BREAKING NEWS
Search

ដើម​ឈើ​ចម្លែក ​ក្លាយទៅជា​ថ្ម​នៅ​ស្រុក​លំផាត់

រតនគិរី​ ៖​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន សហការ​​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ពិនិត្យ​ដើមឈើ​ក្លាយ​ជា​ថ្ម ដែល​មាន​អាយុកាល​រាប់ពាន់​លាន​ឆ្នាំ បន្ទាប់ពី​មន្ត្រី​ការិយាល័យ​បេតិកភណ្ឌ​វប្បធម៌ នៃ​នាយកដ្ឋាន​តំបន់​វប្បធម៌​របស់​ក្រសួងបរិស្ថាន បាន​ចុះ​ស្រាវជ្រាវ​ រយៈពេល​កន្លងមក។

កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៩ លោក​ សូ ឫទ្ធី​គុណ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង​ជា​ប្រធាន​គណៈកម្មាធិការ​មូលនិធិ​បរិស្ថាន និង​សង្គម សហការ​​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​បាន​អញ្ជើញ​ចុះ​ដល់​ទី​តាំង​ដើមឈើ​ក្លាយ​ជា​ថ្ម នៅ​វេលា​ម៉ោង​៥​និង​៥០​នាទី ត្រង់​ចំណុច​ត្រពាំង​ឈូក ស្ថិត​ក្នុង​ភូមិ​សា​យ៉ស់ ឃុំ​កា​ឡែ​ង ស្រុក​លំផាត់ ខេត្ត​រតនគិរី។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​លឹម វ៉ាន់​ចាន់ ប្រធាន​ការិយាល័យ​បេតិកភណ្ឌ​វប្បធម៌ នៃ​នាយកដ្ឋាន​តំបន់​វប្បធម៌ របស់​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​ផូស៊ីល​ដើមឈើ បាន​ន័យ​ថា ជាដើម​ឈើ​បាន​ក្លាយ​ជា​ថ្ម។ ក្រុមការងារ​លោក​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​២០១៩ បាន​ចំនួន​១១​ទីតាំង​ហើយ ហើយ​នេះ​គឺជា​ទីតាំង​មួយ​ក្នុងចំណោម​១១​ទីតាំង​នោះ។ លោក​ថា ក្រុមការងារ​លោក​ បាន​សិក្សា​ស្រាវជ្រាវ​ឃើញ​​ផូស៊ីល​ពពួក​សត្វ​សមុទ្រ​នៅ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​មណ្ឌលគិរី ហើយ​​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង ក៏​មាន​ផូស៊ីល​ឈើ​ដែរ ជា​ប្រភេទ​ដើមឈើ។

លោក​បាន​បន្ត​ទៀត​ថា គោលដៅ​នៃ​ការសិក្សា​នេះ គឺ​សិក្សា​រក​ព័ត៌មាន​ទិន្នន័យ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ផូស៊ីល​ទាំងអស់ ថា​តើ​ការប្រែប្រួល​របស់​វា​យ៉ាងម៉េច ជាពិសេស​ទិន្នន័យ​ស្រុក​យើង​អត់​មាន ដូច្នេះ​គឺជា​ការ​ចាប់ផ្ដើម​ថ្មី​មួយ​របស់​យើង​ក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​បញ្ជាក់​ថា មុននឹង​ឈាន​ដល់​ការ​ចុះ​ស្រាវជ្រាវ​នេះ គឺ​លោក​ទទួល​បាន​ព័ត៌មាន​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី ហើយ​ចំណាយ​ស្រាវជ្រាវ​នេះ ​លោក​បាន​កកាយ​អស់​រយៈពេល​២​សប្ដាហ៍ ​ជីក​បាន​១៦​ម៉ែត្រ ប៉ុន្តែ​ដើមឈើ​មួយ​ដើម​នេះ ជីក​បាន​១៤​ម៉ែត្រ នៅ​មិនទាន់​ផុត​ទេ ដូច្នេះ​ការសិក្សា​នេះ​លោក​នឹង​បន្ត​ទៅ​ឆ្នាំ​ក្រោយ​ទៀត។

