BREAKING NEWS
Search

លោក Trump ទៅសួរសុខទុក្ខ​កងទ័ព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​និយាយថា កិច្ចពិភាក្សា​ជាមួយ​ក្រុម​តា​លី​បង់​ចាប់ផ្តើម​វិញ​ហើយ

លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​កិច្ចពិភាក្សា​ជាមួយ​ក្រុម​បះបោរ​តា​លី​បង់​វិញ​ហើយ​ស្រប​ពេលដែល​លោក​បានធ្វើ​ដំណើរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ទៅកាន់​ប្រទេស​អាហ្វហ្គានីស្ថាន​ដើម្បី​អបអរសាទរ​ថ្ងៃបុណ្យ Thanksgiving ជាមួយ​កងទ័ព។

ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​ខ្លី​មួយ​ទៅកាន់​មូលដ្ឋាន Bagram Airfield នៅ​ខាងក្រៅ​រដ្ឋធានី​កា​ប៊ុល​, លោក Trump បាន​បម្រើ​អាហារ​ទួរគី​ដល់​ទាហាន ថតរូប​និង​ថ្លែង​សុន្ទរកថា​មួយ​បន្ទាប់ពី​ជួប​ជាមួយ​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក Ashraf Ghani។

លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ក្រុម​តា​លី​បង់​ចង់​បង្កើត​កិច្ចព្រមព្រៀង​មួយ​ហើយ​យើង​កំពុង​ជួប​ជាមួយ​ពួកគេ​ហើយ​យើង​នឹង​និយាយថា វា​ត្រូវតែ​ជា​បទ​ឈប់​បាញ់”។

កងទ័ព​អាមេរិក​ប្រហែល​១៣,០០០​នាក់​នៅតែ​បន្ត​ស្ថិតនៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ពោលគឺ​១៨​ឆ្នាំ​បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​លុកលុយ​ក្រោយ​ការវាយប្រហារ​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០០១​។ លោក Trump និយាយថា លោក​គ្រោង​នឹង​កាត់បន្ថយ​ចំនួន​នេះ​មក​នៅត្រឹម​៨,៦០០​នាក់​ប៉ុន្តែ​លោក​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម​ទេ។

ក្នុង​ដំណើរ​លើកដំបូង​របស់​លោក Trump ទៅកាន់​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ លោក​ប្រធានាធិបតី​បាន​ប្រាប់​កងទ័ព​ថា “​នៅលើ​ផែនដី គ្មាន​កន្លែង​ណា​ដែល​ខ្ញុំ​ចង់​អបអរ​ពិធីបុណ្យ Thanksgiving ជាមួយ​អ្នក​ប្រយុទ្ធ​ខ្លាំង​បំផុត រឹងមាំ​បំផុត​និង​ក្លាហាន​បំផុត​ជាង​នៅទីនេះ​ទេ​”​។​

គួរ​បញ្ជាក់ថា សហរដ្ឋអាមេរិក​កាលពីដើម​ឆ្នាំនេះ​បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុម​បះបោរ​តា​លី​បង់​ក្នុង​ការដក​កងទ័ព​អាមេរិក​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​បន្ធូរបន្ថយ​សង្គ្រាម​ដែលមាន​រយៈពេល​យូរ​បំផុត​របស់​អាមេរិក​ជា​ថ្នូរ​នឹង​ការធានា​ផ្នែក​សន្តិសុខ។

ប៉ុន្តែ​លោក Trump បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​កាលពី​ខែកញ្ញា​ដោយបាន​រៀបរាប់ថា កិច្ចពិភាក្សា​ពេញ​មួយឆ្នាំ​នេះ​បាន​ស្លាប់បាត់​ទៅហើយ​និង​បាន​ដក​ការអញ្ជើញ​ក្រុម​បះបោរ​ឲ្យ​មកជួប​ប្រជុំ​នៅក្បែរ​ទីក្រុង​វ៉ាស៊ីនតោន​ដោយសារតែ​ការសម្លាប់​ទាហាន​អាមេរិក​ម្នាក់​៕ AFP
​វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114