BREAKING NEWS
Search

សហរដ្ឋអាមេរិក​ចោទប្រកាន់​ក្រុម Hacker ដែល​មាន​ទំនាក់ទំនង​ជាមួយ​ចារកម្ម​រុស្ស៊ី

Hacker ក្រុង​មូស្គូ​ជិះឡាន Lamborghini ដែល​ហៅ​ប្រតិបត្តិការ​របស់​ខ្លួន​ថា Evil Corp និង​ត្រូវបាន​គេ​សង្ស័យ​ថា ​មាន​ទំនាក់ទំនង​ជាមួយ​សេវា​ចារកម្ម​របស់​សហ​ព័ន្ធ​រុស្ស៊ី FSB ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​ចោទប្រកាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពី​បទ​លួច​លុយ​រាប់​សិប​លាន​ដុល្លារ​តាម​អ៊ី​ន​ធើ​ណែត។

​ការចោទប្រកាន់​នៅក្នុង​ទីក្រុង Pittsburgh បានដាក់​ឈ្មោះ Maksim Yakubets និង​ដៃគូ Evil Corp របស់គាត់​ឈ្មោះ Igor Turashev ថា​ជា​បុគ្គល​ដ៏​សំខាន់​នៅក្នុង​ក្រុម​មួយ​ដែល​បញ្ចូល​មេរោគ​នៅលើ​កុំព្យូទ័រ​នៅ​ក្នុង​ប្រទេស​ជាច្រើន​ដើម្បី​លួច​លុយ​ជាង​១០០​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​នានា​និង​អាជ្ញាធរ​មូលដ្ឋាន។

ការចោទប្រកាន់​នេះ​ត្រូវបាន​អមដោយ​ការដាក់ទណ្ឌកម្ម​ពី​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​ទៅលើ​បុរស​ទាំងពីរ​ក៏ដូចជា​ការប្រកាស​អំពី​ប្រាក់រង្វាន់​ចំនួន​៥​លាន​ដុល្លារ​ចំពោះ​ការ​ចាប់ខ្លួន ​និង​ការ​កាត់ទោស​លោក Yakubets ផង​ដែរ​ ដែល​នេះ​ជា​ប្រាក់​រង្វាន់​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​ឧក្រិដ្ឋកម្ម​តាម​អ៊ី​ន​ធើ​ណែ​ត។

ជំនួយការ​អគ្គ​រដ្ឋ​អាជ្ញារ​អាមេរិក​លោក Brian Benczkowski បាន​និយាយ​ថា “​លោក Maksim Yakubets បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​អ៊ី​ន​ធើ​ណែ​ត​អស់​រយៈពេល​មួយ​ទសវត្ស​មកហើយ​ដែល​បានដាក់​ពង្រាយ​ពពួក​មេរោគ Malware ដ៏​មាន​ឥទ្ធិពល​បំផុត​មិន​ធ្លាប់​មាន​ និង​បណ្តាល​ឲ្យ​មានការ​ខាតបង់​ជា​ទឹកប្រាក់​រាប់សិប​លាន​ដុល្លារ​ដល់​ជនរងគ្រោះ​ទូទាំង​ពិភពលោក​”​។​

ស្របពេល​ជាមួយគ្នា​នោះ ក្រសួង​រតនាគារ​បាន​និយាយថា លោក Yakubets បានធ្វើការ​ជាពិសេស​សម្រាប់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ FSB គិត​ចាប់ពី​ឆ្នាំ​២០១៧​មក​និង​ត្រូវបាន​ប្រគល់​ភារកិច្ច​ឲ្យ​ធ្វើការ​លើ​គម្រោង​នានា​សម្រាប់​រដ្ឋ​រុស្ស៊ី​។​

មន្ត្រី​ក្រសួង​រតនាគារ​មួយរូប​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា “Evil Corp និង​កម្មវិធី software Dridex របស់​ពួកគេ​បាន​ដើរតួ​ជា​ឧទាហរណ៍​មួយ​ផ្សេងទៀត​ដែល​បង្ហាញថា រដ្ឋាភិបាល​រុស្ស៊ី​បានផ្តល់​ជំនួយ​ដល់​ឧក្រិដ្ឋជន​តាម​អ៊ី​ន​ធើ​ណែ​ត​ដើម្បី​អនុវត្ត​កម្ម​ភាព​សាហាវៗ​”​។​
Evil Corp បាន​ប្រើ​គ្រោងការ​ឆបោក​ដើម្បី​បញ្ចូល Dridex, Bugat និង​ឯកសារ​មេរោគ​ផ្សេងទៀត​នៅលើ​កុំព្យូទ័រ​របស់​ជនរងគ្រោះ​ដើម្បី​ទទួលបាន​នូវ​អត្តសញ្ញាណ លេខ​កូដ​សម្ងាត់​និង​គណនី​ធនាគារ​ហើយ​បន្ទាប់មក​ពួកគេ​បាន​ផ្ទេរប្រាក់​រាប់លាន​ដុល្លារ​ចូល​គណនី​ធនាគារ​របស់​ពួកគេ​៕ AFP
​វណ្ណ​វណ្ណ​


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114