BREAKING NEWS
Search

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ស្ទឹងត្រែង ចាត់​វិធានការ​ទំនិញ​ខូចគុណភាព នៅ​ចំណុច​អូរ​ពងមាន់​

ស្ទឹងត្រែង ​៖ ​ក្នុងឱកាស​ចុះ​ពិនិត្យ​ចំណីអាហារ​ នៅ​ថ្ងៃទី​០៩ ខែ​ធ្នូ ​ឆ្នាំ​២០១៩​នេះ មន្ត្រី​ជំនាញ​ផ្នែក​ត្រួតពិនិត្យ​ចំណីអាហារ​ បាន​ចុះទៅ​ចំណុច​អូរ​ពងមាន់ ​ផ្លូវបំបែក​(​ក្រចេះ -​ស្ទឹងត្រែង​- រតនគីរី​-)​ បាន​ចាត់វិធានការ​ដកហូត​យក​ទំនិញ​ខូចគុណភាព​ និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចម្រុះ​ យក​ទៅ​បំផ្លាញ​ចោល ព្រោះ​ជា​ប្រភព​ចម្លង​មេរោគ​ បង្ក​ផល​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ ​ជាពិសេស​ភ្ញៀវ​ទេសចរ​មកលេង​នៅ​តំបន់​នេះ​។​

លោក​ គឹម ​ប្រុស ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ស្ទឹងត្រែង​បាន​បញ្ជាក់ថា ​នេះ​ជា​វិធានការ​​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​ចុះមក​ណែនាំ​ជា​ញឹកញាប់​រួចមកហើយ ដើម្បី​ឲ្យ​បងប្អូន​អាជីវករ បង្កើន​ការ​ត្រួតពិនិត្យ​ទំនិញ​នាំចូល និង​រៀបចំ​កន្លែង​ដាក់​លក់​ទំនិញ​ឲ្យ​មាន​ស្តង់ដារ​ត្រឹមត្រូវ​ទៅតាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​ផ្នែក​អនាម័យ​បរិស្ថាន ​និង​សណ្ដាប់ធ្នាប់​។

លោក​ថា នៅ​តំបន់​មុំ​បី​នេះ ជាទី​ប្រជុំជន​របស់​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ ធ្វើដំណើរ​ទៅមក​តែង​មក​ឈប់​សំចត និង​ទំនិញ​ចំណី​អាហារ​បរិភោគ សព្វបែបយ៉ាង ខ្លះ​ក៏​មាន​ទិញ​ផ្ញើ​សាច់ញាតិ បងប្អូន កូនចៅ ដូចនេះ​ ការ​ត្រួតពិនិត្យ​មន្ត្រី​ជំនាញ​បាន​ធ្វើ​យ៉ាង​ហ្មត់ចត់​បំផុត ហើយ​បើ​ពិនិត្យ​ឃើញ​ថា​ មាន​ចំណី​អាហារ​ណាមួយមាន​ភាព​មិន​ប្រក្រតី និង​ចាត់វិធានការ​ដកហូត​ភ្លាមៗ។

លោកស្រី កែវ ស៊ីវ មី អាជីវករ​លក់​ចំណីអាហារ​នៅ​ចំណុច​តំបន់​មុំ​៣​នេះ ​បាន​គាំទ្រ​ចំពោះ​វិធានការ​ដ៏​ម៉ឺងម៉ាត់​នេះ ព្រោះ​វា​ជា​រនាំង​មួយ បាន​ជួយ​ការពារ​សុខភាព​អ្នក​បរិភោគ និង​មាន​សុវត្ថិភាព​ប្រសិន​បាន​ពិនិត្យ​ត្រឹមត្រូវ​បែបនេះ​ វា​មិន​បង្ក​គ្រោះថ្នាក់​ពី​កត្តា​ចំណីអាហារ។

លោកស្រី​ បាន​ស្នើ​ទៅ​ម្ចាស់​ក្រុមហ៊ុន​ ឬ​សហគ្រាស ផលិត​ចំណីអាហារ ​ត្រូវ​បង្កើន​គុណភាព អនាម័យ រសជាតិ ធ្វើយ៉ាងណា​ឲ្យ​អ្នក​បរិភោគ និយម​គាំទ្រ ផលិត​ឲ្យ​មាន​ស្តង់ដារ​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួងពាណិជ្ជកម្ម​ ហើយ​បងប្អូន​អាជីវករ​អនុវត្តតាម​ការណែនាំ​នេះ​។​

លោក ស្រី ស៊ា​ង​ម៉ៅ ភ្ញៀវ​ទេសចរ​មកពី​ខេត្ត​រតនគីរី បាន​គាំទ្រ​ចំពោះ​ការ​លើកឡើង​នេះ ព្រោះ​កន្លង​មក​នៅ​តំបន់​នេះ ធ្លាប់​មាន​ភ្ញៀវ​ទេសចរ​ទិញ​ចំនី​អាហារ និង​ផ្លែឈើ​ខ្វះ ល្អ​តែ​សំបក​ក្រៅ​ យកទៅ​បរិភោគ​មិនកើត ធ្វើឲ្យ​ភ្ញៀវ​អាក់អន់ចិត្ត​។​

លោក​សាទរ​ចំពោះ​ការ​ភ្ញាក់​រលឹក​ចូលរួម​ទាំងអស់គ្នា ប្រសិន​អ្នក​លក់​បាន​ប្រុងប្រយ័ត្ន មន្ត្រី​ជំនាញ​ឧស្សាហ៍​មក​ត្រួតពិនិត្យ ភ្ញៀវទេសចរ​ចេះ​មើល​ស្លាក​សញ្ញា​បាន​ត្រឹមត្រូវ យើង​នឹង​ចៀស​ផុតពី​ការ​គ្រោះថ្នាក់​ដែល​បណ្តាល​មកពី​ចំណីអាហារ​ទាំងនេះ។

សូម​បញ្ជាក់​ថា​ នេះ​ជា​លើក​ទី​៣​ហើយ នៅ​ឆ្នាំ​២០១៩​នេះ ​ដែល​មន្ត្រី​សាខា​កាំកុងត្រូល​ និង ​មន្ត្រី​ជំនាញ​មន្ទីរ​ពាណិជ្ជកម្ម​ ចុះទៅពិនិត្យ​ចំណីអាហារ​នៅ​ទីប្រជុំជន តំបន់​ទេសចរណ៍​មួយ​នេះ ​និង​ដក​ហូត​បាន​ចំណីអាហារ​ខូចគុណភាព​មួយចំនួន​យកទៅ​បំផ្លាញចោល​ផងដែរ​៕

អត្ថបទ ៖ ​ងិន ​លីម​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114