លោក​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​ទីតាំង​នេះ​ មិនមែន​មានតែ​ប៉ុណ្ណឹង​ទេ គឺ​ប្រហែលជា ១​គីឡូម៉ែត្រ​ជុំវិញ​នេះ គេ​រកឃើញ​មាន​លេចចេញ​ដើមឈើ​ប្រែក្លាយជា​ថ្ម​នេះ​ច្រើន​ទៀត លោក​គ្រាន់តែ​រាប់​ចំនួន​បណ្ដោះអាសន្ន ឃើញ​មាន​៣៥​ដើម​ហើយ គ្រាន់តែ​ចំណាយពេល​មួយ​ព្រឹក​តែប៉ុណ្ណោះ ហើយ​ក្រុមការងារ​លោក​សន្និដ្ឋាន​ថា អ​តីត​កាល​តំបន់​នេះ​គឺជា​តំបន់​ព្រៃ ចំណែក​ឈើ​នេះ​មុននឹង​ក្លាយ​ជា​ថ្ម​បាន លុះត្រាតែ​វា​បំពេញ​លក្ខខណ្ឌ​របស់​វា​ផង​ដែរ។ ក្រុមការងារ​របស់​លោក​គិត​ថា ប្រហែលជា​ឈើ​នេះ​នៅ​ក្បែរ​សមុទ្រ ទើប​វា​អាច​មាន​ឱកាស​ច្រើន​ប្រែ​ក្លាយ​ជា​ថ្ម​បាន។ ម្យ៉ាង​ដោយសារ​ឈើ​នេះ​ មាន​ស្រទាប់​ដី​គ្រប​ជិត​ឆាប់រហ័ស មិន​មាន​ឱកាស​ឲ្យ​អុកស៊ីសែន​ឆ្លងកាត់ ធ្វើ​ឲ្យ​ឈើ​នេះ​មិន​អាច​ពុក​ផុយ​ទៅ​បាន ពីព្រោះ​ឈើ​អាច​ពុក​ផុយ​ទៅ​បាន​ ដោយសារ​អុកស៊ីសែន​ឆ្លងកាត់ និង​ដោយសារ​បាក់តេរី​ផ្សេងៗ ហើយ​វា​ត្រូវ​ចំណាយពេល​រាប់ពាន់ រាប់លាន​ឆ្នាំ​ឯណោះ ទើប​អាច​ក្លាយជា​ថ្ម​បាន។

​លោក​ថា បើតាម​ការស្រាវជ្រាវ តំបន់​នេះ ជា​តំបន់​សមុទ្រ ពីព្រោះ​ចម្ងាយ​ប្រមាណ​ជា​៥​គីឡូម៉ែត្រ ពី​ទីតាំង​នេះ​មាន​ភស្ដុតាង​ថ្មកំបោរ។

​លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី បានបញ្ជាក់​ប្រាប់​ក្រុម​សារព័ត៌មាន នៅ​ថ្ងៃទី​១៤ ខែធ្នូ​​ ថា ក្រសួង​នឹង​បន្ត​ស្រាវជ្រាវ​ជំរុញ​ទីតាំង​នេះ​ឲ្យ​ក្លាយជា​តំបន់​បែប​ទេសចរណ៍​ សិក្សា​ស្រាវជ្រាវ​មួយ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ជូន​បងប្អូន​សហគមន៍​មូលដ្ឋាន​ផង​ដែរ។

លោក​ក៏​រៀបចំ​ជា​ស្នាក់​ការ​រង​មួយ ដើម្បី​គ្រប់គ្រង​ទីតាំង​នេះ និង​ជំរុញ​ឲ្យ​មានការ​សិក្សា មាន​និស្សិត​មកពី​ចម្ងាយ ដូចជា​នៅ​ភ្នំពេញ ​និង​តាម​បណ្ដាល​ខេត្ត​ផ្សេងៗ ដែល​ចង់​សិក្សា​ស្វែងយល់​ពី​អភូតហេតុ ដែល​បណ្ដាល​ឲ្យ​ដើមឈើ​ប្រែ​ក្លាយ​ជា​ថ្ម​នេះ គឺ​ខាង​មន្ទីរ​បរិស្ថាន​យើង​នឹង​រង់ចាំ​ស្វាគមន៍​ជានិច្ច៕
វុ​ទ្ធ​ឦសាន​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114