BREAKING NEWS
Search

ប្រវត្តិ​រឿងព្រេង​ពី​បុរាណ​​ទាក់ទង​នឹង​ឈ្មោះ ភូមិ​ នៅ​ក្នុង​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង

កំពង់ឆ្នាំង ​៖ ​តាមពិត​ឈ្មោះ​ភូមិ​មួយ​ចំនួន នៅ​ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ សុទ្ធ​តែ​មាន​ប្រវត្តិ​នៃ​រឿងព្រេង​និទាន​ពី​បុរាណ​ពាក់ព័ន្ធ​នឹង​រឿង​រាមកេរ្តិ៍ ដែល​ចាស់ៗ​បាន​និយាយ​តៗ​គ្នា និង​ ដែល​គេ​អាច​ជឿ​បាន​ព្រោះ​មាន​ភស្តុតាង​ឈ្មោះ​ភូមិ​ឃុំ​នៅ​ជាក់ស្ដែង​រហូតដល់​សព្វ​ថ្ងៃនេះ។

បុរស​ម្នាក់​រស់នៅ​ក្នុង​ភូមិ​អូ​រូង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ជា​អ្នក​កាប់​ដី​ធ្វើ​ក្អមឆ្នាំង​លក់​ឲ្យ​អ្នកស្រុក​ក្នុង​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២០ ​​បានឲ្យដឹងថា ​៖ គាត់​មាន​អាយុ​ជិត​៦០​ឆ្នាំ​ហើយ ធ្លាប់​បាន​ឮ​ចាស់ៗ​នៅ​ក្នុង​ស្រុក​និយាយថា ​៖ កាលពី​ជំនាន់​ដើម​ស្តេច​ក៏​មាន​ធ្វើស្រែ​​​ ដូច​ប្រជារាស្ត្រ​ដែរ ជាក់ស្តែង​មាន​ភ្នំ​មួយ​មានឈ្មោះ ភ្នំ​ជង្រុក នៅ​ក្នុង​ស្រុក​រលាប្អៀរ​នេះ ដែល​ជា​ជង្រុក​ទុកដាក់​ស្រូវ​របស់​ស្តេច​ជំនាន់​នោះ និង​មានឈ្មោះ​ភូមិ​មួយ ឈ្មោះ​ភូមិ​ព្រះរាម​រង្សី នៅក្នុង​ឃុំ​ព្រៃ​មូល​សព្វថ្ងៃ ដែល​ស្តេច​គង់នៅ​ដឹកនាំ​ពល​សេនា ហើយក៏​មានឈ្មោះ​ភូមិ​មួយ​ទៀត ឈ្មោះ​ភូមិ​ព្រៃ​លាក់​នាង នៅក្នុង​ឃុំ​ជ្រៃ​បាក់​សព្វថ្ងៃ ដែល​ស្តេច​បាន​ស្រឡាញ់​ស្រី​ម្នាក់ និង​បាន​យក​នាង​មក​លាក់ទុក​នៅក្នុង​ព្រៃ​នោះ និង​មានឈ្មោះ​ភូមិ​មួយទៀត ឈ្មោះ​ភូមិ​អូរ​កំណប់ ដែល​ស្តេច​បាន​យក​កំណប់ មក​កប់​លាក់ទុក​ក្នុង​អូរ​នោះ។

ដោយឡែក តាម​រឿងនិទាន​និយាយ​ពី​បុរាណ​ថា​៖ កាល​មួយ​នោះ ស្តេច​បាន​ទាញ​ធ្នូ បាញ់​ឥន្ទ្រី​ធំ​មួយ​ក្បាល ដែល​ឥន្ទ្រី​នោះ បាន​ធ្លាក់​មក​ចំ​ដើម​ជ្រៃ​បាក់​មែក​ស្លាប់​នៅ​ទីនោះ​ ដែល​បច្ចុប្បន្ន​នេះ​ នៅ​ចំណុច​ដើម​ជ្រៃ​នោះ​ ត្រូវបាន​គេ​ដាក់ឈ្មោះថា ភូមិ​ជ្រៃ​បាក់ ឈ្មោះ​ឃុំ​ជ្រៃ​បាក់ វត្ត​ជ្រៃ​បាក់ ស្ពាន​ជ្រៃ​បាក់​និង​ស្ទឹង​ជ្រៃ​បាក់ រហូតដល់​សព្វថ្ងៃនេះ។ ដោយឡែក ចំពុះ​សត្វ​ឥន្ទ្រី​នោះ បាន​ធ្លាក់​នៅលើ​ភ្នំ​មួយ ដែល​គេ​ហៅថា ភ្នំ​ចំពុះ សព្វថ្ងៃនេះ នៅក្នុង​ឃុំ​គោក​បន្ទាយ។ ចំណែក ព្រួញ​នៃ​ធ្នូ​នោះ បាន​ធ្លាក់​មក​ឆ្កុយ​ចំ​វាល​មួយ ដែល​សព្វថ្ងៃ​វាល​នោះបាន​ក្លាយ​ជា​ភូមិ ឈ្មោះ​ភូមិ​បាញ់​ឆ្កុយ ពីមុន និង​ដែល​ហៅ​ក្លាយ​មកជា ភូមិ​បាញ់​ឆ្គោ​ល ស្ថិតនៅ​ក្នុង​ឃុំ​ជ្រៃ​បាក់ សព្វ​ថ្ងៃ​នេះ។

ចំពោះ​ប្រវត្តិ​នៃ​រឿងព្រេង​និទាន​ពី​បុរាណ ទាក់ទង​នឹង​ឈ្មោះ​ភូមិ ឃុំ ខាង​លើ​នេះ គ្រាន់តែ​ជាការ​និយាយ​តៗ​គ្នា របស់​ចាស់ៗ​នៅ​ក្នុង​មូលដ្ឋាន​ខាង​លើ​នេះ​តែប៉ុណ្ណោះ។ ត្រង់​ថា​ ការ​និទាន​រឿងព្រេង​ខាង​លើ​នេះ​របស់​ចាស់ៗ​ជា​ការ​ពិត ឬ​យ៉ាងណា​នោះ​ គ្មាន​អ្នកណា​អះអាង​ឡើយ និង​ក៏​គេ​មិន​ដឹង​ថា មាន ឬ​គ្មាន​ការ​កត់ត្រា​រឿង​នេះ នៅ​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​នោះ​ឡើយ៕
ឈៀង ថា​រិ​ទ្ធ




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114