BREAKING NEWS
Search

ខឹង​សាលាក្រុង​ដាំ​ដើម​ឈើ​​​នៅ​ព្រំ​ផ្ទះ ​ដកចេញ ​អាជ្ញាធរ​ខឹង​ដាំ​១​ដើម​ទៀត ​ចំ​កណ្តាល​ផ្លូវ​ចូល​ផ្ទះ​ម្ចាស់​ខឹង​ជេរ​ផ្អើល​ឈុល

ភ្នំពេញ ​៖ ​ស្ត្រី​ម្នាក់​ជា​ម្ចាស់​សាលាបង្រៀន​បើកបរ​យានយន្ត​៧​មករា ​បាន​ផ្ទុះ​ប្រតិកម្ម​ទៅ​នឹង ​មន្ត្រី​អង្គភាព​សួនច្បារ និង​ដើមឈើ​នៃ​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ព្រមទាំង​អាជ្ញាធរ ខណ្ឌ​ជ្រោយ​ចង្វារ​ ដែល​​ចុះទៅ​ដាំ​ដើមឈើ​ ​​​ចំ​ព្រំ​ពីមុខ​ផ្ទះ​របស់​ខ្លួន ​ហើយ​ក៏​ដក​ចេញ​ ​​អាជ្ញាធរ​ចុះ​សួរនាំ ​ជេរ​ផ្អើល​ឈុល ព្រមទាំង​ជេរ​អ្នកកាសែត​ទៀត​ផង ក្រោយមក​អាជ្ញាធរ​ខឹង​ក៏​ដាំ​១​ដើម​ទៀត​ចំ​កណ្ដាល​ផ្លូវ​ចូល​ផ្ទះ​តែ​ម្តង។

ហេតុការណ៍​នេះ ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​អស់​មួយ​ព្រឹក​ថ្ងៃទី​១៩ ​ខែធ្នូ​ ឆ្នាំ​២០១៩​​ នៅ​ចំណុច សាលាបង្រៀន​បើកបរ​រថយន្ត​៧​មករា និង​ផ្ទះ​លក់​គ្រឿង​សង្ហារិម ​​ស្ថិតនៅ​ចំណុច ផ្ទះ​លេខ​៣០I​ផ្លូវជាតិ​លេខ ៦(​មុខ​ទីបញ្ជាការ​កងទ័ពជើងទឹក) ក្នុងភូមិ គៀន​ឃ្លាំង​ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។

មន្ត្រី​សាធារណការ​ក្រុង​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ឆ្នាំ​២០១៩ ក្រុម​មន្ត្រី​អង្គភាព ​សួនច្បារ និង​ដើមឈើ​នៃ​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ រួមទាំង​អាជ្ញាធរ ​​បាន​ចុះទៅ​ដាំ​ដើម​ធ្នង់ នៅ​តាម​ចិញ្ចើម​ផ្លូវ តាម​គោលការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ។

ប្រភព​បន្តថា តាម​គោលការណ៍​ គឺ​ដាំ​កូនឈើ​ចំនួន​១០០០​ដើម​សងខាង​ផ្លូវជាតិ​លេខ​៦​ ដោយ​ដាំ​ពី​រង្វង់​មូល​កង​ព្រំ​រហូតដល់​មុខ​សាលា​ខណ្ឌ​ជ្រោយចង្វារ​ ជា​ប្រយោជន៍​ម្លប់​តាមផ្លូវ​ផង​ និង​លម្អ​សោភ័ណភាព​ទីក្រុង​ផង។ នៅ​ក្នុង​ការ​ដាំ​នេះ​​ ដោយ​ចូល​ពី​ចិញ្ចើម​ផ្លូវ​ប្រវែង​៤​ម៉ែត្រ និង​ឃ្លាត​ពីគ្នា ប្រវែង​៨​ម៉ែត្រ។ ដោយ​មាន​ការយោគយល់ កន្លែង​ខ្លះ ពេល​វាស់​ទៅ​ចំ​មុខ​ផ្ទះ​ ក៏​ដកឃ្លា​រហូតដល់​កៀន​របង​ចំ​ព្រំ។ ដោយឡែក ដើមឈើ​មួយ​ដើម ដែល​ត្រូវ​ម្ចាស់ផ្ទះ​បើក​សាលាបង្រៀន​បើកបរ រថយន្ត​៧​មករា​ដក គឺ​ដាំ​នៅ​កៀន​ចន្លោះ​ព្រំផ្ទះ ​បើក​បង្រៀន និង​ផ្ទះ​លក់​គ្រឿង​សង្ហារិម។ ខណៈ​ដាំ​មកដល់​មុខ សាលាបង្រៀន​បើកបរ រថយន្ត​៧​មករា​នោះ ក៏​ផ្ទុះ​បាតុភាព ដោយ​ម្ចាស់ផ្ទះ​ក៏បាន​​ប្រតិកម្ម​ផងដែរ។

