BREAKING NEWS
Search

អភិបាលក្រុង​កំពត​ អំពាវនាវ​ដល់​ម្ចាស់​ធនាគារ អាជីវករ ប្រជាពលរដ្ឋ​ចូលរួម​តុបតែង​ភ្លើង​លម្អ​ពេល​រាត្រី

កំពត ៖ បច្ចុប្បន្ន​នៅ​តាម​ដង​ផ្លូវ​នានា​នៅក្នុង​ក្រុង​កំពត ទីសាធារណៈ សួនច្បារ ផ្សារ មាត់​ព្រែក និង​ជាពិសេស​បរិវេណ​ពហុ​កីឡដ្ឋាន និង​រង្វង់​មូល​ធូ​រ៉េ​ន ត្រូវបាន​រដ្ឋបាលខេត្ត​កំពត​បំពាក់​អំពូល​ភ្លើង​(​អិ​ល​អ៊ី​ឌី​) ចម្រុះ​ពណ៌​បំភ្លឺ​យ៉ាង​ស្រស់ស្អាត​។ ដោយឡែក​នៅតាម​មន្ទីរ ស្ថាប័ន អង្គភាព​រដ្ឋ និង​ឯង​ជន មួយចំនួន​ក៏បាន​បំពាក់​ភ្លើង​លម្អ​កន្លែង​របស់ខ្លួន​រួចរាល់​ផងដែរ​។

ប៉ុន្តែ​ទោះជា​យ៉ាងណា​ បើ​តាម​ការ​លើក​ឡើង​រប​ស់លោក លាង រឿន​សុធី អភិបាលក្រុង​កំពត បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩​នេះ​ថា ធនាគារ​មួយ​ចំនួន កន្លែង​លក់ដូរ​តាម​ផ្ទះ និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​មិនទាន់​បាន​រៀប​ចំ​ភ្លើង​លម្អ​នៅឡើយ​ទេ​។ ដូច្នេះ​លោក​បាន​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ក្រុង​កំពត​, កន្លែងធ្វើការ និង​គេហដ្ឋាន​របស់​ខ្លួន​បាន​ស្រស់ស្អាត​នៅពេល​រាត្រី។

​លោក​អភិបាលក្រុង​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ការ​ដឹកនាំ​ដោយ​យកចិត្តទុកដាក់​ខ្ពស់ ពី​សំណាក់ លោក​ជាវ តា​យ អភិបាល​ខេត្ត​កំពត ផ្លូវ​នានា​នៅ​ក្នុង​ក្រុង​ដែល​ខូច​ខាត់​ត្រូវ​សាងសង់​ថ្មី​ពី​បេតុង​វិញ ព្រមទាំង​បំពាក់​នូវ​ភ្លើង​LED បំភ្លឺ​គ្រប់​ផ្លូវ​ទាំងអស់ ធ្វើ​ឲ្យ​ផ្លូវ​នៅក្នុង​ក្រុង​មិន​មាន​ភាព​ងងឹត​ដូច​មុន​ទេ​។ និយាយ​ដោយឡែក សម្រាប់​ការ​តប់​តែង​លម្អ​ភ្លើង​ក្នុង​ក្រុង ដើម្បី​ទទួល​ស្វាគមន៍​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២​នៅ​ខេត្ត​កំពត ដែល​បាន​កំណត់​យក​ទីតាំង​ពហុ​កីឡដ្ឋាន​កំពត​នោះ ក៏បាន​រៀបចំ​រួចរាល់​ស្ទើរតែ​ទាំង​ស្រុក ទាំង​ភ្លើង​ហ្វា ភ្លើង​អំពូល​តូចធំ ប្រព័ន្ធ​ភ្លើង​ដេញ​ពណ៌​ជាដើម។

ក្រៅពី​នេះ​ភ្លើង​នៅលើ​ក្លោងទ្វារ និង​ប៉ាណូ​ស្វាគមន៍​ពិធីបុណ្យ​សមុទ្រ​តាម​ផ្លូវ​ចូល​ក្រុង មាន​ផ្លូវជាតិ​លេខ​៣៣ និង​ផ្លូវ​លេខ​ជាតិ​លេខ​៣​ក៏បាន​ដាក់​រួចរាល់​ហើយ​ដែរ ចំណែក​នៅតាម​សួនច្បារ​នានា ផ្លូវ​តាម​ដងព្រែក​ក៏បាន​រៀបចំ​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ បើ​ទោះ​ជា​ការ​តុបតែង​លម្អ​បន្ថែម​បាន​នឹង​កំពុង​បន្ត​ឲ្យ​កាន់តែ​ប្រសើរ​។

លោក​អភិបាលក្រុង​បញ្ជាក់​ផង​ដែរ​ថា អ្វី​ដែល​លោក​សង្កេតឃើញ​នៅ​ខ្វះចន្លោះ​គឺ ធនាគារ​មួយចំនួន កន្លែង​លក់ដូរ​តាម​ផ្ទះ និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ នៅក្នុង​តាម​បណ្តោយ​ផ្លូវ​សំខាន់ៗ​នៅ​មិនទាន់បាន​តុបតែង​កែលម្អ លាប​ពណ៌ និង​បំពាក់​ភ្លើង​លម្អ​នៅឡើយ​នៅពេល​យប់​។ ចឹ​ង​ហើយ​លោក​សូម​អំពាវនាវ​មានការ​ចូលរួម​ទាំងអស់​គ្នា ​ដើម្បី​ឲ្យ​ក្រុង​កំពត​កាន់តែ​ទាក់ទាញ​ទាំង​ពេល​ថ្ងៃ និង​ពេលយប់ ស័ក្ដិសម​ជាទី​ក្រុង​ស្អាត នឹង​ដើម្បី​ឆ្លើយតប​តាម​ការយកចិត្តទុកដាក់​របស់​អភិបាលខេត្ត​ដែល​លោក​តែង​ចង់​ប្រែក្លាយ​ក្រុង​កំពត ជា​ក្រុង​ទេសចរណ៍​តំបន់​ឆ្នេរ​ទាក់ទាញ​ជាងគេ​បំផុត​៕
សេង ណា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114