BREAKING NEWS
Search

មាន​តម្រុយ​ខ្លះៗ ជុំវិញ​ករណី​ឃាតកម្ម​លើ​អ្នកគ្រូ​ដ៏​ស្លូតបូត​ម្នាក់ នៅ​ស្រុក​សំឡូត​

បាត់ដំបង ៖ ជុំវិញ​ករណី​ឃាតកម្ម​ទៅលើ​ស្ត្រី​ដ៏​ស្រស់ស្អាត​ម្នាក់ ដែលមាន​មុខងារ​ជា​គ្រូបង្រៀន នៃ​សាលា​បឋមសិក្សា​មួយកន្លែង ក្នុងស្រុក​សំឡូត កាលពីពេល​ថ្មីៗ​កន្លងទៅនេះ គឺ​ សមត្ថកិច្ច​ បាន​នាំ​ខ្លួន​មនុស្ស​ដែល​មាន​ការសង្ស័យ​យក​ទៅ​សាកសួរ​ហើយ ដែល​រហូតមក​ទល់នឹង​ពេលនេះ នៅ​មិន​ទាន់​ទទួលបាន​ចម្លើយ​នៅឡើយ​ទេ​ បន្ទាប់ពី​សមត្ថកិច្ច​បា​នរក​ឃើញ​ចំណុច​មួយចំនួន​អាច​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ដ៏​ឃោរឃៅ​នេះ។

ស្ត្រី​ដ៏​ស្រស់​ស្អាត​ម្នាក់ ដែលមាន​មុខងារ​ជា​គ្រូបង្រៀន​ក្នុង​សាលាបឋមសិក្សា​មួយ​កន្លែង​ក្នុង​ស្រុក​សំឡូត ត្រូវបាន​ឃាតក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​បំផុត ខណៈដែល​អ្នកគ្រូ​រូបនេះ​ជិះ​ម៉ូតូ​ចេញពី​បង្រៀន​សិស្ស​ក្នុង​ដំណើរ​វិលត្រឡប់​ទៅ​លំនៅឋាន។

​គួរ​បញ្ជាក់ដែរថា សព​ស្ត្រី​ម្នាក់​ដែលមាន​មុខងារ​ជា​គ្រូបង្រៀន ត្រូវបាន​គេ​ប្រទះឃើញ​សព​កាលពី​វេលា​ម៉ោង៥និង២៥​នាទី​ល្ងាច ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៩ ត្រង់ចំណុច​ចម្ការ​ចន្ទី ស្ថិត​ក្នុង​ភូមិ​បឹង​រុន ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង ដោយ​សភាព​សព​របស់​ស្ត្រី​រងគ្រោះ​ គឺ​ដេក​ផ្កាប់មុខ​នៅ​ក្នុង​ព្រៃ ដោយ​នៅក្បែៗ​ទីតាំង​កើតហេតុ​ គេ​សង្កេត​ឃើញថា ទាំង​ម៉ូតូ​ឌ្រី​ម​ដែល​អ្នកគ្រូ​ជិះ​ចេញពី​សាលា ក៏​ដូច​ជា​ ទូរស័ព្ទ​ដៃ គឺ​នៅ​ទីនោះ​ទាំងអស់ ដោយ​មិន​មាន​ការបាត់បង់​នោះឡើយ។

បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ការិយាល័យ​អប់រំ យុវជន និង កីឡា ស្រុក​សំឡូត ទៅកាន់​មន្ទីរអប់រំ​ យុវជន និង កីឡា ខេត្ត​បាត់ដំបង បាន​បញ្ជាក់ថា ស្ត្រី​រងគ្រោះ​ឈ្មោះ អ៊ូច ចាន់ថា អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​បឹង​រុន ឃុំ​សំឡូត ស្រុក​សំឡូត ជា​គ្រូ​បឋមសិក្សា នៃ​សាលា​អំ​ពិ​ប​លើ បាន​បាត់​ខ្លួន​នៅ​ចន្លោះ​ម៉ោង១១និង៣០នាទី ទៅ​ម៉ោង១២ថ្ងៃត្រង់ ពេលដែល​អ្នកគ្រូ​ចេញពី​សាលា។​

​សេចក្ដីជូនដំណឹង​បានបញ្ជាក់​បន្ថែមថា សព​ត្រូវបាន​គេ​ប្រទះឃើញ​នៅវេលា​ម៉ោង៥និង២៥​នាទី ល្ងាច​ថ្ងៃ​ដដែល ក្នុងភូមិ​សាស្ត្រ​ខាងលើ ដែលមាន​ចម្ងាយ​ប្រមាណ២០០ម៉ែត្រ ពី​ផ្លូវ ដែល​ការ​វិនិច្ឆ័យ​បឋម អាច​ជា​រឿង​គំនុំ ព្រោះ​បើ​គេ​ពិនិត្យមើល​ពី​ខាងក្រៅ សព​មាន​ស្លាកស្នាម​វាយតប់​ជាច្រើន​កន្លែង មុននឹង​ឃាតក​សម្លាប់ រីឯ​សម្ភារៈ​មួយចំនួន​របស់​សព ក៏​មិនមាន​ការបាត់បង់​នោះឡើយ។​

