BREAKING NEWS
Search

ក្រុម​ជនជាតិ​ចិន ​ជិះ​ម៉ូតូ​ឆក់​កាបូប​​ស្ត្រី​ខ្មែរ​បាន​សម្រេច​ តែ​៤​ថ្ងៃ​ក្រោយ ចាប់​បាន​ម្នាក់ រត់​រួច​ម្នាក់​

ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ​ក្នុងចំណោម​២​នាក់ បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​មក​ឆក់​កាបូប​លុយ​ពី​ស្ត្រី​ខ្មែរ​ម្នាក់​បានសម្រេច​​ នៅ​ខណ្ឌ​សែន​សុខ ប៉ុន្តែ​រយៈពេល​៤​ថ្ងៃ​ក្រោយមក ប៉ូលិស​បាន​តាម​ចាប់ខ្លួនបាន​នៅ​ក្នុង​ទឹកដី​ខណ្ឌ​ដូនពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៩។

លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​ នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១២​ ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៩ មាន​ករណី​អំពើ​ចោរកម្ម​ ដោយមាន​ជនសង្ស័យ​ចំនួន​២​នាក់​ បានធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ និង​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់​បានសម្រេច នៅ​ចំណុច​មុខ​បុរី​ស្កា​យ​វី​យូ នៅ​ផ្លូវ​បេតុង ភូមិ​រោងចក្រ ​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ហើយ​ជនសង្ស័យ​ក៏បាន​គេចខ្លួន​បាត់​ស្រមោល​តែម្តង។​

​ក្រោយ​កើតហេតុ ​ស្ត្រី​រងគ្រោះ ឈ្មោះ មុត ចន្ថា​ច អាយុ​៣២​ឆ្នាំ មុខរបរ​លក់ដូរ​មាន​ទីលំនៅ ភូមិ​រោង​ចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ស្នាក់ការ​នគរបាល​រដ្ឋ​បាល​គោក​ឃ្លាង ​ដើម្បី​ជួយ​អន្តរាគមន៍​។

តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​រងគ្រោះ​បាន​បញ្ជាក់ថា ចោរ​មាន​គ្នា​២​នាក់​ ជា​មនុស្ស​ប្រុស ​ជិះ​ម៉ូតូ​១​គ្រឿង​ ម៉ាក ឃ្យូ​រ​ប៉ិច ពាក់​ស្លាកលេខ 3900 ពណ៌​បៃតង​លាយ​ប្រផេះ។ នាង​បាន​អះអាងថា សម្ភារៈ​នៅក្នុង​កាបូប​ដែល​ត្រូវបាន​ចោរឆក់​យកទៅ​បាត់​នោះ​មាន លុយ​ចំនួន​៣០០​ដុល្លារ ​និង​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង ម៉ាក​អាយ​ហ្វូ​ន និង​ម៉ាក​អូ​ប៉ូ​។

​លោក​អធិការ​បានបញ្ជាក់​ថា លុះ​នៅ​រសៀល​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៩​ ក៏​ឃើញ​ភិនភាគ​ម៉ូតូ​នោះ​ ក៏បាន​បញ្ជា​កម្លាំង​ឲ្យ​ដេញតាម ដោយ​សុំ​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ដូនពេញ​ចាប់​បាន​នៅ​ម្តុំ​មុខ​ផ្សារ​កណ្តាល​ខណ្ឌ​ដូនពេញ ​ម្នាក់ រត់​រួច​ម្នាក់​។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន​នោះ​ ឈ្មោះ សំ ហេង ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ជនជាតិ​ចិន​ គ្មាន​មុខរបរ​ ស្នាក់​នៅផ្ទះ​លេខ​១១IEO ផ្លូវ​បេតុង ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ជនសង្ស័យ​ឈ្មោះ សំ ហេង បាន​សារភាពថា បក្ខពួក​របស់ខ្លួន​ម្នាក់ទៀត​ដែល​បាន​ចូលរួម​ធ្វើ​សកម្ម​ភាពឆ​ក់​កាបូប​លុយ​របស់​ជនរងគ្រោះ​ដែរ កំពុង​រត់គេចខ្លួន​នោះ​មាន ឈ្មោះ យូ សែ​ប ជន​ជាតិចិន​ដូច​គ្នា​។ ប៉ូលិស ​បាន​កំពុង​ឃុំខ្លួន​ជនសង្ស័យ ដើម្បី​កសាង​ឯកសារ​បញ្ជូន​ទៅ​តុលាការ​៕

អត្ថបទ ៖ សឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114