ប្រភព​បន្តទៀតថា លុះ​នៅ​ព្រឹក​ថ្ងៃទី​១៩ ​ខែធ្នូ​នេះ មន្ត្រី​ជំនាញ​ក៏បាន​​ ​ចុះ​ដាំ​ដើមឈើ​បន្តទៀត ស្រាប់តែ​ដើមឈើ​មួយ​ដើម នៅមុខ​សាលា​បើកបរ​នោះ ​ត្រូវបាន​ម្ចាស់ផ្ទះ ដក​បាត់​ ហើយ​យកទៅ​ទុក​នៅ​ក្នុង​សាលាបង្រៀន​បើកបរ​៧​មករា។

តាម​ព័ត៌មាន​ឲ្យ​ដឹងទៀតថា នៅ​ព្រឹក​នោះ ក្រុមការងារ និង​អាជ្ញាធរ ក៏បាន​ចុះទៅ​សួរនាំ ក៏​មាន​ប្រតិកម្ម យ៉ាង​ខ្លាំង​ពី​ម្ចាស់ផ្ទះ នោះ​ ដោយ​ចោទថា មក​ដាំង​ដើមឈើ​ពីមុខ​កណ្តាល​ផ្លូវ​ចូល​គ្មាន​ការអនុញ្ញាត​ និង​ជូនដំណឹង​មុន។

មន្ត្រី​រូប​នោះ​ បាន​ឲ្យ​ដឹងទៀតថា ដោយសារតែ​ខឹង​ដក​ដើមឈើ​មួយ​ដើម​ចេញ មន្ត្រី​ជំនាញ​ក៏បាន​វាស់​ប្រវែង​៨​ម៉ែត្រ​ដាំ​មួយ​ដើម​ទៀត ចំ​ពីមុខ​លក់​គ្រឿង​សង្ហា​រឹម​តែម្តង។

តាម​ស្ត្រី​ម្នាក់ ជា​ម្ចាស់ផ្ទះ​បើក​សាលាបង្រៀន​បើកបរ បាន​ឲ្យ​ដឹងថា គាត់​មិន​ជំទាស់ នឹង​កា​រអភិវឌ្ឍ​ដាំ​ដើមឈើ​នោះទេ តែ​គួរ​មានការ​សម្របសម្រួល​គ្នា ដោយ​ដាំ​ដើមឈើ​នៅ​កៀន​ព្រំ​ មិន​គួរ​មក​ដាំ​មុខផ្ទះ​បែបនេះ​នោះទេ។ បើសិនជា​កូនសិស្ស ដែល​ទើបតែ​មក​រៀន​បើកបរ បើក​មក​ប៉ះ កៀរ​បាក់​តើន​រណា​ទទួលខុសត្រូវ។

ស្ត្រី​រូបនោះ បាន​ឲ្យ​ដឹងទៀតថា បើសិន​គេ​យក​ដើមឈើ​មក​ដាំ​ចំ​កណ្តាល​មុខផ្ទះ​អស់លោក​វិញ មាន​អារម្មណ៍​យ៉ាង​ម៉េច​ដែរ​?​។​ ចំពោះ​ដើមឈើ​មួយ​ដើម​គាត់​ពុំបាន​ដក​នោះ​ទេ។ នៅ​ព្រឹក​នោះ​ពេលដែល​កូនសិស្ស​មក​ឃើញ​ដើម​ឈើ​​ត្រូវគេ​ដក​ទុកចោល គាត់​ក៏​បាន​ឲ្យ​កូនចៅ​យកចេញ​ទៅ​ទុក​ទៅ៕
ឌី​រៀ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114