BREAKING NEWS
Search

កូរ៉េខាងត្បូងផ្ដល់ជំនួយថវិកា ៥,៧ លានដុល្លារ ដល់កូរ៉េខាងជើង

តាមទិន្នន័យរបស់អង្គការសហប្រជាជាតិបានបង្ហាញកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូងបានផ្តល់ជំនួយមនុស្សធម៌ចំនួន ៥,៧ លានដុល្លារសម្រាប់ប្រទេសកូរ៉េខាងជើង ដើម្បីជួយប្រទេសនេះលើផ្នែកសេវាភាពសុខភាពសាធារណៈ និងស្តារតំបន់ដែលរងផលប៉ះពាល់ពីព្យុះទីហ្វុង។

យោងតាមទិន្នន័យដែលត្រូវបានចេញផ្សាយដោយការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់សហរដ្ឋអាមេរិកបានអោយដឹងថា ប្រទេសកូរ៉េខាងត្បូងបានប្រគល់ថវិកាចំនួន ៤ លានដុល្លារដល់អង្គការសុខភាពពិភពលោក (WHO) និង ១,៧ លានដុល្លារទៀតដល់សមាគមកាកបាទក្រហម។

ចំនួនទឹកប្រាក់សរុបចំនួន ៧,៧៥ លានដុល្លារ ដែលបានបរិច្ចាគដល់កូរ៉េខាងជើងនៅឆ្នាំនេះរួមមានការបរិច្ចាគ ៥,៧ លានដុល្លាររបស់កូរ៉េខាងត្បូង ១,៣៥ លានដុល្លាររបស់ប្រទេសស្វីស និង ៦៧ម៉ឺនដុល្លាររបស់ប្រទេសអាឡឺម៉ង់។

ប្រទេសកូរ៉េខាងត្បូងបានបង្ហាញផែនការកាលពីខែមុនក្នុងការផ្តល់ប្រាក់ដើម្បីជួយកូរ៉េខាងជើងក្នុងការជួសជុលទីតាំងដែលរងការវាយប្រហារដោយព្យុះទីហ្វុងនៅខេត្ត Pyongan និងខេត្ត Hamgyong ដើម្បីបង្កើនការត្រៀមបង្ការគ្រោះមហន្តរាយរបស់ប្រជាជនកូរ៉េខាងជើង។

មុននេះរដ្ឋាភិបាលកូរ៉េខាងត្បូងក៏បាននិយាយផងដែរថា ខ្លួននឹងបរិច្ចាគថវិកាចំនួន ៥ លានដុល្លារដល់អង្គការសុខភាពពិភពលោកសម្រាប់គម្រោងមនុស្សធម៌ ដើម្បីបង្កើនលទ្ធភាពទទួលបានការព្យាបាលផ្នែកវេជ្ជសាស្ត្រសម្រាប់ស្ត្រីនិងកុមារនៅកូរ៉េខាងជើង៕

 

ចុចអាន៖ ​ស្ត្រីកូរ៉េ​ខាង​ជើង​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ ក្រោយ​ជួយ​សង្គ្រោះ​កូន​ចេញ​ពី​ភ្លើង តែ​មិន​យក​រូបថត​លោក គីម ជុងអ៊ីល​ចេញ​ផង

 ចុចអាន៖ លោក Kim Jong-un ដ៏ហុឺហារក្នុងខ្សែភ្នែក​សារព័ត៌មាន​អន្តរជាតិ

 

ប្រែសម្រួល៖ សន្យា