BREAKING NEWS
Search

បើក​រថយន្ត​ឡើង​ជែង​​​រថយន្ត​មួយ​គ្រឿង​ទៀត​ ជ្រុល​ចង្កូត​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ ស្លាប់​ម្នាក់

បន្ទាយមានជ័យ​ ៖ ​​រថយន្ត​មួយ​គ្រឿង​ បើក​ឡើង​ជែង​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​ ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ពេញទំហឹង​ធ្លាក់​ស្នាមភ្លោះ​ បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​ កាលពី​វេលា​ម៉ោង​១១​យប់ នៅ​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៩ ត្រង់​ចំណុច ចន្លោះ​បង្គោល​ខ្សែភ្លើង​លេខ ០៥៨៤-០៥៨៦ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ភូមិ​ភ្នំ​លៀប​ខាងកើត ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ​ខេត្ត​បន្ទាយមានជ័យ។

សមត្ថកិច្ច​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​នោះ​ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​.2.X1418 អ្នក​បើក​មិន​ស្គាល់​អត្តសញ្ញាណ ​បើក​ពី​លិច​ ទៅ​កើត​ ល្បឿន​លឿន ​ក្នុងស្ថានភាព​ងងឹត​ លុះ​​មកដល់​ចំណុច​កើតហេតុ​ ស្រាប់​តែ​ឡើង​ជែង​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​កំពុង​បើក​នៅ​ខាង​មុខ ក៏​ជ្រុល​ចង្កូត​មក​ខាង​ឆ្វេង​ដៃ ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ ម៉ាក​ហុងដា​ឌ្រី​ម ​c125​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​1G4829​ បណ្ដាល​ឲ្យ​​ ​រថយន្ត និង​ម៉ូតូ​ ធ្លាក់​ចូល​ស្នាមភ្លោះ ​ស្លាប់​អ្នក​បើក​ម៉ូតូ​នៅ​លើ​ថ្នល់ជាតិ។ ចំណែក​អ្នក​បើក​រថយន្ត​គេចខ្លួន​បាត់។ អ្នក​បើក​ម៉ូតូ​មាន ឈ្មោះ​ ថា យ៉​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ត្នោត ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ​បើកបរ​ពី​កើត​ទៅ​លិច ​​ក្នុង​ទិសដៅ​ផ្ទុយ​ជាមួយ​រថយន្ត។

ក្រោយពេល​កើតហេតុ​ហើយ​ សមត្ថកិច្ច​ បាន​ចុះ​មកដល់​កន្លែងកើតហេតុ ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​រថយន្ត និង​ម៉ូតូ​ ត្រូវបាន​នគរបាល​ចរាចរណ៍​យក​ទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​ព្រះនេត្រព្រះ​ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទ ៖ ​គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114