BREAKING NEWS
Search

ភាគី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជួបប្រជុំគ្នា​ចំពេល​កិច្ចព្រមព្រៀង​ជិត​ដួលរលំ

ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥​ បាន​ជួបប្រជុំគ្នា​ក្នុង​ទីក្រុង Vienna កាលពី​ថ្ងៃ​សុក្រ​ ខណៈ​ការរស់រានមានជីវិត​នៃ​កិច្ចព្រមព្រៀង​នេះ ​ត្រូវ​ជាប់គាំង​បន្ទាប់ពី​ទីក្រុង​តេ​អេ​រ៉ង់​ប្តេជ្ញា​បន្ត​រំលោភ​លើ​ដែន​កំណត់​របស់​កិច្ចព្រមព្រៀង​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​មួយ​នេះ​។​

​ប្រេសិត​មកពី​ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ ចិន រុស្ស៊ី​និង​អ៊ីរ៉ង់​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ដែលជា​លើកដំបូង​ហើយ​ដែល​ភាគី​ទាំង​៦​នឹង​ប្រមូល​ផ្តុំគ្នា​ក្នុង​ទ្រង់ទ្រាយ​នេះ​ចាប់តាំងពី​ខែកក្កដា​មក​។​

ចាប់តាំងពី​ខែឧសភា​មក ប្រទេស​អ៊ីរ៉ង់​បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​រួមទាំង​ការបង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ផងដែរ​ដោយ​រំលោភ​លើ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​នេះ​។​
​អ៊ីរ៉ង់​ទទូចថា ក្រោម​កិច្ចព្រមព្រៀង​នេះ ខ្លួន​មាន​សិទ្ធិ​ចាត់វិធានការ​ទាំងនេះ​ដើម្បី​សងសឹក​អាមេរិក​ដែល​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ​២០១៨​និង​បានដាក់​ទណ្ឌកម្ម​ឡើងវិញ​។​

ចាប់តាំងពី​ខែ​មុន​មក សមាជិក​អឺរ៉ុប​បានចាប់ផ្តើម​បង្កើន​លទ្ធភាព​ដើម្បី​បង្ក​ឲ្យ​មាននូវ​អ្វីដែល​គេ​ហៅថា “​យន្តការ​ដោះស្រាយ​វិវាទ​” នៅក្នុង​កិច្ចព្រមព្រៀង​នេះដែ​លអាច​នាំ​ឲ្យ​មានការ​បន្ត​ដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​លើ​ប្រទេស​អ៊ីរ៉ង់​ឡើងវិញ​។​

មួយ​ថ្ងៃមុន​អ្វីដែល​ទំនងជា​កិច្ចប្រជុំ​ដ៏​តានតឹង ចក្រភព​អង់គ្លេស បារាំង​និង​អាល្លឺម៉ង់​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា​កំពុង​អភិវឌ្ឍ​មី​ស៊ី​ល​ផ្លោង​នុយក្លេអ៊ែរ​នៅក្នុង​លិខិត​មួយ​ទៅកាន់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

ក្រុមអ្នកវិភាគ​បាន​និយាយថា ប្រសិនបើ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ត្រូវ​បានដាក់​ឡើងវិញ​ហើយ​កិច្ចព្រមព្រៀង​នេះ​នឹងត្រូវ​បែកបាក់​មែន​នោះ ប្រទេស​អ៊ីរ៉ង់​ក៏​នឹង​អាច​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពី​ការមិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ (NPT) ផងដែរ​៕ AFP
​វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114