BREAKING NEWS
Search

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​៖ ការយកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​អតីតយុទ្ធជន គឺជា​ការដឹងគុណ​ដល់​ពួកគាត់

ឧ​ត្ត​រ​មានជ័យ ​៖ ការលើកឡើង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​ចែក​ផ្ទះ​ជូន​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្រះ​ទឹក​តេ​ជោ​អភិវឌ្ឍន៍ នៅ​តំបន់​សម្បទាន​ដី​សង្គមកិច្ច ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃ​សុក្រ ទី​០៦ ខែធ្នូ ឆ្នាំ​២០១៩​។​

ថ្លែង​នៅក្នុង​ឱ​កាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ក្នុង​រយៈកាល​កន្លងមក​នេះ បាន​ខិតខំ​សម្រេចបាន​នូវ​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន ជាការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​លើ​ការងារ​អតីតយុទ្ធជន ដោយបាន​ជំរុញ​ការ​បម្រើសេវា​ឧបត្ថម្ភ​គាំទ្រ​ឱ្យ​កាន់តែ​កៀក​ជិត​អ៊ំ​ពូ​មីង​អតីតយុទ្ធជន​តាមរយៈ​យន្តការ​ថ្នាក់ជាតិ ខេត្ត និង​ស្រុក ក្នុងនោះ​រួមមាន​ការងារ​បេឡា​មរណៈ និង​ការប្រគល់​សម្បទាន​ដី​សង្គមកិច្ច និង​សាង​សង់ផ្ទះ ចែកជូន​អតីតយុទ្ធជន និង​គ្រួសារ​អតីតយុទ្ធជន ដែល​គ្មាន​ដី គ្មាន​ផ្ទះសម្បែង ក៏ដូចជា​ការងា​រកសា​ង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត បម្រើ​ឲ្យ​ជីវភាព​រស់នៅ​សមរម្យ​របស់​អ៊ំ​ពូ​មីង​អតីតយុទ្ធជន និង​គ្រួសារ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ទៀតថា រាជរដ្ឋាភិបាល​តែង​បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់ និង​តាំងចិត្ត​ជាប់​ជានិច្ច​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​អ៊ំ​ពូ​មីង​អតីតយុទ្ធជន តាមរយៈ​ការអនុវត្ត​នូវ​គោលនយោបាយ​លើកទឹកចិត្ត​ផ្សេងៗ ដូចជា​ការកែសម្រួល​ដំ​ឡើងជា​បន្តបន្ទាប់​នូវ​ប្រាក់​របប​គោលនយោបាយ​ឲ្យ​ស្រប​តាម​កំណើន​សេដ្ឋកិច្ចជាតិ និង​ការដំឡើង​ប្រាក់បៀវត្ស​របស់​មន្ត្រីរាជកា​រ និង​កងកម្លាំងប្រដាប់អាវុធ ការផ្តល់សេវា​ថែទាំ​សុខភាព​សម្រាប់​អតីតយុទ្ធជន​ក្នុងការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​មិន​បង់ប្រាក់​នៅតាម​មន្ទីរពេទ្យ​សាធារណៈ និង​មន្ទីរពេទ្យ​ឯកជន តាមរយៈ ប​.​ស​.​ស​, ការកំណត់​យក​ថ្ងៃ​២១ មិថុនា ជា​រៀងរាល់ឆ្នាំ ជា “​ទិវា​អតីតយុទ្ធជន​កម្ពុជា​” ដើម្បី​រំឭក​ដល់​គំរូ​វីរភាព​ដ៏​មោះមុត និង​គុណបំណាច់​ដ៏​ធំធេង​របស់​អតីតយុទ្ធជន និង​ការផ្តល់​សម្បទាន​ដី​សង្គមកិច្ច និង​សាង​សង់ផ្ទះ​ជូន​ដល់​អតីតយុទ្ធជន និង​គ្រួសារ​អតីតយុទ្ធជន ដែល​ត្រូវបាន​ធ្វើជា​ជំហាន​បន្តបន្ទាប់ តាំងពីដើម​រៀងមក និង​ក្នុងពេល​បច្ចុប្បន្ន ព្រមទាំង​ត​តទៅ​អនាគត​ផងដែរ​។​

តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត, ការគិតគូរ​យកចិត្ត​ទុកដាក់​អំពី​សុខទុក្ខ​របស់​អតីតយុទ្ធជន គឺជា​ការបញ្ជាក់​អំពី​ភាព​កតញ្ញូ​ដឹងគុណ ចំពោះ​ចូលរួមចំណែក​យ៉ាងសកម្ម​របស់​អ៊ំ​ពូ​មីង​ក្នុង​ការកសាង​ស្នាដៃ និង​គុណបំណាច់​ជូន​ជាតិ​មាតុភូមិ ប្រកបដោយ​ទឹកចិត្ត​ស្នេហា​ជាតិ​, ការលះបង់ និង​ពលិកម្ម​គ្រប់បែបយ៉ាង​ក្នុងការ​ប្រយុទ្ធ​ការពារជាតិ និង​ប្រជាជន​កម្ពុជា ប្តូរ​យក​សន្តិភាព​ធ្វើឲ្យ​ប្រជាជន​រស់ក្នុង​សេចក្តីសុខសាន្ត ដូច​សព្វថ្ងៃនេះ។

ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សូម​ឲ្យ​អតីតយុទ្ធជន​ទាំងអស់ ជឿជាក់​លើ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហើយ​សម្តេច ​នឹង​នៅតែ​បន្ត​ជួយ​ដល់​អ៊ំ​ពូ​មីង​អតីតយុទ្ធជន និង​នៅតែ​បន្ត​កសាង​ប្រទេស ហើយ​ស្នើ​ឲ្យ​អតីតយុទ្ធជន​ទាំងអស់​ជួយ​ណែនាំ​អប់រំ​កូនចៅ​ឲ្យ​យល់​ពី​តម្លៃ​នៃ​សន្តិភាព ដោយ​យើង​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​ថែរក្សា​សន្តិភាព​ជូន​ប្រទេសជាតិ​យើង​។ ក្រោម​បរិយាកាស​អំណោយផល​នៃ​សុខសន្តិភាព និង​ស្ថិរភាព អ្វីៗ​មាន​លំនឹង មាន​មូលដ្ឋាន​រឹងមាំ អតីត​យុទ្ធជន​ទាំងអស់​អាច​ប្រើប្រាស់​ទីកន្លែង​នេះ ក្នុង​ពេលនេះ ដើម្បី​ចាប់​ផ្តើមកសាង​អនាគត​ប្រកបដោយ​ភាព​សុទិដ្ឋិនិយម សម្រាប់​អនាគត​កូនចៅ​តទៅ​មុខ៕
សុជាតា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114