BREAKING NEWS
Search

កម្ពុជា​-​ប៉ា​គី​ស្ថាន​ ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ វប្បធម៌ កសិកម្ម និង​ពាណិជ្ជកម្ម​

ភ្នំពេញ ៖ ការជំរុញ​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទាំងនេះ បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោក Amjad Ali Sher ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន ដែល​បាន​ចូល​ជួប​សម្តែង​ការគួរសម និង​ជម្រាបលា កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៩​។

លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា នៅ​ក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ឯកអគ្គរដ្ឋទូត ដែល​បាន​បំពេញ​បេសកកម្ម​ការ​ទូត​រយៈពេល​៦ឆ្នាំ​កន្លះ ប្រកបដោយ​ជោគជ័យ ហើយ​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក​ឯកអគ្គរដ្ឋទូត ដែល​បាន​ខិតខំ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ​មាន​លក្ខណៈ​កាន់តែ​រឹងមាំ និង​រីកចម្រើន​បន្ថែមទៀត។

ជា​ការ​ឆ្លើយតប លោក Amjad Ali Sher បាន​ថ្លែង​អំណរ​អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​តាមរយៈ​ក្រសួងការបរទេស ដែលមាន​កិច្ចសហការ​ល្អ និង​គាំទ្រ​រូបលោក​ឲ្យ​បំពេញ​បេសកកម្ម​ការទូត​ទទួល​បាន​ជោគជ័យ ហើយ​រយៈពេល​៦​ឆ្នាំ​កន្លះ​នេះ លោក​មាន​បទ​ពិសោធន៍​ច្រើន​នៅ​ក្នុង​បេសកកម្ម​ការ​ទូត​។ ជាមួយគ្នា​នោះ លោក​ក៏បាន​មើល​ឃើញ​ពី​ការរីកចម្រើន​នៅ​កម្ពុជា​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​។

បើ​តាម​លោក Amjad Ali Sher ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន តាមរយៈ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​ទៅវិញទៅមក​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​។ ជាមួយគ្នា​នោះ ភាគី​ទាំងពីរ​ក៏បាន​រំលឹក​អំពី​ការ​អញ្ជើញ​សម្ដេច​អគ្គសេនាបតី​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៦ ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ា​គី​ស្ថាន ប៉ុន្តែ​ដោយមាន​ការ​មមាញឹក​ពេក សម្ដេច​តេ​ជោ​មិនបាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅឡើយ​។ បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សម្ដេច​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប៉ា​គី​ស្ថាន នៅពេល​សមស្រប​ណាមួយ នា​ពេលខាងមុខ ហើយ​សង្ឃឹមថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ នឹងមាន​កិច្ចព្រមព្រៀង​បន្ថែមទៀត ត្រូវ​ចុះហត្ថលេខា​នាពេលនោះ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥស្លាម​ប៉ា​គី​ស្ថាន ដែល​បាន​គាំទ្រ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៥២ ហើយ​កម្ពុ ជា​និង​ប៉ា​គី​ស្ថាន មាន​ទំនាក់ទំនង​ការទូត​តាំងពី​ឆ្នាំ​១៩៥២​នោះ​មក​ម្ល៉េះ​។ មានន័យថា ប៉ា​គី​ស្ថាន​ទទួលស្គាល់​កម្ពុជា មុន​កម្ពុជា​ទទួល​ឯករាជ្យ​ពី​បារាំង (១៩៥៣) ហើយ​នៅ​ក្នុង​ខួប​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ចូលរួម​នៅ​ក្នុង​ពិធី​នោះ​ផង​ដែរ ដែល​ត្រូវ​បាន​រៀបចំឡើង​នៅ​ទីក្រុង​ភ្នំពេញ​។

ជាមួយគ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែង​អំណរគុណ​ដល់​ប៉ា​គី​ស្ថាន ដែល​បាន​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​នៅ​កម្ពុជា​ផង​ដែរ ដែល​មាន​ជំនាញ​ផ្នែក​អ្នកការទូត ផ្នែក​ធនាគារ និង​ផ្នែក​ផ្លូវដែក ហើយ​សង្ឃឹមថា ប៉ា​គី​ស្ថាន​នឹង​ផ្ដល់នៅ​វគ្គ​បណ្ដុះបណ្ដាល​នេះ​បន្ថែម​ទៀត ហើយ​បើតាម​លោក​ឯកអគ្គរដ្ឋទូត ប៉ា​គី​ស្ថាន​នឹង​បន្ត​បណ្ដុះបណ្ដាល​វគ្គ​នេះ​បន្ថែមទៀត​។

បើ​តាម​លោក កុយ គួ​ង នៅក្នុង​ជំនួប​ពិភាក្សា​នោះ ភាគី​ទាំងពីរ​ក៏បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួនទៀត​ដូចជា នយោបាយ វប្បធម៌ កសិកម្ម និង​ពាណិជ្ជកម្ម ឲ្យមាន​ទំហំ​កាន់តែ​ធំ​ឡើង​។ លោក​អះអាងថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប៉ា​គី​ស្ថាន ទោះបី​មាន​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ការពារ និង​ការ​ជំរុញ​វិនិយោគ​តាំងពី​ឆ្នាំ​២០០៤​ក៏ដោយ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មកដល់​បច្ចុប្បន្ន​មាន​ត្រឹមតែ​៣០​លាន​ដុល្លារ​តែប៉ុណ្ណោះ ក្នុង​មួយឆ្នាំៗ ភាគច្រើន​លើ​វិស័យ​វាយនភ័ណ្ឌ​។ ចំណែក​វិស័យ​ទេសចរណ៍​មាន​ប្រមាណ​៤០០០ នាក់​ក្នុង​មួយ​ឆ្នាំ​។ បើ​តាម​លោក​ឯកអគ្គរដ្ឋទូត មកដល់ពេលនេះ អ្នកជំនួញ ក៏ដូចជា​អ្នកទេសចរ​របស់​ប៉ា​គី​ស្ថាន​បាន​ចាប់អារម្មណ៍​ខ្លាំង​មក​កម្ពុជា ហើយ​ក៏​មាន​អ្នកជំនួញ​ជា​បន្តបន្ទាប់​បាន​ចូល​មក​កម្ពុជា​ផងដែរ​។

សូម​បញ្ជាក់​ថា ថ្វីបើ​ប៉ា​គី​ស្ថាន មាន​ឈ្មោះថា ជា​សាធារណរដ្ឋ​អ៊ី​ស្លាម​ប៉ា​គី​ស្ថាន ប៉ុន្តែ​មាន​វិមាន​ព្រះពុទ្ធសាសនា​សំខាន់ៗ​នៅ​ទី​នោះដែរ ហើយ​កន្លងមក​ក៏​មាន​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​មួយចំនួន​ក៏បាន​បញ្ជូន​ប្រតិភូ​ព្រះសង្ឃ​ទៅ​ទស្សនកិច្ច​នៅ​ប៉ា​គី​ស្ថាន​ផងដែរ ហើយ​លោក​ឯកអគ្គរដ្ឋទូត ក៏បាន​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​លើ​វិស័យនេះ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ឲ្យ​បាន​កាន់តែច្រើន​វិស័យ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114