BREAKING NEWS
Search

ប្រជាពលរដ្ឋ​ គាំទ្រ​នូវ​សកម្មភាព​អាវុធហត្ថ​ចុះ​ត្រួតពិនិត្យ​រថយន្ត​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​

ភ្នំពេញ ៖ នា​ដើមខែ​ធ្នូ ​ឆ្នាំ​២០១៩​នេះ​ ប្រជាពលរដ្ឋ ​បាន​សំដែង​ការ​គាំទ្រ​ដល់​កម្លាំង​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ​ ដែល​ចុះ​ត្រួតពិនិត្យ​រថយន្ត​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ កំពុង​ធ្វើ​ចរាចរណ៍​លើ​ដង​ផ្លូវ​។

តាម​ប្រសាសន៍ ​លោក​ ជា សារុន ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​មិត្តភាព​ សង្កាត់​ព្រែក​ឯង ​ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា ​លោក​ពេញចិត្ត​នឹង​សកម្មភាព​របស់​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ​ ដែល​បានដាក់​កម្លាំង​ចុះ​ត្រួតពិនិត្យ​រថយន្ត​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ​ដើម្បី​មាន​វិធានការ​បង្ក្រាប​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ក្លែងក្លាយ​នោះ​។​

លោក ​សារិន ​បន្តថា ​លោក​ចង់​ឲ្យ​មាន​វិធានការ​រឹតបន្តឹង​ការពាក់​ស្លាក​លេខ​ក្លែងក្លាយ​នេះ​ឲ្យ​អស់​ព្រោះ​បើ​ម្ចាស់​រថយន្ត​ជា​កងកម្លាំងប្រដាប់អាវុធ​នោះ ​គឺ​មិន​អី​ទេ​ ប៉ុន្តែ​អ្នកខ្លះ​ជា​អ្នក​កួកជេ​ដី​សោះ ​ក៏​មាន​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ជិះ​ពេញ​ភូមិ ​ហើយ​ក្អេងក្អាង​ថែមទៀត​ផង។​

តាម​សំណូមពរ​របស់ លោក គឹម សុន ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដើម​ស្លែង​ សង្កាត់​ច្បារអំពៅ​ទី​២​ខណ្ឌ​ច្បារអំពៅ ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​ លោក​សុំ​ឲ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​មេត្តា​មាន​វិធានការណ៍​ឲ្យ​តឹងតែង​បំផុត​ទៅលើ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដែល​រថយន្ត​ទាំង​នេះ​សុទ្ធតែ​គ្មាន​ពន្ធ​នាំចូល ​ហើយ​មិនដឹងថា ​រថយន្ត​ទាំងនោះ​ បានមកពី​ប្រភព​ណា​ឲ្យ​ច្បាស់លាស់​នោះ​ទេ​។​ ចំពោះ​រថយន្ត​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​ និង ​នគរបាល គឺ​ភាគច្រើន​គ្មាន​ពន្ធ​នាំចូល​ហើយ​បើសិនជា​បង្ក​គ្រោះថ្នាក់​តាម​ដងផ្លូវ​ គឺ​មិនដឹង​ជា​ទៅរក​ម្ចាស់​នៅឯណា​ដែរ។

ប្រជាពលរដ្ឋ​បន្តថា ​រថយន្ត​ខ្លះ​ គេ​ឃើញ​ពាក់​ស្លាក​លេខ​ស៊ីវិល ​ប៉ុន្តែ​ដោយសារ​ភាព​អំនួត​របស់​ម្ចាស់​រថយន្ត​ គឺ​ ពួកគេ​បាន​ដោះ​ស្លាក​លេខ​ស៊ីវិល​ចេញ រួច​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ជំនួស​វិញ​ ហើយ​សមាសភាព​អស់នេះ​ទៅ​ធ្វើ​សកម្មភាព​មិនល្អ​ទៀត​ផង​។ ​ដូច្នេះ ​សំណូមពរ​ដ៏​ទទូច​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នកដំណើរ​ សុំ​ឲ្យ​មាន​ការ​បង្ក្រាប ​និង​ត្រួតពិនិត្យ​ស្លាក​លេខ​ខេមរភូមិន្ទ​ និង​នគរបាល ​ឲ្យ​បាន​តឹងតែង​បំផុត ​ព្រោះ​ប្រទេស​មាន​ច្បាប់​៕
អត្ថបទ ៖ ​ន​រា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114