BREAKING NEWS
Search

ធ្វើ​ទារុណកម្ម​ និង​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ, គេ​ព្យាយាម​បិទបាំង

ព្រះសីហនុ ៖ មាន​ក្មេងស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់ ត្រូវ​​ជន​អគតិ​ធ្វើ​ទារុណកម្ម របួស​ជាំ​ពេញ​ខ្លួន ហើយ​ចាប់​រំលោភ​សេពសន្ថវៈ បានសម្រេច​២​ដង​ ដែល​ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​អូរ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ប៉ុន្តែ​អាជ្ញាធរ​បែរជា​អះអាង​ថា ជា​អំពើ​ហិង្សា​ទៅវិញ។

ជនដៃដល់​ដែល​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​ម្ដាយ​ក្មេងស្រី​រងគ្រោះ​ប្ដឹង។ ជន​កំណាច​នេះ​ ឈ្មោះ សុខ ភ​ត្រា មុខរបរ​លក់ដូរ​ រស់​នៅ​ផ្ទះ​លក់​ចាប់ហួយ ស្ថិតនៅ​ចំណុច​អូរ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ។ ចំណែក​ក្មេងស្រី​(​ជនរងគ្រោះ​)​ ឈ្មោះ ច​.​ស​.​ន អាយុ​១៦​ឆ្នាំ មាន​ស្រុកកំណើត​ខេត្ត​បាត់ដំបង មក​នៅ​ក្រុង​ព្រះសីហនុ​ជាមួយ​ម្ដាយ។​

ពាក់ព័ន្ធ​នឹង​ករណីនេះ បើ​តាម​ក្មេងស្រី​រងគ្រោះ​បាន​រៀបរាប់​ថា នាង​បាន​ស្គាល់ឈ្មោះ សុខ ភ​ត្រា (​ជនដៃដល់ ) តាមរយៈ​ម្ដាយ​របស់គេ​លក់ដូរ​ចាប់ហួយ ហើយ​ខ្លួន​បាន​ទៅ​ទិញ​របស់របរ​នៅ​ទីនោះ ស្រាប់​តែ​ត្រូវបាន​ជនសង្ស័យ​ឈ្មោះ សុខ ភ​ត្រា នេះ​ចាប់​អូស​ដៃ​ចូលក្នុង​ផ្ទះ​ ហើយ​រំលោភ​បាន​សម្រេច​ចំនួន​២​លើក កាលពី​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៩ ដោយបាន​គំរាមកំហែង​នាង​មិន​ឲ្យ​ប្រាប់​នរណា​ឡើយ។

រហូតមកដល់​យប់​ថ្ងៃទី​០៦​ធ្នូ ស្រាប់តែ​ឈ្មោះ សុខ ភ​ត្រា នេះ មក​គំរាម​ឲ្យ​នាង​ឡើង​ជិះ​ម៉ូតូ​យកទៅ​ផ្ទះ​គេ​ម្ដងទៀត នៅពេលនោះ ​ខ្លួន​ក៏មាន​បំណង​រត់ចេញ ប៉ុន្តែ​ត្រូវបាន​ជនសង្ស័យ​ចាប់​អូស​ចូល​ក្នុង​ផ្ទះ​ទាញ​កាំបិត​មក​គំរាម​សម្លាប់ ​និង​បាន​កាត់​ខោអាវ​លើ​ខ្លួន​របស់​នាង​អស់​ រួច​វាយ​នាង​ឲ្យ​រងរបួស​ពេញ​ខ្លួន​។

ក្មេងស្រី​ជា​ជនរងគ្រោះ​បន្តថា នាង​ក៏បាន​ស្រែកហៅ​ឲ្យ​គេ​ជួយ​ ប៉ុន្តែ​នៅ​ទីនោះ​មានតែ​ម្ដាយ​របស់​ឈ្មោះ សុខ ភ​ត្រា នេះ មិនបាន​ជួយ​ទេ ផ្ទុយទៅវិញ​គាត់​ថែមទាំង​ទាញ​ទ្វារ​បិទ​មិន​ឲ្យ​នាង​រត់ចេញ​ទៀត​ផង​។ នាង​បាន​បញ្ជាក់ថា នៅ​យប់កើតហេតុ​នេះ ជនល្មើស​បាន​វាយ​នាង​បណ្ដាល​ឲ្យ​រងរបួស​និង​គំរាម​សម្លាប់ បើ​ហ៊ាន​ឲ្យ​បែកការណ៍​។ ដោយសារ​បាត់​នាង​យូរពេក​មិនឃើញ​មកវិញ មិត្តភក្ដិ​របស់​នាង​ ក៏បាន​ជួយ​ប្ដឹង​មក​សមត្ថកិច្ច ក្រោយមក​សមត្ថកិច្ច​បា​ន​ចុះ​ឃាត់ខ្លួន​ ឈ្មោះ ភ​ត្រា ​នោះ​តែម្ដង។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ​លោក ភុល ភស្ដា អធិការ​នគរបាល​ក្រុងព្រះសីហនុ​បាន​ប្រាប់​អ្នកកាសែត​តាម​ទូរសព្ទ​ថា លោក​បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មែន ប៉ុន្តែ​លោក​មិន​បាន​ទទួល​ពាក្យ​បណ្ដឹង​ថា មាន​ករណី​ចាប់​រំលោភ​នោះទេ គឺ​លោក​បានទទួល​តែ​ពាក្យបណ្ដឹង​ថា ជា​ករណី​ប្រើ​អំពើ​ហិង្សា​តែប៉ុណ្ណោះ៕
អត្ថបទ ៖ មករា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114