BREAKING NEWS
Search

ភ្នំពេញ​ក្រោ​ន ចាញ់ Kedah ក្នុង​ពាន Smart RSN Cup ប៉ុន្តែ​គ្រូបង្វឹក​នៅតែ​ពេញចិត្ត​ចំពោះ​ការប្រកួត​

ការប្រកួត​ដណ្ដើម​ពានរង្វាន់​មិត្តភាព​បែប​អន្តរជាតិ ឈ្មោះថា Smart RSN Cup 2020 ដែល​រៀបចំឡើង​ដោយ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​បញ្ចប់​ជា​ផ្លូវការ កាលពី​យប់​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២០ នៅ​កីឡដ្ឋាន​ស្មា​ត​អរ​អេស​អិន (Smart RSN) ដោយ​ក្រុម​ភ្ញៀវ​មកពី​ម៉ាឡេស៊ី Kedah FA បាន​លើក​ពាន​នេះ ក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ ២-១​។​

ការប្រកួត​ដ៏​ជក់ចិត្ត​នៅ​ប្រកួត​ នៃ​ពានរង្វាន់​នេះ រវាង​ក្រុម​ទាំងពីរ បាន​ចាប់ផ្ដើម​ដោយ​នៅ​វគ្គ​ទី​១ មាន​ឱកាស​ម្រុ​ក​គ្នា​ទៅវិញទៅមក​ជាខ្លាំង ប៉ុន្តែ​ពុំមាន​គ្រាប់​បាល់​កើតឡើង​ឡើយ រហូតដល់​វគ្គ​ទី​២ ទើប​ក្រុម​ភ្ញៀវ Kedah FA អា​ចរក​គ្រាប់​បាល់​នាំ​មុខមុន ២​គ្រាប់ នៅ​នាទី​៦៧ ដោយ​កីឡាករ Kipre Tchetche និង​នៅ​នាទី​៧៦ ដោយ​កីឡាករ Azman Hadin មុននឹង​កីឡាករ លឹម ពិសុទ្ធ របស់​ភ្នំពេញ​ក្រោ​ន សង​វិញ​បាន​មួយ​គ្រាប់​នៅ​នាទី​៨៧ ប៉ុន្តែ​បាន​រក្សា​លទ្ធផល​បែបនេះ ដល់​ចប់ ៩០​នាទី​ពេញ នាំ​ឲ្យ Kedah FA លើក​ពានរង្វាន់​នេះ ក្រោយ​ឈ្នះ ២​ប្រកួត​ជាប់ៗ​គ្នា រកបាន ៦​ពិន្ទុ (​ឈ្នះ អង្គ​រថា​យ​ហ្គឺ​រ ១-០ ឈ្នះ​ភ្នំពេញ​ក្រោ​ន ២-១)​។​

ក្រោយ​ចប់​ការប្រកួត​ពានរង្វាន់​នេះ ដោយបាន​ត្រឹម​លេខ​២ ក៏ពិតមែន ក៏​ លោកគ្រូ​បង្វឹក ស៊ុំ វណ្ណា បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ថា ជា​បទពិសោធន៍​ល្អ​មួយ​របស់​ក្រុម​លោក​ក្នុងការ​ត្រៀមខ្លួន​នៅ​លី​គ​កំពូល​កម្ពុជា​ដែល​នឹង​ខិតជិត​មកដល់​នា​ដើមខែ​ក្រោយនេះ​។ លោក ស៊ុំ វណ្ណា បាន​និយាយថា​ ៖ « វា​គឺជា​ឱកាសល្អ​មួយ​សម្រាប់​យើង​ក្នុង​ការលេង​ជាមួយ​ក្រុម​ជម្រើស​ទីមួយ ដែល​ត្រៀម​លេង​ក្នុង​ពានរង្វាន់ AFC Champions League 2020 អ្វីៗ​ទាំងអស់​គឺ​យើង​មានការ​រៀបចំ​ល្អ និង​ទៅតាម​គម្រោង​ដែល​យើង​បាន​ត្រៀម​ទុក ប៉ុន្តែ​អ្វីដែល​យើង​ធ្វើ​មិនបាន​ល្អ​នោះ​គឺ​ពេលវេលា ​នៃ​ការ​ផ្លាស់ប្ដូរ​គ្នា​លេង​នៅ​តំបន់​ប្រយុទ្ធ ដោយ​ពួកគេ​ត្រូវតែ​មានការ​ចល័ត​ខ្លួន និង​ការបញ្ចប់​ទី​ឲ្យ​បានល្អ​ជាងនេះទៅទៀត ព្រោះ​ជាក់ស្តែង​នៅ​វគ្គ​ទីមួយ​ពួកយើង​ក៏មាន​ឱកាស​ច្រើន​ដូច​ក្រុម​របស់​ពួកគេ​ដែរ​»​។​

ដោយឡែក លោក Aidil Sharin គ្រូបង្វឹក​របស់​ក្រុម​ជើងឯក Kedah FA វិញ​ក៏បាន​លើកឡើង​ផង​ដែរ​ថា កូនក្រុម​លេង​បាន​យ៉ាង​ល្អ​ពីមួយ​ប្រកួត តែ​ក៏​ទទួលស្គាល់​ក្រុម​កម្ពុជា ក៏​កើន​សមត្ថភាព​គួរ​សម្គាល់ ធ្វើ​ឲ្យ​ការប្រកួត​នីមួយៗ​ពិតជា​តានតឹង​។​

លោក Aidil Sharin ៖ «​ខ្ញុំ​គិតថា យើង​ធ្វើ​បានល្អ​ពី​ប្រកួត​ទៅមួយ​ប្រកួត​។ គ្រប់ការ​ប្រកួត​ទាំងអស់​សុទ្ធតែ​លំបាក ហើយ​យើង​ដឹងថា ក្រុម​កម្ពុជា​ទាំងអស់​សុទ្ធតែ​មានការ​រីកចម្រើន​។ ភ្នំពេញ​ក្រោ​ន​ពិតជា​ធ្វើ​បានល្អ ធ្វើ​ឲ្យ​ការប្រកួត​រឹតតែ​កក្រើក ហើយ​អ្វី​សំខាន់​ទៀត​នោះ គឺ​យើង​អាចធ្វើ​បាន​តាម​គោលដៅ​របស់​យើង ទៅតាម​ការតាំង​ចិត្តរ​បស់​ក្រុម​។ យើង​សង្ឃឹមថា នឹង​អាច​បានមក​ទីនេះ​ប្រកួត​គ្នា​ម្ដងទៀត​»​។

គួរ​បញ្ជាក់ថា Kedah FA បានបញ្ចប់​កម្មវិធី Pre-Season របស់ខ្លួន នៅលើ​ទឹកដី​កម្ពុជា​ហើយ ដោយ​បញ្ចប់​ជាមួយ​លទ្ធផល​ការប្រកួត​មិត្តភាព​អន្តរជាតិ ៥​ប្រកួត រួមមាន​ឈ្នះ​វិសាខា ១-០, ចាញ់​ណាហ្គា​វើ​ល​ដ៏ ៣-២, ឈ្នះ​បឹងកេត ៤-១ រួមទាំង​ប្រកួត​ពាន​មិត្តភាព​អន្តរជាតិ Smart RSN Cup 2020 ដោយបាន​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ១-០ និង​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន ២-១៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114