BREAKING NEWS
Search

ក្រសួងពាណិជ្ជកម្ម ជូនដំណឹង ស្ដីពី​ការរៀបចំ​ទិវា​ជាតិ​លើកកម្ពស់​ការប្រើប្រាស់​ផលិតផល​ខ្មែរ លើក​ទី​៣​ នៅ​ខេត្ត​បន្ទាយមានជ័យ

ភ្នំពេញ ​៖​ ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្ដីជូនដំណឹង​ដល់​សាធារណជន​ទូទៅ ស្ដីពី​ការរៀបចំ​ទិវា​ជាតិ​លើកកម្ពស់​ការប្រើប្រាស់​ផលិតផល​ខ្មែរ លើក​ទី​៣ ក្នុង​ឱកាស​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៥ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​០៩-១២ ខែ​មេសា ឆ្នាំ​២០២០ នៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ​។​

យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ចុះ​ថ្ងៃទី​១៤​មករា បាន​ឲ្យ​ដឹង​ថា ក្នុង​យុទ្ធ​សាស្ត្រ​ជួយ​ជំរុញ និង​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​ឲ្យ​មានការ​ទទួលស្គាល់ និង​ចូលរួម​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំងប្រទេស ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ​ទិវា​ជាតិ​លើកកម្ពស់​ការ​ប្រើ​ប្រាស់​ផលិតផល​ខ្មែរ លើក​ទី​៣ ក្នុងឱកាស​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ ព្រហស្បតិ៍ ២​រោច ដល់​ថ្ងៃអាទិត្យ ៥​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៩-១២ ខែមេសា ឆ្នាំ​២០២០ នៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ។

​ក្រសួង​បាន​បន្ថែមថា ការរៀបចំ​ពិព័រណ៍​នេះ ក្នុង​គោលបំណង​ទូង​ស្គរ​ពញ្ញាក់​ស្មារតី មហាជន​ទូទៅ​ងាក​មក​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ឲ្យ​បាន​ច្រើន​ជា​អតិបរមា ជាពិសេស ដើម្បី​ជំរុញ​ការងារ​ចលនា​ភូមិ​១ ផលិតផល​១ ឲ្យ​មាន​សន្ទុះ​ខ្លាំងក្លា និង​សមិទ្ធផល​ធំធេង​ស្របតាម​គោល​នយោបាយ​ជាតិ​ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១ ដោយ​ជំរុញ​ការ​ផ្សព្វផ្សាយ និង​ប្រើប្រាស់​ផលិត​ផល​ខ្មែរ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ថ្នាក់​មូលដ្ឋាន​។ ក្រសួងពាណិជ្ជកម្ម នឹង​ប្រមូល​កៀរគរ​ផលិតផល​ខ្មែរ​មានគុណ​ភាព​ខ្ព​ស់មាន​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់ មានការ​វេច​ខ្ចប់​បានល្អ​ត្រឹមត្រូវ អនុលោម​តាម​ស្តង់ដារ​ផលិតកម្ម​ពី​គ្រប់ទិសទី​នៅ​ទូទាំងប្រទេស​មក​ដាក់​តាំង​បង្ហាញ និង​ស្វែងរក​ដៃគូ​យក​ទៅ​លក់​បន្ត​។​

​អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ ក្រសួងពាណិជ្ជកម្ម ​សូម​អញ្ជើញ លោក​-​លោកស្រី ដែល​មាន​បំណង​ចូលរួម​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​នេះ សូម​ប្រញាប់​រួសរាន់​មក​ដាក់ពាក្យ​ចូលរួម ព្រោះ​ចំនួន​ស្តង់​មាន​កំណត់​។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម សូម​អញ្ជើញ​សាធារណជន​ទូទៅ​ចូលរួម​ទស្សនា និង​គាំទ្រ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​កុំបី​ខកខាន​ឡើយ​។​ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ដែល​មាន​ទីតាំង​ស្ថិតនៅ​ជាន់​ទី​ពីរ​ នៃ​អគារ ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម អាសយដ្ឋាន​ ៖ ដី​ឡូត៍ លេខ ១៩-៦១ មហាវិថី​សហព័ន្ធរុស្ស៊ី ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ​ទូរសព្ទ​ទាក់ទង ​៖ ០៧៧ ៣៣៩ ៤៣៩ ឬ ០៨៧ ៧៥៥ ៥៥១ ឬ ០៧៧ ៣៣២ ២៣៣ ឬ ០១៧ ៤៩៥ ០៩១​អាសយដ្ឋាន​អ៊ីមែល​ ៖ neary86@gmail.com ឬ vuthakep@yahoo.com ឬ​kdi_mpp@yahoo.com​៕

 
អត្ថបទ ៖ ឌួង​វិ​រះ​ជ័យ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114