BREAKING NEWS
Search

យុវជន​ម្នាក់ បើក​ម៉ូតូ​លឿន​ដូច​ហោះ​ បុក​បង្កាន់ដៃ​ស្ពាន បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​

បន្ទាយមានជ័យ ៖ យុវជន​ម្នាក់ ​បើក​ម៉ូតូ​លឿន​ដូច​ហោះ ​គ្មាន​ការ​ប្រុងប្រយ័ត្ន​ ​ដល់​ចំណុច​ផ្លូវ​កោង​បុក​បង្កាន់ដៃ​ស្ពានថ្ម​ ផ្លោង​ បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ កាលពី​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ស្ពាន​កាត់​ស្ទឹង​ប្រសប់​រវាង​ភូមិ​ទ័ព​សៀម និង​ភូមិ​ខ្លែង​ពណ៌​ជើង ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។​

លោក​អនុសេនីយ៍ទោ​ រិ​ន ​ឡឹប នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្លក្រាម​បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះ​មាន ឈ្មោះ សេត ជឿន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ទ័ព​សៀម ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។

​លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ មុនពេល​កើតហេតុ​នោះ ​យុវជន​រង​គ្រោះ​ខាង​លើ បាន​ជិះ​ម៉ូតូ​ធំ​មួយ​គ្រឿង​ ម៉ាក YAMAHA ពណ៌​ខៀវ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1R 1907 បើក​ពី​កើត ទៅ​លិច ក្នុង​ល្បឿន​លឿន មិន​ពាក់មួក​សុវត្ថិភាព លុះ​មកដល់​ចំណុច​កើត​ហេតុ​ផ្លូវ​កោង​ ដោយ​ល្បឿន​លឿន​ខ្លាំង​ពេក ​កាច់ចង្កូត​មិនទាន់ ទៅបុក​បង្កាន់ដៃ​ស្ពានថ្ម ផ្លោង​ទៅមុខ​ជាង​២០​ម៉ែត្រ បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​។​

ក្រោយ​កើត​ហេតុ​ សមត្ថកិច្ច​ បាន​ចុះ​មកដល់​កន្លែង​កើត​ហេតុ​វាស់វែង ធ្វើ​កំណត់ហេតុ ​រួច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​សព​តែម្ដង​៕​

អត្ថបទ ៖ គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114