BREAKING NEWS
Search

បើកម៉ូតូចាប់ហ្វ្រាំងដួល ត្រូវរថយន្តមកពីក្រោយកិនស្លាប់នៅស្រុកស្អាង

កណ្ដាល ៖ ក្មេងស្រី អាយុ១៦ឆ្នាំម្នាក់ បានស្លាប់ក្នុងថ្លុកឈាម យ៉ាងអណោចអធ័ម ខណៈបើកម៉ូតូ អកស៊ើរថយន្ត មួយគ្រឿង បើកនៅខាងមុខ ក៏បានចាប់ហ្រ្វាំង បណ្ដាលឲ្យដួល ធ្វើឲ្យរថយន្តមួយគ្រឿងទៀត បើកមកពីក្រោយ កិនក្មេងស្រីរងគ្រោះ កាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១២១០ ភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្ត្រីនគរបាល ចរាចរស្រុកស្អាង បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ធូ សុខចាន់ អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បើកបរម៉ូតូ ម៉ាក ហុងដា ប៊ីត ស៊េរីឆ្នាំ២០១៩ ។ ចំណែកភាគីខាងរថយន្ត ម៉ាកTOYOTA (tacoma) ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-9373 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញក្មេងស្រីរងគ្រោះបើកម៉ូតូតាមបណ្ដោយផ្លូវលេខ១២១០ ក្នុងទិសដៅពីជើងទៅត្បូង ដោយបើកបរនៅពីក្រោយរងថយន្តមួយគ្រឿង ធុនធំ ខណៈមកដល់ចំណុចកើតហេតុ បានអកស៊ើជាមួយរថយន្តនៅខាងមុខ ក៏ចាប់ហ្រ្វាំងបូម (ហ្រ្វាំងមុខ) បណ្ដាលឲ្យដួលនៅលើផ្លូវ ស្របពេលជាមួយគ្នានោះ ក៏មានរថយន្ត ម៉ាក TOYOTA(tacoma) ដែលបើកមកពីក្រោយម៉ូតូក្មេងស្រីរងគ្រោះ ឈប់មិនទាន់ក៏បានបុកក្មេងស្រីរងគ្រោះ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុគួរឲ្យអាសូរ ។

ក្រោយពីមានហេតុការណ៏កើតឡើង កម្លាំងនគរបាលចរាចរណ៍ស្រុកស្អាង បានចុះធ្វើការពិនិត្យ វាស់វែងកន្លែងកើតហេតុ រួចកសាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយកទៅរក្សាទុកនៅអធីការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយសារអ្នកបើកបរម៉ូតូធ្វេសប្រហែសខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ទើបបង្កអោយមានគ្រោះថ្នាក់កើតឡើង។ ចំណែកអ្នកបើកបររថយន្ដក៏ធ្វេសប្រហែស ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្នក្នុងការបើកបរផងដែរ ៕

អត្ថបទ៖ រ៉ាវុទ្ធ