BREAKING NEWS
Search

លោក គីម អបអរ​ការ​បញ្ចប់​នៃ​ការសាងសង់​ “​ទីក្រុង​ភ្នំ​សម័យ​ទំនើប​”

ប្រទេស​កូរ៉េខាងជើង​បាន​អបអរសាទរ​ការបញ្ចប់​នូវ​គម្រោង​សាងសង់​ដែលជា​ហត្ថលេខា​របស់​មេដឹកនាំ​លោក​គីម​ជុង​អ៊ុន​៖ នោះ​គឺជា​ទីក្រុង​ថ្មី​មួយ​នៅ​ជិត​ភ្នំ​ដ៏​ពិសិដ្ឋ​ដែលជា​កន្លែង​ក្រុមគ្រួសារ​របស់គាត់​បាន​អះអាងថា​ជា​ឫសគល់​របស់ខ្លួន​ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ហៅ​វា​ថា​ជា “​គំរូ​នៃ​អរិយធម៌​សម័យ​ទំនើប​”​។​

ទីភ្នាក់ងារសារព័ត៌មាន KCNA បាន​រាយការណ៍​ថា ពិធី​អបអរសាទរ​ដ៏​ធំ​មួយ​ដែលមាន​ការបាញ់​កាំជ្រួច​គឺ​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​ក្បែរ​ភ្នំ Paektu កាលពី​ថ្ងៃ​ចន្ទ​។​

ចំណែក​កាសែត Rodong Sinmun ដែលជា​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​បោះ​ពុ​ម្ភ​ផ្សាយ​រូបថត​ដែល​បង្ហាញ​លោក គីម ញញឹម​នៅពេល​គាត់​កាត់​ខ្សែបូរ​នៅឯ​ពិធី​នោះ​និង​រូប​អគារ​ដែល​គ្របដណ្ដប់​ដោយ​ព្រិល​។​

ទីក្រុង​ដែលមាន​ឈ្មោះថា Samjiyon មួយ​នេះ​ត្រូវបាន​គេ​ប្រមើល​មើលថា​ជា “​ឋានសួគ៌​សង្គម​” ដែលមាន​អា​ផាត​មិន​ថ្មីៗ សណ្ឋាគារ រមណីយដ្ឋាន​ជិះ​ស្គី​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌​និង​វេជ្ជសាស្ត្រ​នានា​។​

KCNA បាន​រាយការណ៍​ថា វា​អាច​ផ្ទុក​មនុស្ស​បាន​៤,០០០​គ្រួសារ​និង​ប្លុក​អគារ​សាធារណៈ​និង​ឧស្សាហកម្ម​ចំនួន​៣៨០​ប្លុក​នៅលើ​ផ្ទៃដី “​រាប់រយ​ហិកតា​”​។​

ទីក្រុង​នេះ​គឺជា​គំនិត​ផ្តួចផ្តើម​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​មួយ​ដែល​លោក​គីម​បានចាប់ផ្តើម​ជា​ផ្នែក​មួយ​នៃ​ការជំរុញ​របស់គាត់​សម្រាប់​វិស័យសេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ខ្លួនឯង​ប៉ុន្តែ​ការសាងសង់​ត្រូវបាន​ពន្យា​ពេល​យ៉ាងយូរ​ដោយសារតែ​កង្វះខាត​សម្ភារៈ​សំណង់​និង​កម្លាំង​ពលកម្ម​ដោយសារតែ​លទ្ធផល​នៃ​ការដាក់ទណ្ឌកម្ម​ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង​។

ការពន្យា​ពេល​សាងសង់​នេះ​បាន​ជំរុញ​ឲ្យ​របប​លោក​គីម​ត្រូវ​ប្រមូល​កងពលតូច​ព​លកម្ម​យុវជន​ដែល​អ្នក​រត់ចោលជួរ​និង​សកម្មជន​សិទ្ធិមនុស្ស​ត្រូវបាន​គេ​ប្រដូច​ទៅនឹង “​ទាសករ​”​។ ពួកគេ​មិន​ទទួលបាន​ប្រាក់ខែ​ទេ​ហើយ​ខ្វះខាត​ស្បៀងអាហារ​និង​ត្រូវ​បង្ខំចិត្ត​ធ្វើការ​លើសពី​១២​ម៉ោង​ក្នុង​មួយថ្ងៃ​រហូតដល់​ទៅ​១០​ឆ្នាំ​ជា​ថ្នូរ​នឹង​ឱកាស​ដើម្បី​ចូលរៀន​សកល​វិទ្យាល័យ​ឬ​ចូលរួម​ជាមួយ​គណបក្ស​ពលករ​៕ REUTERS
​វណ្ណ​វណ្ណ​



TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114