវិនិយោគិន បរទេស ប្រការនេះបានបើកឱកាសសម្រាប់សហគ្រិនឥណ្ឌាថ្នាក់តូច​និងមធ្យម ដែលឥឡូវនេះអាចទទួលបានមូលនិធិបន្តពីវិនិយោគិននៅជុំវិញពិភពលោក។

បទប្បញ្ញត្តិនិងការរឹតត្បិតមួយចំនួនក៏ត្រូវបានបន្ធូរបន្ថយ ពន្ធត្រូវបានកាត់ចុះ ហើយភាពផ្តាច់មុខត្រូវបានលុបចោល។ នៅឆ្នាំ ២០០៣ ប្រទេសឥណ្ឌាបានបង្កើតសេដ្ឋកិច្ចទីផ្សារសេរី ដែលផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះបានចាប់ផ្តើមកម្រើក​ឡងយ៉ាង​រំពើក។

សហគ្រិនឥណ្ឌាចាប់យកវិស័យព័ត៌មានវិទ្យា ថាជាគឺជាផ្នែកដ៏ធំនៃទិសថៅរបស់គេ។ នៅឆ្នាំ ២០០៧ ប្រាក់ចំណូលពីវិស័យព័ត៌មានវិទ្យានៅឥណ្ឌា មានចំនួនសរុប ២៣,៥ ពាន់លានដុល្លារ។

ក្នុងឆ្នាំ ២០១៨ កន្លងមក​នេះប្រាក់ចំណូលរបស់ឥណ្ឌា ឡើងដល់ ១៦៧ ពាន់លានពីវិស័យព័ត៌មានវិទ្យាតែមួយមុខ។ ការកើនឡើងនៃអាជីវកម្មផ្អែកលើបច្ចេកវិទ្យានៅទីនោះ កំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា។

យល់យ៉ាងណា ចំពោះ​ការវិភាគនេះ?

ចម្រើន តារា