លុះ​នៅ​ព្រឹក​ថ្ងៃទី១៧ ខែឆ្នាំដដែល កម្លាំង​ជំនាញ ​នៃ​ការិយាល័យ​បច្ចេកទេស និង កោសល្យវិច័យ បាន​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ ដែល​ទៅ​ពី​មន្ទីរ​សុខាភិបាល​ខេត្ត បានធ្វើការ​ត្រួតពិនិត្យ ព្រម​ទាំង​បាន​សន្និដ្ឋាន​រួមគ្នា​មួយ​ គឺ ស្ត្រី​រងគ្រោះ​ដែល ​មាន​ស្វាមី និង​មាន​កូនស្រី​មួយ​នេះ ត្រូវ​ឃាតក​សម្លាប់​ដោយ​ប្រើប្រាស់​ខ្សែ​រឹត​បំពង់​.​ក និង ​កាច់​បំបាក់​.​ក បន្ថែម​ទៀត ព្រមទាំង​មាន​ស្នាម​អូស​បញ្ច្រាស​ជើង​យក​ទៅ​ចោល​ក្នុងព្រៃ​ថែមទៀត​ផង។

នៅ​យប់​ដែល​សព​ត្រូវបាន​សមត្ថកិច្ច​ដេក​យាម​ដើម្បី​រង់ចាំ​ការ​ធ្វើ​កោសល្យវិច័យ​នាពេល​ព្រឹក​ឡើង​នោះ​ ក៏មាន​ប្រជាពលរដ្ឋ​រាប់សិប​នាក់ បាន​ដុត​ភ្នក់ភ្លើង និង​ចាប់​អំពូល​អាគុយ​ពេញ​ព្រៃ ជុំវិញ​ទីតាំង​កើត​ហេតុ ដោយសារតែ​អ្នកគ្រូ​រូបនេះ​មាន​ប្រជាប្រិយភាព និង​មាន​ចរិត​ស្លូតបូត ថ្លៃថ្នូរ និង​មាន​ជំនាញ​ក្នុង​ការបង្រៀន​សិស្ស រហូត​ធ្វើឲ្យ​នាយក​សាលា​ប្រគល់​ឲ្យ​អ្នកគ្រូ​បង្រៀន២​វេន ទៅតាម​សំណូមពរ ដើម្បី​ទ្រទ្រង់​ជីវភាព​របស់​អ្នកគ្រូ។​

​នៅ​ថ្ងៃទី​១៧ នោះដែរ ក្រោយពី​មានការ​សង្ស័យ​ទៅលើ២​ចំណុច សមត្ថកិច្ច​ក៏បាន​នាំខ្លួន​បុរស​ជា​ប្តី ឈ្មោះ​ ព្រំ សួស​សំណាង អាយុ៣១​ឆ្នាំ យកទៅ​កាន់​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត ដើម្បី​សាកសួរ ដែល​បុរស​រូបនេះ​គេ​សង្ស័យថា គឺជា មុខសញ្ញា​ប្រើ​ប្រាស់​ថ្នាំញៀន​ផងដែរ​ ប៉ុន្តែ​រហូត​មក​ទល់នឹង​ល្ងាច​ថ្ងៃ​ទី​១៨ ក៏​សមត្ថកិច្ច​នៅ​មិនទាន់​ទទួលបាន​នូវ​ចម្លើយ​សារភាព​ដែរ។

នៅក្នុង​នោះ​ ក៏មាន​ប្រភព​ច្បាស់​ការ ​មួយ​បាន​បង្ហើប​ថា សមត្ថកិច្ច​បាន​រកឃើញ​សៀវភៅ​កំណត់​ត្រា​ប្រចាំថ្ងៃ​ដែល​បានបញ្ជាក់​នូវ​បញ្ហា​ចម្រូងចម្រាស​មួយចំនួន​ក្នុង​គ្រួសារ ហើយ​កាលពី​ថ្ងៃទី​១៣ បុរស​ជា​ប្តី​បាន​បង្ហោះ​សារ​មួយ​នៅក្នុង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដោយបាន​សរសេរ​ថា « រឿង​ដែល​មិន​ចង់​ឃើញ បែរជា​ឃើញ » នៅ​ក្នុងន័យនេះ​បុរស​ជា​ប្តី​បាន​សារភាព​ថា គេ​មានចិត្ត​ប្រច័ណ្ឌ​ទៅ​លើ​បុរស​ម្នាក់ ដែលជា​អតីត​សង្សារ​របស់​ប្រពន្ធ​ខ្លួន ( សង្សារ​តាំងពី​ខ្លួន​មិនទាន់​រៀបការ ) ហើយ​នៅ​ព្រឹក​មុនពេល​កើតហេតុ គេ​ដឹងថា​បុរស​រូបនេះ បាន​ទៅ​សេព​គ្រឿងញៀន ទើប​មាន​រឿងនេះ​កើត​ឡើង​តែម្តង។​

​បើទោះបីជា​ជនសង្ស័យ​មិន​ព្រមឆ្លើយ​យ៉ាងណាក៏ដោយ ក៏​នៅ​ល្ងាច​ថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ សមត្ថកិច្ច​ជំនាញ នឹង​ធ្វើ​ការ​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​ហើយ ដើម្បី​ទុក​នាទី​ទៅឲ្យ​តំណាង​អយ្យកា​ជា​អ្នកចាត់ការ​បន្ត៕


អត្ថបទ ៖ សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114