BREAKING NEWS
Search

តូ​ហ្គោ​ មានបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា លើ​វិស័យ​កសិកម្ម​ និង​ជាមួយ​រាជធានី​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​

ភ្នំពេញ​ ៖ អភិបាលក្រុង​ នៃ​ប្រទេស​តូ​ហ្គោ​ បានបង្ហាញ​ពី​បំណង ចង់​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ជា​មួយ​កម្ពុជា ​លើ​វិស័យ​កសិកម្ម​ និង​មានបំណង​ចង់​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​រាជធានី​ភ្នំពេញ​
​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​។​

ការលើកឡើង​ពី​បំណង​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​៤​ធ្នូ ខណៈដែល​លោក​អភិបាលក្រុង​ នៃ​ប្រទេស​តូ​ហ្គោ ជួប​សំណេះសំណាល​ និង​សំដែង​ការ​គួរសម​ជា​មួយ ​លោក ​ឃួ​ង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់​មហាសន្និបាត​អន្តរជាតិ​អភិបាល​ក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF)​ លើក​ទី​៣៩​ ដែល​រាជធានី​ភ្នំពេញ​ធ្វើជា​ម្ចាស់ផ្ទះ។​

ក្នុងជំនួប​សំណេះសំណាល ​និង​សំដែង​ការ​គួរសម​នោះ ភាគី​ទាំង​២​ បាន​លើក​ឡើង​នូវ​ចំណុច​ល្អជា​ច្រើន​ដែល​ជា​បទពិសោធន៏​ក្នុងការ​អភិវឌ្ឍន៍​ទីក្រុង។

លោក​អភិបាលក្រុង នៃ​ប្រទេស​តូ​ហ្គោ បាន​លើកឡើងថា កម្ពុជា​ ជា​ប្រទេស​កសិកម្ម ដូច្នេះ ​តូ​ហ្គោ​ចង់​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​នេះ​ឲ្យ​បាន​ខ្លាំងក្លា​ជាមួយ​កម្ពុជា ក៏ដូចជា​មួយ​រាជ​ធានី​ភ្នំពេញ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរ​ជាដើម។

លោក​ឃួ​ង ស្រេង បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា រាជធានី​ភ្នំពេញ​ ត្រូវការ​ដៃគូ​លើ​ការ​ពង្រឹង​ពង្រីក​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ហើយ​រវាង កម្រិត​ទីក្រុង ​និង​ទីក្រុង​ យើង​អាច​ផ្តល់​កិច្ច​សហការ​គ្នា​ទៅវិញ​ទៅ​មក​ដើម្បី​ផល​ប្រយោជន៍​ នៃ​ទីក្រុង​យើង​ទាំង​២។

លោក​អភិបាល​រាជធានី ក៏បាន​ជម្រាប​ជូន​ភ្ញៀវ​ពី​សក្ដានុពល​ទេសចរណ៍​ដែល​កម្ពុជា​មាន​ដូចជា​ប្រាង្គ​ប្រាសាទ​,​ធម្មជាតិ​ដ៏​សម្បូរ​បែប តំបន់​ឆ្នេរ រមណីយដ្ឋាន​ធម្មជាតិ​ដែល​ជា​ទេសចរណ៍​វប្បធម៌​ធម្មជាតិ​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​មកពី​គ្រប់ទិសទី​ គ្រប់​តំបន់​ឲ្យ​មក​ទស្សនា។

សូមបញ្ជាក់ថា មហាសន្និបាត​អន្តរជាតិ​ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF)​ លើក​ទី​៣៩​បាន​បញ្ចប់​ទៅ​ប្រកបដោយ​ជោគជ័យ​ ដែលមាន​តំណាង​ទីក្រុង​ប្រមាណ​៤០២ ​មកពី​៤១​ប្រទេស​ដែល​ពួកគេ​បាន​ពិភាក្សាគ្នា​,​លើក​ពីបទ​ពិសោធន៍​ នៃ​ការ​អភិវឌ្ឍ​ទីក្រុង​និ​មួយៗ ជាពិសេស​រយៈពេល​៤០​ឆ្នាំ​ នៃ​ការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ ដែល​ទីក្រុង​មួយ​នេះ ​បាន​ឆ្លងកាត់​ភាព​ខ្ទេចខ្ទាំ​ដល់​ចំណុចសូន្យ​នៃ​របប​ប្រល័យ​ពូជសាសន៍​។​ តែ​ពេល​ពេលនេះ ​ភ្នំពេញ ​ខុសពី​ភ្នំពេញ​កាលពី​៤០​ឆ្នាំមុន​ គឺមាន​ការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ខ្លាំង​ក្លា​ ក្រោម​ការដឹកនាំ​របស់ ​សម្ដេច​តេ​ជោ​ ជា​នាយករដ្ឋមន្ត្រី​៕​


អត្ថបទ ៖ ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114