BREAKING NEWS
Search

បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង​ គ្រង​មកុដ Miss Universe ឆ្នាំ​២០១៩

បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង​បាន​គ្រង​ម្កុដ​ជា​បវរកញ្ញា​ចក្រវាល​កាល​ពីថ្ងៃ​អាទិត្យ​ក្នុង​ទីក្រុង Atlanta បន្ទាប់ពី​នាង​បាន​និយាយ​អំពី​ការផ្តល់អំណាច​ដល់​ស្ត្រី​។

នាង Zozibini Tunzi អាយុ​២៦​ឆ្នាំ​បានទទួល​ចំណាត់ថ្នាក់​លេខ​១​ខណៈ​បវរកញ្ញា​ព័រ​តូ​រី​កូទ​ទួលបាន​លេខ​ពីរ​ចំណែក​បវរកញ្ញា​ម៉ិ​ក​ស៊ិ​ក​ទទួលបាន​លេខ​បី​។​

Tunzi ទទួលបាន​ការអបអ​រ​សាទរ​នៅក្នុង​សុន្ទរកថា​បិទ​របស់​នាង​ដែលជា​ផ្នែក​ថ្មី​នៃ​ការប្រកួតប្រជែង​ដែល​ក្នុងនោះ​នាង​បាន​និយាយ​អំពី​ការចង់​ផ្តល់​អំណាច​ដល់​ស្ត្រី​វ័យក្មេង​ឲ្យ​មាន​អារម្មណ៍​ជឿជាក់​។​
​នាង​បាន​និយាយថា “​ខ្ញុំ​បាន​ធំធាត់​នៅលើ​ពិភពលោក​ដែល​ស្ត្រី​មាន​រាង​ដូច​ខ្ញុំ ស្បែក​ដូច​ខ្ញុំ​និង​សក់​ដូច​ខ្ញុំ​មិនដែល​ត្រូវបាន​គេ​ចាត់ទុកថា​ស្រស់ស្អាត​នោះទេ​។ ខ្ញុំ​គិតថា​វា​ដល់ពេល​ហើយ​ដែល​ត្រូវ​បញ្ឈប់​នៅថ្ងៃនេះ​”​។​

Tunzi បាន​ផ្តួល​បេ​ក្ខ​នារី​ជាង​៩០​នាក់​មកពី​ជុំវិញ​ពិភពលោក​ក្នុងការ​ប្រកួត​បវរកញ្ញា​ចក្រវាល​លើក​ទី​៦៨​ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ស្ទូ​ឌី​យោ Tyler Perry របស់​ទីក្រុង Atlanta​។​

បេ​ក្ខ​នារី​សង្ឃឹម​ខ្ពស់​ជាងគេ​ពីររូប​មុន​ការប្រកួត​គឺ​បវរកញ្ញា​ថៃ Paweensuda Saetan-Drouin និង​បវរកញ្ញា​ហ្វីលីពីន Gazini Ganados មិនបាន​ឈានដល់​វគ្គ​១០​នាក់​ចុងក្រោយ​ឡើយ​។​

ទោះបីជា​នាង​មិនបាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក៏ដោយ បវរកញ្ញា​មី​យ៉ាន់​ម៉ា​ឈ្មោះ Swe Zin Htet បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​កាលពី​សប្តាហ៍​មុន​នៅពេល​នាង​ចេញមុខ​ប្រកាសថា​នាង​ជា​បេ​ក្ខ​នារី​ភេទ​ទី​៣​ក្នុងការ​ប្រកួតប្រជែង​នេះ​។​

Htet បាន​និយាយប្រាប់​ទស្សនា​វ​ដ្តី People ថា “​ប្រសិនបើ​ខ្ញុំ​និយាយថា​ខ្ញុំ​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា វា​នឹង​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សហគមន៍ LGBTQ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​”​។​

គួរ​បញ្ជាក់ថា ការស្រឡាញ់​ភេទ​ដូចគ្នា​គឺជា​រឿង​ខុសច្បាប់​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះហើយ​អាច​ត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​រហូតដល់​មួយជីវិត​៕ AFP
​វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114